គ្រូបង្គោលវិសាខា៖ យើងតែងតែផ្លាស់ប្តូរទម្រង់លេងតាមភាពជាក់ ស្តែងនៃក្រុមគូ ប្រកួតនីមួយៗ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ — គ្រូបង្គោលក្លិបកីឡាបាល់ទាត់វិសាខា, លោក ហុក សុជីវ័ន បានបញ្ជាក់នៅក្នុងពេលបង្វឹកកូន​ក្រុមរបស់ខ្លួនថា សម្រាប់ការជួយប្រកួតជាមួយម្ចាស់ផ្ទះ ភ្នំពេញក្រោន នា ជំនួបសន្សំពិន្ទុ​សប្តាហ៍ទី៣ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩ នាថ្ងៃអាទិត្យ ទី០៧ ខែមេសា នាចុងសប្តាហ៍នេះ គឺលោកតែងផ្លាស់ប្តូរទម្រង់លេងតាមភាព ជាក់ស្តែងនៃក្រុមជាគូប្រកួត នីមួយៗ។

លោកបានគូសបញ្ជាក់ថា សម្រាប់កូនក្រុមរបស់លោកមិនមានបញ្ហាអ្វីឡើយ ដោយ​កីឡាកររបួសមួយចំនួន កាលពីពេលកន្លងទៅបានល្អប្រសើរឡើងវិញ១០០ភាគរយ ពោលគឺការហ្វឹកហាត់ត្រៀម ជួបជាមួយភ្នំពេញក្រោននេះ គឺបានត្រៀមខ្លួនរួចរាល់អស់ហើយ​ ដើម្បីប្រជែងឱ្យបាននូវលទ្ធផលដ៏ល្អមួយ។ ក្នុងអំឡុងពេលហ្វឹកហាត់ជារៀងរាល់ថ្ងៃនេះ គឺកីឡាករទាំងល្អបានបង្ហាញ ទម្រង់លេងបានល្អច្រើន​ តាមអ្វីដែលលោកបានដាក់ក្តី រំពឹង នោះ។ ជាក់ស្តែង កាលពីប្រកួត ទី២ ចុងសប្តាហ៍មុននេះ គឺក្រុមវិសាខាបានយកឈ្នះលើគូ ប្រកួតរបស់ខ្លួន គីរីវង់សុខ សែន ជ័យ ដោយលទ្ធផល២ទល់០។

លោក ហុក សុវីវន បានបង្ហាញនូវការស្ញើចសរសើរចំពោះក្លិបភ្នំពេញក្រោន ដែល មានបទពិសោធន៍ជោគជាំទាំងនៅលើទីលានក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា និងនៅលើអន្តរ ជាតិជាដើម។ ប៉ុន្តែអ្វីដែលសំខាន់គឺ ក្រុមរបស់លោកក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ សម្រាប់ជំនួបក្រៅផ្ទះ ជាលើកដំបូង នាសប្តាហ៍ទី៣នេះ។

គួររម្លឹកថា ២ប្រកួតក្នុងដីរបស់ក្រុមវិសាខា ឈ្នះ១ប្រកួត និងស្មើមួយប្រកួតមាន៤ពិន្ទុ ឈរនៅ លេខ៤ បណ្តោះអាសន្ន ខណៈ២ប្រកួតរបស់ភ្នំពេញក្រោន ឈ្នះ១ប្រកួត និងចាញ់១ ប្រកួត មាន៣ពិន្ទុ ឈរនៅលេខ៥បណ្តោះអាសន្ន។ គ្រប់ក្រុមទាំង១៤នៃក្របខ័ណ្ឌលីគកំពូល​ កម្ពុជានឹងត្រូវបន្តជួបគ្នាចំនួន២ជើងស្មើនឹង២៦ប្រកួត ក្នុង១ក្រុមៗ ដោយប្រើប្រាស់រូបមន្ត សន្សំពិន្ទុសុទ្ធ ហើយក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ១នឹងក្លាយ ជាក្រុមជើងឯកតែម្តង៕

ដោយ ហេង​ ណាលីន