លោក ស៊ី ផ្ញើលិខិតសូមអបអរសាទរពិធីសម្ពោធវិទ្យាស្ថានចិន – អាហ្វ្រិក

AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ — លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន បានផ្ញើលិខិតមួយដើម្បីអបអរសាទរ​ពិធីសម្ពោធន៍​វិទ្យាស្ថានចិន-អាហ្វ្រិកកាលពីថ្ងៃអង្គារ។

នៅក្នុងលិខិតនោះ លោក ស៊ី បាននិយាយថា នៅថ្ងៃនេះ ពិភពលោកកំពុងប្រឈមនឹង​ការ​ផ្លាស់ប្តូរ​យ៉ាងជ្រាលជ្រៅដែលមិនធ្លាប់បានឃើញកាលពីសតវត្សរ៍កន្លងទៅនេះ។ លោក​បាន​កត់សម្គាល់ថា « ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុត​និងទ្វីបដែលប្រទេសកំពុង​អភិវឌ្ឍន៍​មានទីតាំងស្ថិតនៅកណ្តាលមួយរៀងៗខ្លួន ចិន​និងអាហ្រ្វិកបានរីករាយនូវទំនាក់​ទំនង​មិត្តភាពរវាងប្រជាជន និងប្រជាជន » ។

ប្រធានាធិបតីរូបនេះបាននិយាយថា ក្រោមកាលៈទេសៈថ្មី ការជំរុញរបស់ប្រទេសចិន និងអាហ្វ្រិកក្នុងកិច្ចទំនាក់ទំនងមិត្តភាពជាប្រពៃណី ការបង្កើនកិច្ចផ្លាស់ប្តូរគ្នា និងកិច្ចសហ​ប្រតិបត្តិការ និងការលើកកម្ពស់ការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌ និង​មិន​ត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចិន​ និងអាហ្វ្រិកប៉ុណ្ណោះទេ ថែមទាំងរួមចំណែក​កាន់តែច្រើនថែមទៀតដល់សន្តិភាពនិងការអភិវឌ្ឍពិភពលោកផងដែរ។

ដោយរំលឹកឡើងវិញពីការសម្រេចចិត្តរួមគ្នារវាងភាគីទាំងពីរ ក្នុងការកសាងសហគមន៍​ចិន-អាហ្វ្រិកឱ្យកាន់តែជិតស្និទ្ធនាពេលអនាគតរួមគ្នា និងអនុវត្តន៍គំនិតផ្តួចផ្តើមដ៏ធំចំនួនប្រាំបី​នៅក្នុងកិច្ចប្រជុំកំពូលទីក្រុងប៉េកាំងនៃវេទិកា ស្តីអំពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) ដែលរៀបចំឡើងកាលពីឆ្នាំ២០១៨​នោះ​លោក ស៊ី បានមានប្រសាសន៍ថា​ ការបង្កើត​វិទ្យាស្ថាននេះ គឺជាចលនាមួយ ដើម្បីបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដែលជា​ផ្នែក​សំខាន់មួយនៃការសម្រេចចិត្ត។

លោក ស៊ី បាននិយាយថា លោកសង្ឃឹមថា វិទ្យាស្ថាននេះនឹងជួយទាញយកធនធាន​អបរំ​របស់ភាគីទាំងពីរ ដើម្បីបង្កើនការយល់ដឹង និងមិត្តភាពរវាងប្រជាពលរដ្ឋចិន និងអាហ្វ្រិក​ហើយផ្តល់នូវគំនិត និងដំបូន្មានល្អសម្រាប់កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក​ក៏ដូចជាកិច្ចសហ​ប្រតិបត្តិការរវាងភាគីទាំងពីរ និង        បណ្តាភាគីដទៃទៀតដែរ ដើម្បីរួមចំណែកក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនងចិន-អាហ្វ្រិក និងការកសាងសហគមន៍មួយដែលមាន​អនាគតរួមគ្នាសម្រាប់​មនុស្សជាតិ៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )