បណ្តាមន្រ្តីការពារជាតិនៃប្រទេសសមាជិកអាស៊ាន ចូលរួមកិច្ចប្រជុំសន្ទនាដៃគូនៅប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី៤ ខែមេសា កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ានបូក (ADSOM+) បានប្រព្រឹត្តទៅនៅខេត្ត Phetchaburi ប្រទេសថៃ។

ប្រទេសដៃគូចំនួនប្រាំបីរបស់ប្លុកបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ដែលរួមមានប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ រុស្ស៊ី និងសហរដ្ឋអាមេរិក។

អ្នកចូលរួមទាំងអស់ធ្វើការពិនិត្យឡើងវិញនូវរបាយការណ៍របស់ក្រុមការងារ ADSOM+ និងលេខាធិការដ្ឋានអាស៊ាន ស្តីពីការអភិវឌ្ឍន៍របស់សមាគមក្នុងរយៈពេលពេលថ្មីៗនេះ។ មាតិកានេះនឹងត្រូវដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ដែលគ្រោងនឹងធ្វើនៅក្នុងប្រទេសថៃនៅចុងឆ្នាំនេះ។

ពួកគេបានចំណាយពេលយ៉ាងច្រើនក្នុងការធ្វើបច្ចុប្បន្នភាពទាំងអស់អំពីលទ្ធផលក្រុមការងារជំនាញរបស់ ADMM ក្នុងរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ ក្នុងវិស័យជំនួយមនុស្សធម៌ និងការ     សង្គ្រោះគ្រោះមហន្តរាយ សន្តិសុខ នាវាចរណ៍ ឱសថ យោធា ការប្រឆាំងអំពើភេរវកម្ម រក្សាសន្តិភាព និងសន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ក្រុមការងារជំនាញរបស់ ADMM+ ស្តីពីសកម្មភាពមនុស្សធម៌ ដែលត្រូវបានធ្វើជាសហប្រធានដោយប្រទេសឡាវ និងរុស្ស៊ី បានលើកឡើងនូវលទ្ធផលនៃក្រុមការងារវៀតណាម – ឥណ្ឌា ក្នុងកំឡុងពេលមុន ដែលជាគ្រឹះដ៏ល្អសម្រាប់ក្រុមការងារបន្ទាប់ដើម្បីបញ្ចប់គោលដៅកំណត់។

ដូចដែលបានគ្រោងទុក កិច្ចប្រជុំ ADMM+ នឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ ដើម្បីពិភាក្សាអំពីក្រុមសកម្មភាពសម្រាប់ឆ្នាំ ២០២០-២០២៣ ។ ប្រទេសវៀតណាម និងជប៉ុន គឺត្រូវធ្វើជាសហប្រធានក្រុមសកម្មភាពរបស់ក្រុមអ្នកជំនាញការស្តីពីការរក្សាសន្តិភាព។

នៅក្នុងកិច្ចប្រជុំ ADSOM+ មន្ត្រីជាន់ខ្ពស់បានពិភាក្សាអំពីសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមនៃ ADMM+ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិសុខប្រកបដោយចីរភាព៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)