ប្រធានបទកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានក្នុងឆ្នាំនេះគឺជំរុញភាពជាដៃគូ ដើម្បីនិរន្តរភាពអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ឋនិងហិរញ្ញវត្ថុ បានដឹក នាំគណៈប្រតិភូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន លើទី២៣ កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទ៥ និង​កិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤-០៥ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុង​ឈៀងរ៉ៃ ប្រទេសថៃ ក្រោមប្រធានបទ “ជំរុញភាពជាដៃគូដើម្បីនិរន្តរភាពអាស៊ាន” ដោយមាន​ការចូលរួមពីបណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងតំបន់ ដៃគូ​អភិវឌ្ឍន៍ ព្រមទាំងវិស័យឯកជន។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា នៅក្នុង​កិច្ច​ប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើទី២៣នេះ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន គ្រោងនឹងពិនិត្យ និង​ពិភាក្សាលើសមិទ្ធផលនានា ក្រោមកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន រួមមាន៖ មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន, កិច្ចសហប្រតិបត្តិការធានារ៉ាប់រង, ការអភិវឌ្ឍទីផ្សារមូល​បត្រ និងកិច្ចសហប្រតិបត្តិការគយ និងពន្ធដារ ជាដើម។ ដោយឡែកសម្រាប់កិច្ចប្រជុំ​រួមរវាង​រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៥ អង្គប្រជុំគ្រោងនឹង​ពិនិត្យលើវឌ្ឍនភាពនៃកិច្ចការពាក់ព័ន្ធនឹងសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុអាស៊ាន ក៏ដូច​ជាគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនទៀត។ សម្រាប់របៀបវារៈ នៃកិច្ចប្រជុំទាំងពីរនេះ ឆ្លុះ​បញ្ចាំងនូវអាទិភាពដែលបានដាក់ចេញប្រទេសថៃដែលជាប្រធានអាស៊ានឆ្នាំ២០១៩ រួមមាន ទី១.ជំរុញការតភ្ជាប់ តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំង​ហិរញ្ញប្បទាន និងការតភ្ជាប់ប្រព័ន្ធទូទាត់, ទី២.ពង្រឹងភាពធន់ តាមរយៈឌីជីថលអាស៊ាន​ក្នុងការទប់ទល់នឹងការរំខានជាយថាហេតុ និង ទី៣.ធានានិរន្តរភាព តាមរយៈប្រែក្លាយឱ្យ​ទៅជាតំបន់មានហិរញ្ញប្បទានប្រកបដោយនិរន្តរភាព និងបរិយប័ន្ន ស្របតាមផែនការ​មេសហ​គមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥។ បន្ថែមពីនេះ កិច្ចប្រជុំរួមនេះ ក៏នឹងផ្តល់ឱកាសដល់ រដ្ឋមន្រី្តហិរញ្ញវត្ថុ និងទេសាភិបាលធនាគារអាស៊ាន ផ្លាស់ប្តូរទស្សនៈ និងយោបល់លើវឌ្ឍន​ភាព​សេដ្ឋកិច្ច តំបន់ និងពិភពលោក ក៏ដូចជាបញ្ហាប្រឈមនានាផ្នែកគោលនយោបាយ សំដៅ​ធានាបាននូវក្របខ័ណ្ឌសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុតំបន់រឹងមាំ និងធន់នឹងវិបត្តិ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម វង្សី វិស្សុត ក៏គ្រោងចូលរួមកិច្ចប្រជុំ​ចង្អៀតរវាង​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុអាស៊ាន ដើម្បីពិភាក្សាលើបរិយាកាសហិរញ្ញវត្ថុសកលក្នុងបរិបទនៃ​ការឆ្ពោះរកសេដ្ឋ​កិច្ចឌីជីថល។ ក្រៅពីនេះ ឯកឧត្តម ក៏គ្រោងនឹងចូលរួមកិច្ចប្រជុំទ្វេភាគី និងរវាងរដ្ឋមន្រ្តីហិរញ្ញ​វត្ថុ​អាស៊ានជាមួយវិស័យឯកជន ដើម្បីពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនដូចជា ការពង្រឹង​ភាពប្រកួតប្រជែងរបស់អាស៊ាន, ការអភិវឌ្ឍនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ, សុវត្ថិភាពតាមប្រព័ន្ធ​អ៊ីនធើណែត និងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ជាដើម។ ចំណុចសំខាន់ៗនៃកិច្ច​ពិភាក្សា​ទាំងនេះ គឺសមស្របនឹងសភាពការណ៍អភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសកិច្ចខិតខំប្រឹង​ប្រែងថ្មីៗរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវយុទ្ធសាស្រ្ត គោលនយោបាយ និងវិធាន​ការជាក់ស្តែងនានា សំដៅបន្តរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន តាម​រយៈការលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពរបស់កម្ពុជា។ ឯកឧត្តម វង្សី វិស្សុត ក៏មានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC), ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) និងធនាគារវិនិយោគអឺរ៉ុប (EIB) ផងដែរ។ សូមបញ្ជាក់ថា ព្រះរាជាណាចក្រថៃ គឺជាប្រធានប្តូរវេនរបស់អាស៊ាន​សម្រាប់ឆ្នាំ​២០១៩ នេះ៕

ដោយ គង់ សិរីរ័ត្ន