ខ្យល់កន្ត្រាក់បំផ្លាញអគារសិក្សា២ខ្នង ផ្ទះប្រជាពលរដ្ឋ៨៨ខ្នងនៅខេត្តបន្ទាយមានជ័យ​

AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែមេសា ​ឆ្នាំ២០១៩ -អគារសិក្សា២ខ្នង និងផ្ទះប្រជាពលរដ្ឋចំនួន៨៨ខ្នង នៅក្នុងមូលដ្ឋានមួយចំនួននៃស្រុក ភ្នំស្រុក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានទទួលរងការខូចខាតធ្ងន់ស្រាល ដោយសារតែគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានវាយប្រហារមកលើតំបន់រងគ្រោះនេះកាលពី រសៀលថ្ងៃចន្ទ ១១កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ​ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ជិត៣រសៀលថ្ងៃទី១៥ ខែមេសា ខណៈដែលមានភ្លៀងធ្លាក់មួយមេដោយលាយជាមួយខ្យល់ កន្ត្រាក់ បាន​​​បោកបក់យ៉ាងខ្លាំងត្រូវចំភូមិស្វាយខ្មៅ ភូមិពន្លៃ ភូមិតាវង ភូមិឈូកអាង ក្នុងឃុំ ពន្លៃ ស្រុកភ្នំស្រុក ​​បណ្តាលឱ្យសាលារៀន២ខ្នង ត្រូវរបើកដំបូលផ្ទះប្រជាពលរដ្ឋ​ ៧៦ខ្នងរង ការខូតខាតធ្ងន់ស្រាល ។ រីឯនៅភូមិតាដួល ក្នុងឃុំផ្គាំ ស្រុកស្វាយចេក ក៏ទទួលរងការខូតខាត ផ្ទះអស់១២ខ្នងផងដែរ តែពុំមានរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។

នៅ​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ​បានចុះទៅពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយខ្យល់កន្ត្រាក់នេះហើយ បាននាំយកនូវសង្ក័សី ដែលជាអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចែកជូនដែលកម្លាំងប្រដាប់អាវុធ និងក្រុម ការងារកំពុងចុះជួយជួសជុលផ្ទះជូនដល់ប្រជាពលរដ្ឋរងគ្រោះឱ្យមានភាពប្រសើរឡើងវិញ និងមានអំណោយជាស្បៀងអាហារ​បន្ទាន់ចែកជូនដល់ពួកគាត់ថែមទៀតផង។

នៅទី​​នោះឯកឧត្តម សួន បវរ បានចូលរួមសម្តែងនូវការសោកស្តាយចំពោះភាព​​មហន្ត រាយ​ នៃគ្រោះធម្មជាតិខ្យល់កន្ត្រាក់​ ដែលបានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង។​​  ឯកឧត្តមក៏បានជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នាបន្ត ចុះជួយជួសជុលផ្ទះសម្បែង និងឧបត្ថម្ភស្បៀងអាហារ សម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋដែល រងគ្រោះទាំងនេះ។ ជាមួយគ្នានោះដែរ ឯកឧត្តមបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវ មានការប្រុងប្រយ័ត្នខ្ពស់ នៅខណៈមានភ្លៀង ខ្យល់ ផ្គររន្ទះ គប្បីត្រូវរកទីកន្លែងជ្រកដែល​មាន សុវត្ថិភាព ៕

ដោយឈុន សារ៉ាត