បណ្តាទីភ្នាក់ងារសារព័ត៌មាននៅអាស៊ីប៉ាស៊ីហ្វិកចែករំលែក បទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩​ — សមាជិកនៃអង្គការទីភ្នាក់ងារសារព័ត៌មានអាស៊ី – ប៉ាស៊ីហ្វិក (OANA) បានសម្តែងការព្រួយបារម្ភអំពីការផ្សាយព័ត៌មានក្លែងក្លាយ និងផលប៉ះពាល់អវិជ្ជមានទៅលើសង្គម ហើយសមាជិកទាំងនោះបានចែករំលែកវិធានការនានាដើម្បីជួយដល់ទីភ្នាក់ងារសារព័ត៌មាន និងសាធារណជនដើម្បីធ្វើការត្រួតពិនិត្យព័ត៌មានការពិត នៅក្នុងឱកាសនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល OANA លើកទី ៤៤ ដែលរៀបចំឡើងដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែមេសា។

លោក Mikhail Gusman អនុប្រធានទីមួយនៃទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានសង្កត់ធ្ងន់ថា វាគឺជាពេលវេលាដើម្បីប្រើប្រាស់អត្ថប្រយោជន៍ទាំងអស់ដើម្បីបង្កើតយន្តការក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

លោកបានស្នើថា ជំហានដំបូងយើងនឹងត្រូវបង្កើតទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធក្នុងចំណោមទីភ្នាក់ងារសារព័ត៌មាន ហើយបើអាចធ្វើទៅបានយើងនឹងបង្កើតជាសម្ព័ន្ធភាពតាមប្រពៃណីដូចជា OANA ជាដើម។ លោកបានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការផ្តល់និយមន័យឱ្យបានច្បាស់លាស់នៃពាក្យ «ព័ត៌មានក្លែងក្លាយ» រួមជាមួយគតិយុត្តិ និងបទបញ្ជាច្បាប់។

យោងទៅតាមលោក Gusman បានឱ្យដឹងថា OANA មិនត្រឹមតែជាទីភ្នាក់ងារសារព័ត៌មានដើម្បីចែករំលែកបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវធ្វើការសម្រេចចិត្តសំខាន់ៗដែលប៉ះពាល់ដល់ស្ថេរភាពនៃសារព័ត៌មានសកលលោកផងដែរ។

នៅពេលដែលទីភ្នាក់ងារសារព័ត៌មាន TASS ត្រូវបានចាត់តាំងធ្វើជាប្រធាន OANA ក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ OANA ត្រូវបានដាក់ចេញដោយមានការគាំទ្រពីសមាគមសារព័ត៌មានអូស្ត្រាលី (AAP) ដែលកំណត់ការទទួលខុសត្រូវចំពោះភាពត្រឹមត្រូវនៃសារព័ត៌មាន រួមទាំងសារព័ត៌មានរូបថត និងវីដេអូ ហើយហាមឃាត់ចំពោះការបោះពុម្ភផ្សាយសារព័ត៌មានដែលអាចជំរុញឱ្យមានសកម្មភាពរបស់ក្រុមភេរវកម្ម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)