អាជ្ញាធរខេត្តកំពង់ឆ្នាំងប្រារព្ធពិធីស្រង់ទឹកព្រះនៅថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី

AKP កំពង់ឆ្នាំង ថ្ងៃទី១៨ ខែមេសា ​ឆ្នាំ២០១៩ -នៅរសៀលថ្ងៃពុធ ១៣កើត ខែចេត្រ ​ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅទីលានសួនកុមារខេត្តកំពង់ឆ្នាំង មានរៀបចំពិធីស្រង់ទឹកព្រះ និងស្រោចទឹកចាស់ៗព្រឹទ្ធាចារ្យ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរនានាជុំវិញខេត្ត ជាច្រើននាក់ ដើម្បីអបអរសាទរក្នុងពិធីឆ្លងបុណ្យឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបង្កើតកម្មវិធីសប្បាយៗជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី មកលេងកម្សាន្តផងដែរ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ពិធីស្រង់ទឹកព្រះ ព្រះសង្ឃ មាតាបិតា គ្រូឧបជ្ឈាយាចារ្យ ខ្មែរយើង ច្រើនតែនិយមធ្វើនៅរដូវបុណ្យចូលឆ្នាំ ជាពិសេសនៅថ្ងៃដារឆ្លងបង្ហើយ។ នៅខែចេត្រ ដែលជារដូវចូលឆ្នាំថ្មី ហើយក៏ជាខែមួយ ដែលមានអាកាសធាតុក្តៅហួតហែងផងនោះ នៅពេលយើងបានងូត ឬមុជទឹកមានអារម្មណ៍ត្រជាក់កាយសប្បាយចិត្ត។ យ៉ាងណាមិញព្រះសង្ឃ មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ ដែលពុទ្ធបរិស័ទ និងកូនចៅ ប្រុសស្រីបានស្រង់ទឹកជូនអ្នកដែលជាទីគោរពសក្ការៈក៏នឹងមានអារម្មណ៍ត្រជាក់ ត្រជំរីករាយពន់ពេក។ ជាមួយនឹងអារម្មណ៍ត្រេកអរនេះទើបលោកមានចិត្តរំភើបឱ្យពរជ័យដល់កូនចៅគ្រប់រូបសមប្រកបតែសេចក្តីសុខចម្រុង ចម្រើនរកស៊ីទទួលទាន កាន់តែមានបានពីមួយឆ្នាំទៅមួយឆ្នាំ​។

ឯកឧត្តមបានបន្តថា អ្នកដែលបានស្រង់ទឹកព្រះសង្ឃ មាតាបិតា គ្រូ ឧបជ្ឈាយា ចារ្យទទួលបានផល្លានិសង្សច្រើនណាស់ ហើយអនាគតជាតិនឹងបានទៅកើតក្នុងឋានទេវ លោកបានសេចក្តីសុខគ្រប់បែបយ៉ាង។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ជាទូទៅពិធីស្រង់ទឹកព្រះ គឺគេធ្វើតែក្នុងថ្ងៃឆ្លងឆ្នាំតែប៉ុណ្ណោះ តួយ៉ាងនៅឆ្នាំនេះចូលឆ្នាំចាប់ពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩  ប៉ុន្តែនៅថ្ងៃទី១៦ ខែមេសានេះគឺគេស្រង់ទឹកតែតំណាងព្រះបដិមាករមួយវគ្គសិន លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញចាស់ព្រឹទ្ធាចារ្យ អ្នកមានគុណជិតឆ្ងាយចូលរួមក្នុងពិធីស្រង់ទឹក ដែលធ្វើឡើងដោយទូលំទូលាយនៅវាលសួនកុមារ និងញ៉ាំងកម្មវិធីនេះជូនដល់ប្រជាពលរដ្ឋមកចូលរួមសប្បាយរីករាយផងដែរ។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ចូលឆ្នាំថ្មីនេះ មានកម្មវិធីរាំលេងកម្សាន្ត ជាមួយនឹងការលេងទឹក បាតម្សៅ និងល្បែងប្រជាប្រិយជាច្រើន នៅទីតាំងវាលសួនកុមារ សង្ក្រាន្ត ក្នុងសាលាខេត្តចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង ១១យប់ ដោយក្រុមការងារបាន រៀបចំឱ្យយុវជន យុវនារី មហាជនបានចូលលេងកម្សាន្តលេងទឹក បាតម្សៅ និងល្បែងប្រជា ប្រិយជាលក្ខណៈប្រមូលផ្តុំ ក្រោមការមើលខុសត្រូវផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ពីកម្លាំងមាន សមត្ថកិច្ចរយៈពេល៣ថ្ងៃទៅ៤ថ្ងៃ គឺថ្ងៃទី១៤ ដល់១៧ ខែមេសា ឆ្នាំ២០១៩ ប្រកបដោយសុវត្ថិ ភាព ហើយក្នុងនោះក៏មានរៀ៍បចំកម្មវិធីស្រង់ទឹកព្រះ បាញ់ទឹកតាមរយៈរថយន្តបង្កលក្ខណៈ សប្បាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការហាមឃាត់សកម្មភាពជិះម៉ូតូ ឬ រថយន្តគប់ទឹក បាតម្សៅ នៅតាមដងផ្លូវសាធារណៈ ដែលជាដើមចមឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងការបង្ក ភាពអនាធិបតេយ្យ នៅតាមដងផ្លូវសាធារណៈ ម្យ៉ាងទៀតការប្រមូលផ្តុំគា្នមកលេងកម្សាន្តនៅ វាលសួនកុមារ អាចជួយកាត់បន្ថយនូវការលេងល្បែងស៊ីសងខុសច្បាប់ និងបញ្ចៀសនូវឧបសគ្គផ្សេងៗផងដែរ ៕

ដោយ បៃ ស៊ីថុន