អាហ្វហ្កានីស្ថានបង្កើតគណៈប្រតិភូមួយមានសមាជិក២៥០ រូប ដើម្បីចរចាជាមួយពួកតាលីបង់នៅទីក្រុងដូហា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ — សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រធានាធិបតីបាននិយាយពីថ្ងៃអង្គារថា រដ្ឋាភិបាលអាហ្កានីស្ថានរៀបចំបញ្ជីឈ្មោះមនុស្ស២៥០រូប ដែលរួមមានស្ត្រី, ឥស្សរជននយោបាយ និងពួកមន្ត្រីរដ្ឋាភិបាលខ្លះ ដើម្បីទៅចូលរួមកិច្ចចរចាសន្តិភាពនាពេលខាងមុខជាមួយពួកអ្នកតំណាងតាលីបង់ក្នុងទីក្រុងដូហា រដ្ឋធានីប្រទេសកាតា ដែលគេរំពឹងថា នឹងបើកធ្វើនៅថ្ងៃសុក្រ ។

តាមសេចក្តីថ្លែងការណ៍នោះឱ្យដឹងថា គណៈប្រតិភូ ដែលនឹងរួមមានពួកអ្នកតំណាងមកពីគណបក្សនយោបាយ , ពួកមេដឹកនាំជីហាដ ,​ពួកអ្នកប្រាជ្ញាខាង សាសនា , គ្រួសាទុក្ករបុគ្គល , ក្រុមប្រឹក្សាសន្តិភាពរបស់រដ្ឋាភិបា, សមាជិកសភា, សង្គមស៊ីវិល , ស្ត្រី , យុវជន , អ្នកកាសែត ,​ពួកមន្ត្រីរដ្ឋាភិបាល ព្រមទាំង ចាស់ព្រឹទ្ធាចារ្យកុលសម្ព័ន្ធ  ។

សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា ជំនួយការរបស់ប្រធានាធិបតី លោក អាស្រាហ្វហ្គានី           ( Ashraf Ghani ) គឺលោក អាមរូឡា ប្រធានការិយាល័យរដ្ឋបាលប្រធានាធិបតី លោក អាប់ឌុល វ៉ាហ៊ីដ      កាតាលី , អ្នករិះគន់រដ្ឋាភិបាលយ៉ាងសំខាន់លោក អាតា ម៉ូហាម៉ាដនូរ , អ្នកប្រកួតប្រជែងតំណែង ប្រធានាធិបតី ឯករាជ្យលោក ហានីហ្វ អាត្មា និងអ្នកតែងតាំងធ្វើជាអនុប្រធានរបស់ លោក គឺលោក យូនូសកានូនី ក៏ដូចជារដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីខ្លះ ក៏មាននៅក្នុងបញ្ជីឈ្មោះនេះផងដែរ​ ។

លោក ម៉ូហាម៉ាដ ខាន់ និង លោក ម៉ូហាម៉ាដ ម៉ូហាកកិក ដែលទាំងពីរនាក់ជាជំនួយការប្រមុខប្រតិបត្តិរដ្ឋាភិបាល រួបរួមជាតិលោក អាប់ឌុលឡា អាប់ឌុលឡា ក៏ជាសមាជិក គណៈប្រតិភូនេះផងដែរ ។

អ្នកនាំពាក្យប្រធានាធិបតី ហ្គានី លោក ហារុន ចាខាន់ស៊ីរី បានប្រាប់សន្និសីទសារព័ត៌មានមួយថា បញ្ជីឈ្មោះនេះ បានបង្ហាញនូវគណៈប្រតិភូមួយដែលមានសមាជិកគ្រប់ផ្នែកទាំងអស់នៃសង្គមអាហ្វហ្កានីស្ថាន ។

ការសន្ទនាក្នុងរង្វង់ពួកអាហ្វហ្កានីស្ថានគេបម្រុងធ្វើពីថ្ងៃទី១៩ ដល់ថ្ងៃ២១ ខែមេសា នេះ ក្នុងទីក្រុង   ដូហារ ដើម្បីស្វែងរកដំណោះស្រាយតាមការចរចាគ្នាមួយចំណោះសង្គ្រាមនិងជម្លោះស៊ីវិល ដែលបានអូសបន្លាយរបស់ប្រទេសអាហ្វហ្កានីស្ថាន៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )