ក្រសួងបរិស្ថានណែនាំឲ្យអាជ្ញាធរ និងពលរដ្ឋគ្រប់គ្រងសំរាមនៅតំបន់ទេសចរណ៍ឲ្យបានត្រឹមត្រូវ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្រសួងបរិស្ថាន បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋគ្រប់គ្រងសំរាមនៅតំបន់ទេសចរណ៍ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាសោភ័ណភាព អនាម័យបរិស្ថានល្អស្អាត ប្រកបដោយផាសុកភាពដល់ភ្ញៀវទេសចរដែលទៅកម្សាន្ត។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកទឹកចិត្ត ក៏ដូចជាស្នើឲ្យគ្រប់ភាគីទាំងអស់ រួមមានប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ រួមទាំងម្ចាស់អាជីវកម្ម អាជីវករនៅតាមផ្សារនានា សេវាកម្ម ភោជនីយដ្ឋាន ទីផ្សារ និងកន្លែងកម្សាន្តនានា យកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំណល់សំរាមដែលខ្លួនបង្កើតឡើងឲ្យបានត្រឹមត្រូវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានសាធារណៈ។
ថ្លែងប្រាប់នៅថ្ងៃទី១២ ខែមេសានេះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យធំៗ បរិមាណផលិត និងការបញ្ចេញសំរាមតែងតែកើនឡើងទ្វេដងជាថ្ងៃធម្មតា ដែលទាមទារនូវការវេចខ្ចប់និងទុកដាក់ឲ្យត្រឹមត្រូវ ជៀសវាងបោះចោលអនាធិបតេយ្យនៅតាមទីសាធារណៈ និងតាមបណ្តោយផ្លូវនានា ដែលធ្វើឲ្យបាត់បង់សោភ័ណភាព អនាម័យទីក្រុង និងទីប្រជុំជន និងផលវិបាកផ្សេងទៀត។ យ៉ាងណាក៏ដោយ ឯកឧត្តម កត់សម្គាល់ថា បច្ចុប្បន្ន ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅទូទាំងប្រទេសមានភាពល្អប្រសើរជាងមុន បើទោះបីជាមិនទាន់បានឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃបរិមាណសំណល់ដែលបានបង្កើតឡើង និងមានកំណើនជារៀងរាល់ថ្ងៃ ជាពិសេសការប្រមូល ដឹកជញ្ជូន និងការទុកដាក់ចុងក្រោយ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ខាងមុខនេះ កម្មករ-កម្មការិនីរបស់ក្រុមហ៊ុនស៊ីនទ្រី ត្រូវបានឈប់សម្រាក និងធ្វើដំណើរទៅកាន់ស្រុកកំណើត់ជួបជុំក្រុមគ្រួសារ ដែលធ្វើឲ្យការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ នឹងត្រូវបានអនុវត្តមិនបានពេញលេញទេ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋជាម្ចាស់លំនៅឋានទាំងអស់ យោគយល់ និងអធ្យាស្រ័យ ដោយកុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈនៅក្នុងអំឡុងពេលដែលការផ្តល់សេវាមិនបានពេញលេញនេះ ដោយ រក្សាការទុកដាក់សំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន ដើម្បីដើម្បីចូលរួមចំណែកថែរក្សាអនាម័យបរិស្ថាន រាជធានីភ្នំពេញឲ្យបានល្អប្រសើរ។
ក្រសួងបរិស្ថាន បានធ្វើប្រតិភូកម្មអំណាចទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្តល់មូលនិធិសេវាអនាម័យបរិស្ថាន ដើម្បីទទួលភារកិច្ច និងទទួលខុសត្រូវលើការងារគ្រប់គ្រងសំរាមសំណល់រឹង សំណល់រាវ និងបញ្ហាបំពុលបរិស្ថានផ្សេងនៅតាមខេត្តក្រុង និងទីប្រជុំជននានា៕