ប្រជាជនឥណ្ឌូណេស៊ី ចាប់ផ្តើមបោះឆ្នោតប្រធានាធិបតីនិងសភា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ — ពួកអ្នកបោះឆ្នោតក្នុងប្រទេសឥណ្ឌូណេស៊ីនេះបានចាប់ផ្តើមធ្វើការបោះឆ្នោតនៅថ្ងៃពុធនេះ នៅពេលដែលស្ថានីយបោះឆ្នោតនានា បានបើកនៅខាងកើតនៃប្រទេសប្រជុំកោះដ៏ធំល្វឹងល្វើយនេះ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ព្រមទាំងសមាជិកសភា​ ។

ពួកអ្នកបោះឆ្នោតក្នុងខេត្តប៉ាពួ នៅភាគខាងកើតបានឈរបន្តគ្នាដើម្បីធ្វើការបោះឆ្នោតរបស់ពួកគេនៅម៉ោង ៧ ព្រឹកម៉ោងក្នុងស្រុកដែលមានរយៈពេល ២ម៉ោង មុននៅក្រុងហ្សាការតា ។ ការប្រកួតប្រជែងគ្នា សម្រាប់ការបោះឆ្នោតប្រធានាធិបតី គឺមានប្រធានាធិបតី ដែលកំពុងកាន់តំណែងលោក ហ្សូកូ វីដូដូ( Joko Widodo  ) ប្រឆាំងនឹងអ្នកប្រកួតប្រជែងប្រជានិយមរបស់លោក គឺលោក ប្រាបូវ៉ុ ស៊ិបៀនតូ ( Prabowo Subianto  )  ។

តាមគណៈកម្មការបោះឆ្នោតទូទៅឱ្យដឹងថា ប្រធានាធិបតីវីដូដូ បានជ្រើសយកបព្វជិតមូស្លឹមលោក Ma ‘atuf Amin  ធ្វើជាដៃគូ ដោយឡែកអតីតគូប្រជែងឧត្តមសេនិយប្រាបូវ៉ូ ស៊ូ បៀនតូ បានចាប់គូជាមួយអតីតពាណិជ្ជករ និងជាអភិបាលរងក្រុងហ្សាការតា លោក Sandiaga Salahuddin Uno

លោក វីដូដូ បានសង្កត់ធ្ងន់លើសារសំខាន់នៃការធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ចថែមទៀត ព្រមទាំងបរិយាកាសជាមិត្តពាណិជ្ជកម្មដោយ​ឡែក លោក ប្រាបូវ៉ូ ប្រហែលជាងាកទៅរកដំណោះស្រាយលទ្ធិការពារ ទំនិញក្នុងស្រុកថែមទៀត ដើម្បីគាំទ្រវិបុលភាពប្រជាជន ។

នៅពេលជាមួយគ្នានោះដែរបេក្ខជនជាង ២៤៥.០០០នាក់ ដែលគាំទ្រដោយគណបក្សនយោបាយថ្នាក់ជាតិចំនួន១៦ និងគណបក្សក្នុងស្រុកចំនួន៤ កំពុងប្រកួតប្រជែងគ្នាសម្រាប់អាសនៈជាង ២០.០០០ នៅក្នុងការបោះឆ្នោតសភាក្នុងអំឡុងការបោះឆ្នោតតែមួយថ្ងៃដ៏ធំបំផុតរបស់ពិភពលោកនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )