លោក លី អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការចិន-អឺរ៉ុប​ កាន់តែ​ជិតស្និទ្ធសម្រាប់ផលប្រយោជន៍ទៅវិញទៅមក

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — លោក លី កេឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន បានចុះហត្ថលេខាលើអត្ថបទ​មួយដែលបានចុះផ្សាយកាលពីថ្ងៃចន្ទ នៅក្នុងកាសែតអាល្លឺម៉ង់ Handelsblatt នៅពេលលោក​បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ទ្វីបនោះ។

នៅក្នុងអត្ថបទដែលមានចំណងជើងថា ការទទួលយកភាពបើកចំហ និងកិច្ចសហប្រតិ​បត្តិការ​សម្រាប់អត្ថប្រយោជន៍ទៅវិញទៅមក លោក លី បានចង្អុលបង្ហាញពីអស្ថិរភាព​ឡើង​ខ្ពស់ និងភាពមិនច្បាស់ លាស់នៅក្នុងស្ថានភាពអន្តរជាតិ និងការលេចចេញជាថ្មីនៃការការពារ​និយម​ឯកតោភាគី និងមនោ- សញ្ចេតនា ប្រឆាំងសកលភាវូបនីយកម្ម។

លោក លី បាននិយាយថា ទន្ទឹមនឹងបញ្ហាបែបនេះប្រទេសចិន និងអឺរ៉ុបចាំបាច់ត្រូវតែ​ជំរុញ​រួមគ្នា​នូវ ពហុភាគីនិយម និងប្រព័ន្ធពាណិជ្ជកម្មសេរី តាមរយៈការយកចិត្តទុកដាក់​ចេញជាយុទ្ធសាស្ត្រ និងជាសកលលោក និងវិធីសាស្រ្តសមស្របមួយ។
លោកបាននិយាយថា ភាគីទាំងពីររបស់យើងត្រូវតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់​សេដ្ឋកិច្ចពិភពលោកបើកចំហ និងដោះស្រាយបញ្ហាដែលកំពុងកើតមានជាយូរអង្វែងកន្លង​មក និងបញ្ហាថ្មីៗដែលប្រឈមនឹងសង្គមមនុស្សក្នុងការនាំស្ថិរភាព​ទៅក្នុងពិភពលោកដែល​មិនប្រាកដប្រជាកាន់តែខ្លាំងឡើងៗនោះ។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា ប្រទេសចិននឹងបន្តសហការជាមួយសហភាព​អឺរ៉ុប​​លើបញ្ហា​ជាច្រើនមានដូចជា៖ ការលើកកម្ពស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ​ការជំរុញការ​អភិវឌ្ឍប្រកបដោយចីរភាព ប្រកាន់ខ្ជាប់នូវផែនការរួមនៃសកម្មភាពស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងការប្រយុទ្ធប្រឆាំងភេរវកម្ម។

ប្រទេសចិនក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនទំនាក់ទំនង និងបង្កើតការឯកភាព​ជាមួយ​សហភាពអឺរ៉ុបលើបញ្ហាដូចជា ការជំរុញកំណែទម្រង់នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបំពេញនូវផលប្រយោជន៍ និងការព្រួយបារម្ភរបស់ភាគីទាំងអស់ និងការពារ​ផលប្រយោជន៍របស់ភាគច្រើននៃសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក។

លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា រយៈពេល៤០​ឆ្នាំកន្លងមកនេះ​ បានធ្វើឱ្យមាន​ការកើនឡើងពាណិជ្ជកម្ម២៥០​ដង​ រវាងភាគីទាំងពីរហើយថា សហភាពអឺរ៉ុបបានក្លាយជាដៃគូ​ពាណិជ្ជកម្មកំពូលរបស់ចិនអស់រយៈពេល ១៥ឆ្នាំជាប់ៗគ្នា​ ខណៈដែលប្រទេសចិនបានក្លាយ​ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត​ទី២ របស់សហភាពអឺរ៉ុបសម្រាប់ឆ្នាំកំពុងដំណើរការ។

ពាណិជ្ជកម្មទ្វេភាគី បានឈានដល់កំណត់ត្រាថ្មីចំនួន ៦៨២,១៦ ប៊ីលានដុល្លារកាល​ពីក្នុងឆ្នាំ២០១៨ អក្នធ្វើទស្សនកិច្ចប្រមាណជិត ៨លាននាក់ត្រូវបានផ្លាស់ប្តូរគ្នារវាងភាគី​ទាំងពីរ​ជារៀងរាល់ឆ្នាំ ហើយជើងហោះហើរជាង ៦០០តភ្ជាប់គ្នាជារៀងរាល់សប្តាហ៍។
លោក លី បាននិយាយថា « ខ្ញុំមានទំនុកចិត្តថា ​តួលេខទាំងនេះនឹងកើនឡើងកាន់តែធំ​នៅពេលអនាគត »៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )