វេទិកាលើកកម្ពស់សិទ្ធិកុមារនៅក្នុងវិស័យពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៦ ខែមេសា អ្នកជំនាញការ និងអ្នកជំនួញជាតិ និងអន្តរជាតិបានជួបជុំគ្នានៅវេទិកាមួយនៅទីក្រុងហូជីមិញ ដើម្បីពិភាក្សាគ្នាអំពីការចែករំលែកនូវការអនុវត្តល្អៗដែលក្រុមហ៊ុនទូទាំងពិភពលោកកំពុងធ្វើដើម្បីគោរព និងលើកកម្ពស់សិទ្ធិកុមារនៅក្នុងវិស័យពាណិជ្ជកម្ម។

ថ្លែងក្នុងពិធីដែលធ្វើឡើងដោយអង្គការយូនីសេហ្វ (UNICEF) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) អ្នកតំណាងរបស់អង្គការយូនីសេហ្វប្រចាំប្រទេសវៀតណាម លោកស្រី Rana Flowwers បានសង្កត់ធ្ងន់ថា អាជីវកម្មរបស់ក្រុមហ៊ុនក្នុងស្រុកមានទាំងផលប៉ះពាល់ផ្ទាល់ និងប្រយោលទៅលើកុមារនៅទូទាំងកន្លែងធ្វើការទីផ្សារ និងសហគមន៍។

លោកស្រីបាននិយាយបន្ថែមថា ការប្រកាន់យកសិទ្ធិកុមារ ក៏ជួយឱ្យបណ្តាក្រុមហ៊ុនមានការទូទាត់វិសមភាព និងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

ទន្ទឹមនឹងនេះដែរ អនុប្រធាន VCCI លោក Vo Tan Thanh បាននិយាយថា នៅពេលដែលប្រទេសវៀតណាមកំពុងអនុវត្តន៍ផែនការសកម្មភាពជាតិ ស្តីពីការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ប្រទេសវៀតណាមបានលើកទឹកចិត្តឱ្យសហគមន៍អាជីវកម្មក្នុងស្រុកអនុវត្តន៍បច្ចេកវិទ្យាផលិតកម្មស្អាត ប្រើធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ការពារបរិស្ថាន និងអនុវត្តន៍ការទទួលខុសត្រូវរួមរបស់ពួកគេ ជាពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមងាយរងគ្រោះ។ ក្រៅពីនេះ ពួកគេត្រូវបានជម្រុញឱ្យធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ ហើយផ្តល់អាទិភាពដល់មនុស្សដែលពិបាកដោះស្រាយបំផុត រួមទាំងកុមារផង។
លោកបាននិយាយបន្តថា អង្គការយូនីសេហ្វ និង VCCI កំពុងចូលរួមចំណែកលើកកម្ពស់សកម្មភាពរបស់សហគ្រាស ដើម្បីបង្កើនផលប៉ះពាល់ជាវិជ្ជមាន និងកាត់បន្ថយឥទ្ធិពលអវិជ្ជមានដល់កុមារ។ លោកបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះមិនត្រឹមតែជួយជំរុញសិទ្ធិកុមារ និងគោលការណ៍ជំនួញប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កើនចំណេះដឹង និងសមត្ថភាពរបស់ក្រុមហ៊ុនដែលមានឥទ្ធិពលខ្លាំងទៅលើកុមារផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)