មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ នឹងចុះវិនិច្ឆ័យការចុះបញ្ជីដីធ្លី ភូមិត្រពាំងមូល ឃុំជើងគោ

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធីណា ឌីណេ៖

 មន្ទីររៀបចំដែនដី នគរូបនីកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ នឹងចុះវិនិច្ឆ័យការចុះបញ្ជីដីធ្លី ជាលក្ខណៈជាប្រព័ន្ធ នៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីឈានទៅធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ជូនដល់ប្រជាពលរដ្ឋនៅតំបន់នោះ។
លោក ស្រុង ចេង ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុមបច្ចេកទេស នឹងចុះទៅស្រង់ទិន្នន័យវាស់វែង កំណត់ព្រំដី ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដោយសហការ ជាមួយមន្ដ្រីសង្កាត់ និងមេភូមិ នៅតំបន់នោះ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះ ត្រៀមឯកសារដែលពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី របស់ខ្លួន ដើម្បីឲ្យដំណើរការចុះបញ្ជីនេះ ប្រព្រឹត្តិទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព ខណៈការរៀបចំព្រំដីដោយបោះបង្គោលព្រំ នឹងត្រូវអនុវត្តដោយមានការឯកភាពពីម្ចាស់ដីជាប់ព្រំ។ លោកមានប្រសាសន៍ថា រាល់ការឯកភាពធ្វើប្លង់កាន់កាប់ដីធី្ល ទាល់តែមានការព្រមព្រៀងគ្នារវាងម្ចាស់ព្រំដី និងដោះស្រាយទំនាស់ផ្សេងៗ ឲ្យបានរួចរាល់ជាមុនសិន។
សូមបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមាន៥ដំណាក់កាល មានដូចជា ការកំណត់តំបន់វិនិច្ឆ័យ ការបើកវគ្គបណ្ដុះបណ្ដាល ការចុះវាស់វែងស្រង់ទិន្នន័យក្បាលដី ការបិទផ្សាយជាសាធារណៈនូវទិន្នន័យនៃការចុះបញ្ជីដីក្នុងតំបន់វិនិច្ឆ័យ និងការចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ៕