រាជរដ្ឋាភិបាលអនុម័តគម្រោងវិនិយោគវារីអគ្គិសនី និងស្ថានីយអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ — គម្រោងវិនិយោគវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ទំហំ ៨០MW និងគម្រោងវិនិយោគ​ ស្ថា​នី​យ​​​​អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ២កន្លែង  នៅពោធិ៍សាត់១កន្លែង ៦០MW និង​​នៅ​​កំពង់​ឆ្នាំ​​ង​​​១កន្លែង ៦០MW និងបន្ថែមអានុភាព ២០MW លើគម្រោងផលិត​ថាមពល​​អគ្គិសនីដើរ​ដោ​យ​​ពន្លឺ​​ព្រះអាទិត្យ ៦០MW នៅកំពង់ស្ពឺ​ដែលបានអនុម័តរួច ដើម្បីផលិតអគ្គិសនីលក់​ឱ្យអគ្គិសនី​កម្ពុ​ជា​ ត្រូវបានធ្វើការអនុម័តក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃសុក្រ ១កើត ខែ​ចេ​ត្រ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩  នៅវិមានសន្តិភាព ​​​ក្រោ​​ម​​អធិបតី​ភាព​​​​ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា រាជរដ្ឋាភិបា​ល​បានអនុម័តឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. ធ្វើការវិនិយោគលើគម្រោង​វារី​អគ្គិ​សនី​​​ពោធិ៍សាត់១ ដែលមានទំហំ៨០មេហ្គាវ៉ាត់ និងក្រុមហ៊ុន Schnei Tec Co., Ltd. ធ្វើការ​វិនិ​យោ​​គ​​លើគម្រោងស្ថានីយ​អគ្គិសនី​​ដើរដោយពន្លឺ​ព្រះអាទិត្យ​​​២កន្លែង នៅខេត្តពោធិ៍សាត់មួយ​ក​ន្លែ​ង​៦០​មេហ្គាវ៉ាត់​ និង​​មួយ​​កន្លែង​ទៀត៦០មេហ្គាវ៉ាត់នៅខេត្ត​កំពង់ឆ្នាំង និងបន្ថែមអានុភាព​២០​មេហ្គា​វ៉ាត់ លើគម្រោងផលិត​ថាមពល​​​​អគ្គិសនីដើរដោយ​ពន្លឺ​​ព្រះអាទិត្យ៦០មេហ្គាវ៉ាត់នៅ​កំព​ង់​ស្ពឺ​ ​ដែលបានអនុម័តរួច ដើម្បី​ដោះ​ស្រាយ​​​បញ្ហា​​ប្រឈម​​​​ក្នុង​វិស័យ​អគ្គិសនី​​នៅ​​​កម្ពុជា។ គម្រោ​​ងវិនិយោគសាងសង់ស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាព៨០មេហ្គាវ៉ាត់ ស្ថិត​នៅ​​ឃុំ​ប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងត្រូវវិនិយោគក្រោមរូបភាព សាងសង់-ដំ​ណើ​រ​ការ-ផ្ទេរ(​BOT) ដោយត្រូវចំណាយទុនវិនិយោគ ២៣១,១០លានដុល្លារ​​សហរដ្ឋ​អា​មេ​​​រិក ស​​ម្រាប់​រយៈពេលសម្បទាន​៣៩​​ឆ្នាំ​។

គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ចំពោះ​ប្រទេសកម្ពុជា​ ទាំ​ង​លក្ខណៈ​បច្ចេក​ទេស សេដ្ឋកិច្ច និង​​សង្គម​ ជាអាទិ៍កម្ពុជានឹងទទួលបានប្រភពអគ្គិសនីពី​ធន​ធានធម្មជាតិក្នុង​ស្រុក កាត់បន្ថយការ​ប្រើប្រាស់​ប្រេង​​​​ឥន្ធនៈដែលមានថ្លៃខ្ពស់​ ធានា​​នូ​វសន្តិសុខ​ថាមពល និងអគ្គិសនីមានថ្លៃសមរម្យ​។ គម្រោងនេះ​នឹង​សាងសង់​នូវ​ហេដ្ឋា​​​រចនា​​សម្ព័ន្ធ​​សាធារ​ណៈ​​បន្ថែមទៀត ដោះស្រាយផលប៉ះពាល់បរិស្ថាននិងសង្គម មិន​តែ​​ប៉ុណ្ណោះ​​ផ្ដល់​​ការងារ​ដល់​ប្រជាពលរដ្ឋរាប់ពាន់នាក់ក្នុងអំឡុងពេលសាងសង់ បង្កើន​​​​​​គុណ​តម្លៃ​​អេកូ​ទេសចរណ៍ និងលើក​ក​ម្ព​ស់​ជីវភាព​​​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន ពិសេសផ្ដល់​ចំណូល​ពន្ធ​​​​សរុប​ប្រមាណ ២,៩២​​លាន​ដុ​ល្លា​រ​​​អាម៉េ​រិក​ក្នុង១ឆ្នាំ ដោយមិនទាន់គិតដល់ពន្ធដទៃ​ទៀត និងពន្ធ​លើអ្នក​ចែក​​​ចាយ​​​អគ្គិសនី​ល​ក់​​​​បន្ត​។

ចំពោះគម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្ថិតនៅ​ស្រុ​ក​​ក្រគរ ខេត្ត​​ពោធិ៍​សាត់ មានអានុភាព​៦០មេហ្គាវ៉ាត់ និងគម្រោងមួយទៀតស្ថិត​នៅស្រុក​ទឹក​ផុ​ស​ ខេត្តកំពង់ឆ្នាំង មានអានុភាព​៦០​មេហ្គាវ៉ាត់។ គម្រោងទាំងពីរនេះធ្វើឡើងក្នុងរូបភាពជា​គ​ម្រោ​ង​វិនិយោគ សាងសង់-ធ្វើជាម្ចាស់-ដំណើរការ​ខ្លួន​​ឯង​ (BOO) ក្នុងរយៈពេលអាជីវកម្ម២០ឆ្នាំ ដោយចំណាយទុនវិនិយោគ ៥៨ ២២៥ ៣២០ ដុល្លារ​សហរដ្ឋ​អា​មេរិក​​​ក្នុងមួយទីតាំង។ គម្រោង​នេះ​នឹង​ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាអាទិ៍កម្ពុជា​នឹង​​ទទួល​​បាន​អគ្គិស​នីពី​ប្រភ​ពថាមពលកកើតឡើងវិញដែលមានអានុភាពធំ កាត់បន្ថយ​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​​ដែ​ល​​មានតម្លៃខ្ពស់ បន្ថែមបរិមាណផលិតកម្មអគ្គិសនីដែលធានាបាន​នូវសន្តិសុខ​ថាមពល​​ក្នុង​ការ​ផ្គត់​ផ្គង់​​អគ្គិសនីមានគុណភាពនិងមានតម្លៃសមរម្យ ពិសេសជួយបំពេញនូវកង្វះខាត​អគ្គិ​ស​នី​​​​ក្នុង​រដូវប្រាំង។ គម្រោង​​​​​នេះ​​នឹងផ្ដល់ការងារជូនប្រជាពលរដ្ឋ នាំមកនូវបច្ចេកវិទ្យាថ្មីៗ និងផ្ដ​ល់​​ពន្ធ​ចំណូល​ជូន​រដ្ឋ​ ដែល​ជា​មធ្យម​​ទទួល​បាន ៥៦៨ ៣៧៤ ដុល្លារ​សហរដ្ឋអាមេរិកក្នុង១ឆ្នាំ​ពី​ទីតាំងខេត្តនីមួយៗ ដោយ​មិនទាន់​គិត​ពន្ធ​​ដទៃ​ទៀត​​ និង​ពន្ធ​លើអ្នក​ចែក​​​ចាយ​​​អគ្គិសនី​លក់​​​បន្ត។ ជាងនេះទៀត អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តការ​បន្ថែមអានុភាព២​០​មេ​ហ្គា​វ៉ា​ត់ លើគម្រោង​វិនិយោគ​​របស់​​ក្រុមហ៊ុន Schnei Tec Co., Ltd. ដែលទទួលបានការអនុម័ត​ពី​រា​ជ​រដ្ឋាភិបាលអាណត្តិមុន លើការ​ផលិត​​ថាម​ពល​អគ្គិសនី​ដើរដោយ​ពន្លឺ​​ព្រះអាទិត្យ​៦០​មេហ្គា​វ៉ា​ត់​ នៅត្មាតពង ​ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ សរុប​​​៨០​​មេហ្គាវ៉ាត់។ ​

ដើម្បី​​​ឆ្លើយ​តប​នឹង​​​​សភាព​ការ​ណ៍​បច្ចុប្បន្ន​ដែល​ប្រទេស​​កម្ពុជាកំ​ពុង​មាន​​​ការ​ខ្វះខាត​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់ រាជរដ្ឋាភិបាល​បា​​នអនុម័តការ​បន្ថែមអានុភាព ដោយសារពិនិត្យឃើញពីភាព​ជោគជ័យនៃការអនុវត្តគម្រោង​នេះក្នុ​ង​ជំហាន​ទី១​ ២០​មេហ្គាវ៉ាត់ និងអាច​​​ដំណើរ​ការ​​ជំហានទី២ និង​ទី៣​ជាបន្តបន្ទាប់បាន ខ​ណៈ​ដែលទីតាំង​គម្រោង​នេះ​នៅ​សល់​ផ្ទៃដីអាចតម្លើងបន្ថែម​២០​​មេហ្គាវ៉ាត់ទៀតបាន។ ការ​ប​ន្ថែ​​មអានុភាព​២០​​មេហ្គាវ៉ាត់នេះ ជាកាលា​នុវត្ត​ភាព​​ថ្មី​​នៃការផ្ដល់​ប្រភព​បន្ថែម​ដែលមាន​ថ្លៃ​ទាប​ និង​​អាច​​​ដាក់​​​ឱ្យដំណើរការបានឆាប់រហ័ស៕

ដោយ ជឹម ណារី​