ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប ប្រើពេល៤ឆ្នាំនៅកម្ពុជា ពង្រីកក្រុមហ៊ុនជាបុត្រសម្ព័ន្ធ កើនដល់៣០ក្រុមហ៊ុន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ — វត្តមានជាង៤ឆ្នាំនៅកម្ពុជា ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេត គ្រុប បានពង្រីកក្រុមហ៊ុន​ជាបុត្រ សម្ព័ន្ធរបស់ខ្លួនរហូតដល់៣០ក្រុមហ៊ុន និងបានពង្រីកទំហំវិនិយោគកើនដល់៤ពាន់​លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៩នេះ។ លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប ថ្លែងនៅក្នុងពិធី​អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីពេលថ្មីៗនេះថា ជាការពិតណាស់ វត្តមាន របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត នៅក្នុងទីផ្សារអចលនទ្រព្យ​នៅកម្ពុជានាពេលនេះ គឺកើតចេញពីគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ របស់ចិន ដែលបានបើកឱកាស និងលើកទឹក ចិត្តឱ្យមានការវិនិយោគជាច្រើនពីវិនិយោគិនចិន មកកាន់​ប្រទេសកម្ពុជា។ លោកបានបញ្ជាក់ថា ការរសម្រេចបោះទុនវិនិយោគលើគម្រោងអចលន​ទ្រព្យ​​ក្នុងប្រទេសកម្ពុជានេះគឺដោយសារក្រុមហ៊ុនបានមើលឃើញពីការរីកចម្រើនយ៉ាង​លឿន​​ នៃកំណើតសេដ្ឋកិច្ចរបស់កម្ពុជា ធៀបនឹងប្រទេសក្នុងតំបន់ ដោយក្នុងនោះ វិស័យ​សំណង់ បាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ហើយ​វិស័យ​នេះ ក៏កំពុងទាមទារឱ្យមានការបំពេញបន្ថែម ឱ្យបានច្រើនផងដែរ ដើម្បីឆ្លើយតបទៅនឹង​តម្រូវការ។ លោកបន្តថា រយៈពេលជាង៤ឆ្នាំរបស់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនៅ ក្នុង​ប្រទេសកម្ពុជា ក្រុមហ៊ុន បានបោះទុនវិនិយោគសរុបប្រមាណជាង ៤ពាន់លានដុល្លារ​អាម៉េរិកទៅលើគម្រោងអគារខុនដូធំៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយ ក្នុងនោះ គម្រោងធំៗចំនួនបី បាននឹងកំពុងលេចជារូបរាងបណ្ដើរៗហើយក្នុង រាជធានីភ្នំពេញ និងបីគម្រោងធំៗទៀត ក៏បាននឹងកំពុងវិនិយោគនៅខេត្តព្រះសីហនុផង ដែរ។ លោកបន្ដទៀត​ថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងរយៈពេល១០ឆ្នាំបន្ទាប់ ក្រុមហ៊ុន នឹងបង្កើនទុនវិនិយោគ ឱ្យបាន២០ពាន់លានដុល្លារបន្ថែមទៀតក្នុងឧស្សាហកម្មសំណង់ នៅកម្ពុជា ខណៈបច្ចុប្បន្ន ក្រុមហ៊ុន បានប្រមូលទិញដីទុក សម្រាប់ធ្វើការវិនិយោគទាំងនៅ រាជធានីភ្នំពេញ ខេត្ត​ព្រះសីហនុ និងសៀមរាប ជាច្រើនទីតាំងផងដែរ។ បន្ថែមពីលើកនេះ លោកក៏លើកឡើងថា ក្រៅពីវិនិយោគនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត ក៏បានបង្កើតជាមូល​និធិសប្បុរ​ស​ធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋជួបការលំបាក នៅកម្ពុជា ផងដែរ ដោយអំណោយនោះ បានមកពីចំណែកលក់ខុនដូនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត សុក ស៊ីផាណា ជាទីប្រឹក្សារដ្ឋាភិបាល និងជាអ្នកជំនាញផ្នែកច្បាប់ បានមានប្រសាសន៍ថា “គោលនយោបាយមួយនេះ ពិតជាបានជំរុញឱ្យ វិនិយោគិនចិន បាន បោះទុន ដោយផ្ទាល់មកកាន់ប្រទេសកម្ពុជា តួយ៉ាង ដូចជាមានការអភិវឌ្ឍយ៉ាងសម្បើមទៅ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពល”។

គួរបញ្ជាក់ថា ជាលទ្ធផលគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយនេះ បាននាំឱ្យ មានគម្រោងផ្លូវល្បឿនលឿនចម្ងាយប្រមាណ១៩០គីឡូម៉ែត្រ ដែលតភ្ជាប់ពីខេត្តព្រះសីហនុ មកកាន់ក្រុងភ្នំពេញ ខណៈការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅ ក្នុងខេត្ត ព្រះសីហនុ កាន់តែមានកំណើនច្រើនឡើងៗ៕

ដោយ ម៉ៅ ចរិយា