រាជរដ្ឋាភិបាលបញ្ចេញរថយន្តក្រុងចំនួន០៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃមកកាន់ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ — រថយន្តក្រុងចំនួន ០៧គ្រឿង បានដឹកជញ្ជូនប្រជា​ពលរដ្ឋ ពីរាជធានីភ្នំពេញ មកកាន់ខេត្ត​ព្រះសីហនុ ប្រកបដោយសុវត្ថិភាព  និងបានចាកចេញ​ពីខេត្តព្រះសីហនុ នៅវេលាម៉ោង ១២ថ្ងៃ​ត្រង់ ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ ។  នេះបើយោង តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងសេចក្តីប្រកាសបានឱ្យដឹងថា ការដឹកជញ្ជូនប្រជាពលរដ្ឋ សិស្ស និស្សិត ទៅកាន់​ស្រុកកំណើត គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដែលសាធារណជន​ទាំងអស់ អាចជិះរថយន្តក្រុងដោយមិនបង់ប្រាក់​ ​ជាការឆ្លើយតប ជួយសម្រួលជីវភាពរស់​នៅរបស់ប្រជាពលរដ្ឋ ។ 

តាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងថា ពេលវេលា និងទីកន្លែងចេញ ដំណើរ ពីភ្នំពេញ មកកាន់ខេត្តព្រះសីហន ចាប់ពីម៉ោង​ ៥ និង ៣០នាទីព្រឹក នៅចំណតផ្សារ ស៊ិនជូរីផ្លាហ្សា និងពីខេត្តព្រះសីហនុ ត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ​នៅម៉ោង ១២ថ្ងៃត្រង់ នៅចំណត​ វេទិកាបុណ្យជាតិ ៧មករា វិមានឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ ៣ ក្រុង ខេត្តព្រះសីហនុ ។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ដែលបាន​ផ្តល់​រថយន្តក្រុងចំនួន០៧គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ សិស្ស និស្សិត មកកាន់ស្រុក​កំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលចូល ដល់នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ។ ជាមួយគ្នានេះ លោកអភិបាលរងខេត្ដក៏​សូម​ជូនពរបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តក្រុងរបស់រាជរដ្ឋាភិបាលប្រកបដោយ​ផាសុខភាព និងសុវត្ថិភាពគ្រប់ៗគ្នា៕

ដោយ ងូ សុមុនី