ការប្រកួតកីឡាហែលទឹកពានរង្វាន់សម្តេចក្រឡាហោម ស ខេងគ្រោងធ្វើនៅថ្ងៃទី១១ ខែមេសា នៅពហុកីឡដ្ឋានជាតិមរតកតេជោ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ — សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសជូនដំណឹង ស្តីពីការរៀបចំការប្រកួតកីឡាហែលទឹក ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០១៩ ពេញមួយថ្ងៃ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងអំឡុងពាក់កណ្តាលខែមេសាខាងមុខឆាប់ៗនេះ។លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកអះអាងថា ការប្រកួត កីឡាហែលទឹក ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ប្រចាំឆ្នាំ២០១៩នេះត្រូវ បានរៀបចំលក្ខណៈបច្ចេកទេសដោយដោយសហព័ន្ធខ្មែរ កីឡាហែលទឹកក្រោមការឧបត្ថម្ភ និងការលើកទឹក ចិត្តដ៏ថ្លៃថ្លាពីសម្តេចក្រឡាហោម ស ខេង ដើម្បីជួយជំរុញដល់ការអភិវឌ្ឍវិស័យកីឡាហែលទឹក នៅកម្ពុជាឱ្យកាន់តែរីកចម្រើន​បន្ថែម​ទៀត។

គួរបញ្ជាក់ថា ការប្រកួតនេះត្រូវបានបែងចែកទៅតាមកម្រិតអាយុរបស់កីឡាករ-កីឡា​ការិនីចំនួន៤កម្រិត ដោយកម្រិត​ទី១ កុមារា-កុមារី ដែលមានអាយុក្រោម១៣ឆ្នាំគិតត្រឹម​ថ្ងៃប្រកួត, កម្រិតទី២ កុមារា-កុមារី ដែលមានអាយុក្រោម១៨ឆ្នាំគិតត្រឹមថ្ងៃប្រកួត, កម្រិតទី៣ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ និងកម្រិតទី៤ ក្រុមកីឡាករ-កីឡាការិនីជនពិការ។ ជាមួយគ្នានេះដែរ កីឡាករ-កីឡាការិនីម្នាក់ៗអាចមានសិទ្ធិប្រកួតបានចំនួន២វិញ្ញាសា៕

ដោយ ហេង ណាលីន