ការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង ទៅប្រទេសរុស្ស៊ី​នាសប្តាហ៍ក្រោយ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩​ — កាសែតមួយរបស់ប្រទេសរុស្ស៊ីបានដកស្រង់ប្រភពក្រសួងការបរទេសមួយដែល​និយាយថា ការត្រៀមរៀបចំកំពុងធ្វើឡើងសម្រាប់ជំនួបកំពូលរវាងប្រធានាធិបតី​លោក វ្ល៉ាឌីមៀរ​ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន នាសប្តាហ៍ក្រោយ​ខណៈដែល​ទូរទស្សន៍ជប៉ុនមួយបានរាយការណ៍ពិធីសាររបស់លោកប្រធាន គីម បានស្ថិតនៅទីក្រុង Vladivostok នៃប្រទេសរុស្ស៊ី។

យោងតាមប្រភពព័ត៌មានពីក្រសួងការបរទេសរបស់ទីក្រុងមូស្គូបានឱ្យដឹងថា កិច្ចប្រជុំ​កំពូលលើកដំបូងរវាងមេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅទីក្រុង វ៉ាលីវីវស្តុក ​មុនដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសចិន សម្រាប់សន្និសីទអន្តរជាតិ​ចាប់ពី​ថ្ងៃទី២៦ដល់២៧ ខែមេសាខាងមុខនេះ។

ទីភ្នាក់ងារព័ត៌មាន RIA Novosti ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូក៏បានឱ្យដឹង​ផងដែរ​ថា​ អគារនៃសាកលវិទ្យាល័យ Far Eastern Federal មួយ នៅក្នុងទីក្រុង Vladivostok ត្រូវបានគេបិទ​នៅក្នុងសញ្ញានៃការរៀបចំសម្រាប់កិច្ចប្រជុំកំពូលនេះ។

ទីភ្នាក់ងារព័ត៌មាននេះបាននិយាយថា មជ្ឈមណ្ឌលថតចម្លងមួយនៅក្នុងបរិវេណ​សាលា បានចេញសេចក្តីប្រកាសមួយដោយនិយាយថា ហាងនេះនឹងត្រូវបានបិទពីថ្ងៃទី ១៧ ដល់២៤ ខែមេសា ដោយសារតែដំណើរទស្សនកិច្ចរបស់លោក គីម។ យោងតាមរបាយការណ៍​បានឱ្យដឹងថា មជ្ឈមណ្ឌលកីឡាមួយនៅក្នុងអគារដដែលនេះបានឱ្យដឹងថា វានឹងត្រូវបានបិទផងដែរចាប់ពីថ្ងៃទី ១៧-៣០ ខែមេសាសម្រាប់ហេតុផល     បច្ចេកទេស។

មន្ត្រីសាកលវិទ្យាល័យម្នាក់បានបញ្ជាក់ប្រាប់សារព័ត៌មាន RIA Novosti ថា រាល់ទីតាំង​នានា​នៅក្នុងបរិវេណអគារនេះ នឹងត្រូវបិទទ្វារដើម្បីរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់​លោក ពូទីន និងកិច្ចប្រជុំកំពូលរបស់លោកជាមួយលោក គីម។

ប្រសិនបើកិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅមែននោះ វានឹងជាកិច្ចប្រជុំលើកដំបូងរវាង​មេដឹកនាំនៃប្រទេសទាំងពីរក្នុងរយៈពេល៨ឆ្នាំ  បន្ទាប់ពីឪពុកចុងរបស់លោក គីម អតីតមេដឹក នាំលោក គីម ជុង-អ៊ីល បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី មីឌេដេវ កាលពីឆ្នាំ ២០១១ ។

ការរំពឹងទុកអំពីការធ្វើដំណើររបស់លោក គីម ទៅកាន់ប្រទេសរុស្ស៊ី​បានទទួលការចាប់​អារម្មណ៍​ បន្ទាប់ពីការប្រកាសពីដំណើរទស្សនកិច្ចរបស់​បេសកជននុយក្លេអ៊ែររបស់អាម៉េរិក លោក Stephen Biegun ទៅកាន់ក្រុងមូស្គូនៅសប្តាហ៍នេះ។

លោក គីម ដែលទទួលបន្ទុកជាប្រធានរៀបចំភស្តុភារសម្រាប់ធ្វើដំណើរទស្សកិច្ច​នៅ​បរទេសរបស់មេដឹកនាំបានធ្វើទស្សនកិច្ចផងដែរ​ទៅកាន់ទីក្រុងមូស្គូ និង​ទីក្រុងវ្ល៉ាឌីវ៉ូស្តុក ​កាលពីខែមីនា កន្លងទៅ។

ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលរុស្ស៊ី សារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុនបាន​និយាយថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយរូបបានស្ថិតនៅទីក្រុងវ៉ាលីវីវស្តុក​ ហើយថា ប្រទេស​រុស្ស៊ីកំពុងរៀបចំ​ទទួល​មេដឹកនាំ​កូរ៉េខាងជើងនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍​ក្រោយ​នេះ។

( ប្រភព យន់ហាប់:  បកប្រែដោយលោក មាស សំអុល  )