រដ្ឋមន្ត្រី UAE ស្វាគមន៍ការគាំទ្ររបស់លោក ត្រាំ ដល់ក្រុមចម្រុះអារ៉ាប់ក្នុងប្រទេសយេម៉ែន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ — ប្រទេសអេមីរ៉េត អារ៉ាប់រួម ( UAE ) កាលពីថ្ងៃពុធនេះបានស្វាគមន៍ការធ្វើវេតូ របស់ប្រធានាធិបតី អាម៉េរិកលោក ដូណាល់ ត្រាំ (  Donald Trump ) ចំពោះដំណោះស្រាយសភាមួយដែលស្វែងរកធ្វើការបញ្ចប់ ការចូលរួមរបស់អាម៉េរិកក្នុងប្រទេសយេម៉ែន ។

ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស  UAE លោក Anwar Gargash បាននិយាយនៅលើ Twitter  កាលពីព្រឹកថ្ងៃពុធនេះថា ការអះអាងរបស់លោក ត្រាំ នូវការគាំទ្រក្រុមចម្រុះអារ៉ាប់ ក្នុងប្រទេសយេម៉ែន គឺជាសញ្ញាជាវិជ្ជមានមួយ នៃការតាំងចិត្តរបស់អាម៉េរិកចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ។

លោកបាននិយាយបន្ថែមថា ផលប្រយោជន៍ជាយុទ្ធសាស្ត្ររួម គឺប្រសើរបំផុត ដែលបានធ្វើឡើង ជាមួយនឹងការសន្យាយ៉ាងច្បាស់លាស់នេះ ។

លោករដ្ឋមន្ត្រីបានពណ៍នាការសម្រេចនេះថា ទាន់ពេលវេលានិងជាយុទ្ធសាស្ត្រដោយនិយាយថា ក្រុមចម្រុះអារ៉ាប់ នឹងបន្តធ្វើការងារដោយគ្មានការធ្វើឱ្យរំខានដើម្បីគាំទ្រដល់សន្តិភាពតាមរយៈកិច្ចព្រមព្រៀងក្រុងស្តុកខុល ដែលដឹកនាំដោយ អ.ស.ប  ព្រមទាំងការសន្យារបស់ខ្លួនដល់មធ្យោបាយមនុស្សធម៌ និងនយោបាយនៃវិបត្តិយេម៉ែន ។

កាលពីថ្ងៃអង្គារ លោក ត្រាំ បាវ៉េតូ ដំណោះស្រាយសភាមួយ ដែលអំពាវនាវឱ្យបន្ចប់ការគាំទ្រ របស់អាម៉េរិកដល់សង្គ្រាមរបស់ក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងប្រទេសយេម៉ែន ។

នៅក្នុងសេចក្តីថ្លែងការណ៍វ៉េតូមួយទៅកាន់ព្រឹទ្ធសភាអាម៉េរិក លោក ត្រាំ បានហៅដំណោះស្រាយនោះថា ជាការប៉ុនប៉ង ដែលមិនចាំបាច់ប្រកបដោយគ្រោះថ្នាក់មួយ ដើម្បីធ្វើឱ្យចុះខ្សោយដល់អំណាចតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្ញុំ ដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋអាម៉េរិក និងបុគ្គលិកយោធាដ៏ក្លាហាន៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )