ក្រសួងបរិស្ថានប្រកាសផ្សព្វផ្សាយរបាយការណ៍ស្ថានភាពបរិស្ថានលើកទី៣

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ -នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានប្រកាសផ្សព្វផ្សាយ « របាយការណ៍ស្ថានភាពបរិស្ថាន »លើកទី៣ ជាមួយនឹងការដាក់ ឱ្យដំណើការ« ប្រព័ន្ធប្រមូលផ្តុំទិន្នន័យព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថាន » ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោក Nick BERESFORD តំណាង UNDP ប្រចាំកម្ពុជា លោកស្រី VEENA Raddy នាយកបេសកកម្មរបស់ USAID ប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័ន តំណាងអង្គការក្រៅរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ វិស័យឯកជន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បរិស្ថានជាច្រើននាក់។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងថាការប្រកាសផ្សព្វផ្សាយ «របាយការណ៍ ស្ថានភាពបរិស្ថាន»លើកទី៣ នាពេលនេះ បានក្លាយជាប្រវត្តិសាស្រ្តក្នុងការធ្វើឱ្យមានការ ឯកភាពជាតិមួយ និងបញ្ចប់បញ្ហាប្រឈមនៃការផ្សព្វផ្សាយលើបញ្ហា បរិស្ថាននាពេល កន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកថា របាយការណ៍ស្ថានភាពបរិស្ថាន បានផ្តល់ ចំណេះដឹងលើវិស័យបរិស្ថាន និងបានផ្តល់តម្លៃពិសេសដល់សេដ្ឋកិច្ច និងសង្គមយ៉ាង សំខាន់ ខណៈដែលកម្ពុជាកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានកំណើន សេដ្ឋកិច្ចល្អប្រសើរ ជាមួយនឹងការរីកចម្រើនផ្នែក បច្ចេកវិទ្យាព័ត៌មានផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីលើកទឹកចិត្តឱ្យមន្រ្តីជំនាញបន្តរៀបចំរបាយការណ៍បរិស្ថានបន្ថែមក្នុងចន្លោះពី៣ទៅ៥ឆ្នាំ ដើម្បីផ្តល់ទិន្នន័យព័ត៌មានបរិស្ថានប្រកបដោយគុណភាព ជាពិសេសការស្រាវជ្រាវ និងការរកឃើញប្រភេទថនិកសត្វ សត្វស្លាបនិងរុក្ខជាតិថ្មីថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការជាមួយដៃគូនានា ដែលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការកសាងប្រព័ន្ធប្រមូលផ្តុំទិន្នន័យព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថាននិងការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងការរៀបចំពិធី ដាក់ឱ្យ ដំណើរការ «ប្រព័ន្ធប្រមូលផ្តុំទិន្នន័យព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថាន» និងផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន»ផងដែរ។

សូមបញ្ជាក់ថា របាយការណ៍ស្ថានភាពបរិស្ថានលើកទីមួយ ត្រូវបានរៀបចំឡើង ដោយអង្គការអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជាក្នុងឆ្នាំ១៩៩៤។ របាយការណ៍ ស្ថានភាព បរិស្ថានលើកទីពីរត្រូវបានរៀបចំនិងបោះពុម្ពផ្សាយក្នុងឆ្នាំ២០០៤។ របាយការណ៍ស្ថាន ភាពបរិស្ថាន លើកទីបីនេះ គឺជាឯកសារប្រមូលផ្តុំនូវព័ត៌មានបរិស្ថានសំខាន់ៗ រួមជាមួយ នឹងការវាយតម្លៃនូវការវិវឌ្ឍប្រែប្រួលជាវិជ្ជមាន និងអវិជ្ជមានក្នុងវិស័យបរិស្ថាន។ ព័ត៌មាននៅក្នុងឯកសារនេះក៏អាចយកទៅប្រើប្រាស់ជាមូលដ្ឋានទិន្នន័យសម្រាប់ការរៀបចំឬធ្វើវិសោធនកម្មគោលនយោបាយ និងផែនការយុទ្ធសាស្ត្រផងដែរ៕

ដោយ ពេជ្រ ណារិទ្ធ