មន្ទីរទេសចណ៍ខេត្តស្ទឹងត្រែង ពង្រឹងសេវាកម្មទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានអំពាវនាវ ឱ្យអ្នកលក់ដូរនៅតាមភោជណីយដ្ឋាន កន្លែង កំសាន្តនានា និងម្ចាស់អាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ ជួយទប់ស្កាត់ កុំតម្លើងថ្លៃចំណីអាហារ និងសេវាកម្មផ្សេងៗ ឡើងហួសហេតុពេក ព្រោះបង្កផលប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ។
ក្នុងឱកាសចុះផ្សព្វផ្សាយសារាចរណែនាំស្តីពីការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅខេត្តស្ទឹងត្រែង លោក អ៊ន ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបាន លើកទឹកចិត្តឱ្យ គ្រប់ម្ចាស់អាជីវកម្មដែលប្រកបរបរអាជីវកម្មពាក់ព័ន្ធនិងវិស័យទេសចរណ៍ត្រូវចូលរួមជួយលើកស្ទួយវិស័យទេសចណ៍ឲ្យកាន់តែប្រសើរឡើង។លោកថា៖កត្តាជួយលើកស្ទួយនេះគ្រាន់តែបងប្អូនបង្កើនភាពរុះរាយរាក់ទាក់និងមិនតម្លើងថ្លៃរាល់សេវាផ្សេងៗ គឺវាល្អ ចំពោះភ្ញៀវមកលេងខេត្តយើង។
លោកបានអោយដឹងទៀតថាភ្ញៀវខ្លះគាត់មានថវិកាតិចតួចក៍អាចមកលេងនៅក្នុងខេត្តខេត្តស្ទឹងត្រែង បាន។ដូច្នេះសុំឱ្យអ្នកលក់ដូរនិងម្ចាស់អាជីវកម្មផ្សេងៗ រក្សាតម្លៃនៃសេវាកម្មសម្រាប់ភ្ញៀវដោយកុំតម្លើងថ្លៃហួសហេតុ ធ្វើឱ្យភ្ញៀវមានការអាក់អន់ចិត្តនិងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់បងប្អូននៅពេលអនាគតទៅវិញទេ។
កញ្ញា និប ប៊ុនដានី ម្ចាស់សណ្ឋាគាររស្មីពេជ្រស្ទឹងត្រែង បានអះអាងថា៖មកដល់ឆ្នាំ២០១៩នេះគ្រប់ម្ចាស់អាជីវកម្ម បានទទួលការណែនាំពីមន្ទីរទេសចរណ៍ជាច្រើនលើកច្រើនសាររួចមកហើយ ដូចនេះយើង និងប្រឹងប្រែង ទាំងអស់គ្នាដើម្បី កិត្តិយសរបស់ខេត្តយើង។ កញ្ញាបន្តថាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សណ្ឋាគាររបស់កញ្ញាបានរៀបចំកន្លែង ឱ្យមានផាសុខភាព ហើយចំណែកឯតម្លៃក៍មិនមានការឡើងថ្លៃនោះទេ។
លោកខាំរ៉ាម៉នអ្នកចាត់ចែងការងារសេវាកម្មនៅភោជណីយដ្ឋានសាធុការ៧១ស្ទឹងត្រែងដែលមានទីតាំងនៅខាងលិចស្ពានសេកុងប្រមាណ៣០ម៉ែត្រ បានគាំទ្រចំពោះការរៀបចំឱ្យមានភាពស្អាតព្រោះវាបានទាក់ទាញភ្ញៀវឱ្យមកម្ដងហើយចង់មកម្ដងទៀត។ លោកថា៖ចំណែកផ្នែកភោគជណីយ៍ដ្ឋានក៍បានយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់មន្ទីរទេសចរណ៍ដែរ។
លោកខាំរ៉ាម៉នបានអោយដឹងទៀតថានៅក្នុងការលក់ គឺ មានតារាងតម្លៃដោយសារបាទទួលការអប់រំពីមន្ទីរទេសចរណ៍ ក៍ដូចជាការណែនាំពីក្រសួងផ្សេងៗ គឺតារាងតម្លៃថេរ ។
លោក ផាន់ ដន ភ្ញៀវទេសចរទៅពីខេត្តត្បូងឃ្មុំបានសាទរចំពោះការស្មគ្រចិត្តរបស់ម្ចាស់អាជីវកម្មដែលគ្នានាំគ្នាទទួលយកការណែនាំរបស់មន្ទីរទេសចរណ៍ ព្រោះកន្លងមកមានបងប្អូនអាជីវករមួយ
ចំនួនបានយកឱកាសមានបុណ្យទាននេះមកតម្លើងថ្លៃសេវាកម្មធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវ។
សូមបញ្ចាក់ថា៖នេះជាគោលដៅ របស់ក្រសួងទេសចរណ៍ជំរុញឱ្យមានការកែប្រែឥរិយាបទ ដើម្បីចលនាប្រឡងប្រណាំង(ទីក្រុងស្អាត-រមណីយដ្ឋានល្អ-សេវាល្អនិងបដិសណ្ឋាកិច្ចល្អ) ដែលផ្តើមចេញពីយើងទាំងអស់គ្នា៕