ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ានអញ្ជើញជាអធិបតីបើកសង្រ្កាន្តប្រាសាទបន្ទាយឆ្មារឆ្នាំថ្មី

វិទ្យុជាតិកម្ពុជា៖លឹម តុងហួត៖

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងរាស្រ្ត​ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ និងលោកជំទាវម៉ៅ ម៉ាល័យ កែ​ គឹមយ៉ាន​ បានអញ្ជើញជាអធិបតីបើកសង្រ្កាន្តប្រាសាទបន្ទាយឆ្មារឆ្នាំថ្មី និងដង្ហែរពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីជួសជុលប្រាសាទបន្ទាយឆ្មារ នៅបរិវេណប្រសាទបន្ទាយឆ្មារ ដោយមានការចូលរួមពីប្រតិភូអមដំណើរ​ ក្រុមការងារពីថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ និងអាជ្ញាធរមូលដ្ឋាន យុវជន កងកម្លាំងគ្រប់ប្រភេទ​ អាជីវករ ប្រជាពលរដ្ឋជាច្រើនចូលរួមកុះករ។

ក្នុងឱកាសនោះ​ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បាន
ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេច​វិបុលសេនាភក្តី​ សាយ​ ឈុំ​ ប្រធានព្រឹទ្ធសភា​ សម្ដេចអគ្គមហាពញាចក្រីហេង សំរិន​ ប្រធានរដ្ឋសភា​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា ការរៀបចំធ្វើសង្រ្កាន្តនេះ ក្នុងគោលបំណងឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ដែលជាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិតាំងពីបុរាណមកទល់បច្ចុប្បន្ន ធ្វើឲ្យប្រជាពលរដ្ឋបានជួបជុំគ្នាលេងកំសាន្តសប្បាយរីករាយនូវព្រឹត្តិការណ៍សង្រ្កាន្តជាមួយនឹងការតាំងពិព័រណ៍​ សម្តែងសិល្ប: តន្រ្តីបុរាណសម័យ ល្បែងប្រជាប្រិយផ្សេងៗ​ និងបានយល់ដឹងកាន់តែច្បាស់ថែមទៀតអំពីសិល្បៈ វប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង បង្កើនគំនិតរួបរួមសាមគ្គីគ្នា ចែករំលែកចំណេះដឹង និងបង្កើតគំនិតឆ្នៃប្រឌិតថ្មីៗ ដែលអាចជួយទប់ស្កាត់នូវការហូរចូលនៃសិល្បៈ វប្បធម៌ និងអរិយធម៌មិនល្អពីបរទេស ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ។


ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តទៀតថា បន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិតែមួយជាមួយនឹងសេដ្ឋកិច្ចមានការរីកចម្រេីនអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន​ សែន​ ទើបធ្វើឲ្យប្រជាពលរដ្ឋយើងមានសេចក្តីសុខ និងសុខសុវត្ថិភាពចូលរួមសង្រ្កាន្តឆ្នាំថ្មីនេះជាលើកទី១ នៅប្រាសាទបន្ទាយឆ្មារ សម្រាប់ខេត្តបន្ទាយមានជ័យ​ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋយើងជួបតែសុខសុវត្ថិភាព សុខសប្បាយទាំងអស់គ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។


ជាមួយនឹងឱកាសដ៏សប្បាយរីករាយ​ ពោរពេញដោយសុទ្ធាជ្រះថ្លា​ និងដេីម្បីថែរក្សាសម្បត្តិវប្បធម៌កេរ្ត៍ដូនតាឲ្យនៅគង់វង្សផងនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ និងលោកជំទាវម៉ៅ ម៉ាល័យ បានបរិច្ចាក​នូវបច្ច័យ​ អំណោយ​ និងថវិកា​ វេរប្រគេន​ និងចែកជូនរួមមាន​ :
១.បច្ច័យបានមកពីពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីជួសជុលប្រាសាទបន្ទាយឆ្មារចំនួន២០០.០០០ដុល្លារ។
២.ឧបត្ថម្ភដល់កងកម្លាំង មន្រ្តីរាជការទូទាំងខេត្តបន្ទាយមានជ័យនិងមនុស្សវ័យចាស់អាយុ៧០ឆ្នាំឡេីងចំនួន​៧០០នាក់​ នូវថវិកាសរុប២៣០លានរៀល និងភេសជ្ជះ១០៩៦កេស ៕