ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបញ្ចេញរថយន្ត​ក្រុង​​ចំនួន១២០ គ្រឿង​ សម្រាប់ដឹកជញ្ជូន​ប្រជាពលរដ្ឋក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​​​ប្រពៃណី​ជាតិខ្មែរ ដោយឥតគិត​ថ្លៃ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ -សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា    ​បា​​ន ប្រកាស​ជូនជនរួមជាតិនៅ​ទូទាំងប្រទេសថា ​សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​បញ្ចេញ​រថ យន្ត​ក្រុង​សាធារណៈ​ចំនួន១២០ គ្រឿង ​សម្រាប់​ដឹកជញ្ជូន ប្រជាពលរដ្ឋ​ពី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​នានា​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរដោយ​ឥតគិតថ្លៃ ​ចា​ប់​ពី​ថ្ងៃទី​១២​ដល់ថ្ងៃទី​១៨ ខែ មេសា ឆ្នាំ ២០១៩ ។

ក្នុងការអញ្ជើញចូលរួមជំនួបប្រចាំឆ្នាំជាលើកទី៤ ក្នុងពិធីជួបសំណេះសំណាល និង​ទទួលទានអា​ហា​រ​​សាមគ្គីជាមួយកីឡាករ កីឡាការិនីកម្ពុជាចំនួនជាង៤.០០០នាក់ នារសៀល​ថ្ងៃព្រហស្បតិ៍ ១​៥​​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈ​មណ្ឌ​លកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ​នៅ​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០​១៩​ រយៈ​ពេល០​​៧​ថ្ងៃ ​សាលារាជធានី​ភ្នំពេញ​នឹងដាក់​រថយន្ត​១២០គ្រឿង ​ដើម្បី​ដឹក​បងប្អូន​ប្រជា​ពលរដ្ឋ​របស់​យើ​ង ​ពី​រាជធានី​ភ្នំពេញ​ទៅតាម​ខេត្ត​និង​ពី​តាម​ខេត្ត​មក​រាជធានី​ភ្នំពេញ ​ដោយ​មិន​គិ​ត​ប្រាក់​សម្រាប់​បងប្អូន ​ព្រោះសម្ដេច​មិន​ចង់​និយាយ​បញ្ហា​ច្រំ​ដែល​ជាមួយ​ម្ចាស់​រថយន្តឈ្នួល​ទៀ​ត​​​ទេ ​ដែល​កាល​មុននេះ ​ប៉ុន្មាន​ឆ្នាំ​ហើយ​ដែលសម្ដេចតេជោ​បាន​អំពាវនាវឱ្យ​ម្ចាស់រថយន្ដដឹកជញ្ជូនអ្នកដំណើរទាំងអស់ ​កុំ​ដំឡើងថ្លៃ​នៅក្នុង​ពេ​លបុណ្យ​​​ចូលឆ្នាំ ​និងបុណ្យ​ភ្ជុំបិណ្ឌ ​ក៏ប៉ុន្តែ​មួយចំនួន​ក៏បាន​ស្តាប់​ តែមួយ​ចំនួន​មិន​បាន​ស្តាប់​ទេ​​។​ សម្ដេចតេជោបានលើកឡើងថា​ ​ការសម្រេច​បញ្ចេញ​រថយន្តក្រុងចំនួន១២០ គ្រឿង​នេះ ​ក៏​ដោយសារតែ​សម្តេច​មានការ​ធុញ​ទ្រាន់​ក្នុងការ​និយាយ​ជាមួយនឹង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ឯកជន​ដែល​តែងតែ​ដំឡើងថ្លៃ​ឈ្នួ​ល​រថយន្ត​ក្នុងឱកាស​បុណ្យចូលឆ្នាំខ្មែរ ផងដែរ។

 

សូមបញ្ជាក់ថា ចំពោះ​រថយន្តក្រុង​សាធារណៈ​នឹងត្រូវ​ពង្រា​យ​​​នៅផ្លូវជា តិ​លេខ​១​មានភ្នំពេញ​-​ខេត្តកណ្តាល​-​ស្វាយរៀងចំនួន​៥​គ្រឿង ​ភ្នំពេញ​-​កណ្តាល​-​ព្រៃ​វែង ៥ គ្រឿង សរុប​១០​គ្រឿង​ ផ្លូវជាតិ​លេខ​២ ភ្នំពេញ​-​តាកែវ ៥​គ្រឿង​ ផ្លូវជាតិ​លេខ​៣ ភ្នំ​ពេញ​-​កែប ៥​គ្រឿង​ ភ្នំពេញ​-​កំពត ៥​គ្រឿង​សរុប ១០​គ្រឿង​ ផ្លូវជាតិ​លេខ​៤ ភ្នំពេញ -​កំពង់ស្ពឺ ៣​គ្រឿង​, ភ្នំពេញ​-​ក្រុងព្រះសីហនុ ៧​គ្រឿង សរុប​១០​គ្រឿង។​ ផ្លូវជាតិ​លេខ​៥ ភ្នំពេញ​-​កំពង់ឆ្នាំង​៥​គ្រឿង,ភ្នំ​ពេញ​-​ពោធិ៍សាត់ ១០​គ្រឿង​ ភ្នំពេញ​-​បាត់ដំបង១៥គ្រឿងភ្នំពេញ​-​បន្ទាយមានជ័យ​១៥​​​គ្រឿង សរុប​៤៥​គ្រឿង។​ ផ្លូវជាតិ​លេខ​៦ ភ្នំពេញ​-​កំពង់ធំ ៥​គ្រឿង​ ភ្នំពេញ​សៀមរាប​១៥​គ្រឿង សរុប​២០​គ្រឿង​ ផ្លូវជាតិ​លេខ​៦និង​លេខ​៧ ភ្នំពេញ​-​កំពង់ចាម ៥​គ្រឿង ភ្នំពេញ​-​ត្បូងឃ្មុំ ៥​គ្រឿង សរុប ១០​គ្រឿង។​ ផ្លូវជាតិ​លេខ​៦ និង​លេខ​៨ ភ្នំពេញ​-​ក្រចេះ​៥​គ្រឿង ភ្នំពេញ​-​ស្ទឹ​ង​ត្រែ​ង​​៥​គ្រឿង​សរុប​១០​គ្រឿង​។ ចំណែក​​នៅ​រាជធានី​ភ្នំពេញ​វិញ​រថយន្ត​ក្រុង​សាធារណៈ​របស់​រដ្ឋ​ក៏​បើកឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​មិន​គិតថ្លៃ​ដែរ រាប់ទាំង​កាណូត​ដឹក​ពី​ខេត្តកណ្តាល​មក​ភ្នំ​ពេ​ញ​ផងដែរ។ ចំណែ​ក​រថភ្លើង​ទាំងពីរ​ខ្សែ​ក៏​ត្រូវបាន​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅមក​ដោយ​មិន​គិ​ត​ថ្លៃ​ផងដែរ៕

ដោយ ជឹម ណារី