វត្ដសំរោងអណ្ដែត​ ធ្វើការសងគុណដល់ចាស់ព្រឹទ្ធាចារ្យក្រោយបញ្ចប់ចូលឆ្នាំ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន​ បូណា​ ៖


វត្តសំរោងអណ្តែត​ ធ្វើការសងគុណដល់ចាស់ព្រឹទ្ធាចារ្យក្រោយបញ្ចប់ចូលឆ្នាំបន្ទាប់ពីពួកគាត់បានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យព្រះពុទ្ធសាសនា។

ព្រះចៅអធិការវត្ត សុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត ព្រះសាក្យមុនី រ័ត្ន សារឿន សមាជិកថេរសភាព្រះ ពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណខណ្ឌសែនសុខ មានពុទ្ធដីកាថា ចាស់ ព្រឹទ្ធាចារ្យនៅកម្ពុជា ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ធ សាសនា ដែលចាំបាច់ត្រូវតែមានការតបស្នងសងគុណចំពោះពួកគាត់វិញ។ ព្រះអង្គបន្តថា វត្តសំរោងអណ្តែត តែងតែធ្វើពិធីស្រោចស្រពសុគន្ធវារីជូនដល់ចាស់ព្រឹទ្ធាចារ្យនៅក្រោយ ពេលបុណ្យឆ្នាំខ្មែរម្តងៗជារៀងរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ព្រះសាក្យមុនី រ័ត្ន សារឿន បានមានសង្ឃដីបន្តទៀតថា ចាស់ព្រឹទ្ធាចារ្យបានផ្តល់នូវគំរូវីរៈភាពសព្វបែប យ៉ាងដល់កូនចៅជំនាន់ក្រោយ​ ដើម្បីឲ្យយុវជន យុវតី ដែលជាទំពាំងស្នងឫស្សីត្រូវរៀន សូត្រតាមអំពើល្អរបស់លោក ឲ្យតម្លៃចំពោះការគិតត្រូវ ការធ្វើត្រូវ របស់មនុស្សចាស់ ដើម្បីធ្វើអោយសង្គមជាតិទាំងមូលមានសន្តិភាព មានក្រមសីលធម៌ក្នុងការរស់នៅ និងមានការ អភិវឌ្ឍរីកចំរើននៅលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ៕