ខេត្តកំពង់ឆ្នាំងឈរនៅលេខ១ ឈ្នះមេដាយមាស៤ ក្នុងចំណោម៩វិញ្ញាសានៃកីឡា​សិស្សបឋមសិក្សាជើងឯកថ្នាក់ជាតិ ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ — ក្រុមកីឡាខេត្តកំពង់ឆ្នាំងបានជាប់ចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដាយមាសចំនួន៤ វិញ្ញាសា ក្នុងចំណោមមេដាយមាស៩វិញ្ញាសា ក្នុងចំណោម២៥រាជធានី-ខេត្ត ដែលបានចូល រួមប្រកួតជ្រើសរើសសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំសិក្សា ២០១៨-២០១៩ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅវិមានកីឡដ្ឋាន ជាតិ។ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាង ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់​លើក្រុមកីឡា ខេត្តទាំងអស់ ដែលមិនឈ្នះមេដាយសោះនោះត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍវិស័យកីឡា ពិសេសកីឡាតាមគ្រឹះស្ថានអប់រំ ដើម្បីធានានិងរួមចំណែក​ការអភិវឌ្ឍវិស័យកីឡាជាតិឱ្យកាន់តែរីកចម្រើន ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។

ឯកឧត្តមបញ្ជាក់ថា រាជធានី និងខេត្ដធំៗជាច្រើនដណ្ដើមមេដាយមិនបានសូម្បីតែ១គ្រឿង ផ្ទុយពីខេត្តតូចៗមួយចំនួនបែរជាដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិគួរឱ្យស្ញើច សរសើរ​ទៅវិញ។ ឯកឧត្តមបានលើកឡើងនូវខេត្តកំពង់ឆ្នាំង ដែលខិតខំដណ្តើមបានចំណាត់ ថ្នាក់លេខ១ ដោយខេត្តនេះ ជួបការលំបាក និងការខ្វះខាត ប៉ុន្តែថ្នាក់ដឹកនាំ និងមន្ដ្រីបាន រៃអង្គាសគ្នា ដើម្បីឧបត្ថម្ភ និងផ្ដល់ភាពកក់ក្ដៅដល់កីឡាករ-កីឡាការិនី។ ជាមួយគ្នានេះ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡាសុំស្នើឱ្យរាជធានីភ្នំពេញ និងខេត្តធំៗ ដូចជាខេត្ត​បាត់ដំបង កំពង់ចាម បន្ទាយមានជ័យ និងសៀមរាបជាដើម គប្បីត្រូវប្រឹងប្រែង ដើម្បីការ អភិវឌ្ឍវិស័យកីឡានៅតាមខេត្តរៀងៗខ្លួន ដើម្បីទទួលបានលទ្ធផលល្អប្រសើរ នាឆ្នាំក្រោយៗ ទៀត។

យោងតាមលទ្ធផលបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួតរបស់ក្រសួងអបរំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងចំណោមវិញ្ញាសាចំនួន៩ លើ៤ប្រភេទកីឡា មានបាល់ ទាត់ បាល់ទះ បាល់បោះ និងអត្តពល កម្មនោះ គឺក្រុមកីឡាកម្រិតបឋមសិក្សាខេត្តកំពង់ឆ្នាំង ក្តោបក្តាប់មេដាយមាសរហូតដល់៤វិញ្ញាសា និងមេដាយ សំរឹទ្ធិ ឈរនៅចំណាត់ថ្នាក់លេខ១, ខេត្តព្រៃវែង លេខ២ មេដាយមាស២ ប្រាក់១ និងសំរឹទ្ធិ១, ខេត្តកំពត លេខ៣ មេដាយមាស១ និងប្រាក់២ ខណៈខេត្តកែប និងព្រះសីហនុ ឈរនៅលេខ៤ និងលេខ៥ ដោយឈ្នះមេដាយ មាស១វិញ្ញាសាដូចគ្នា។ ចំពោះ៧ខេត្តផ្សេងទៀត ឈ្នះមេដាយប្រាក់ និងសំរឹទ្ធិ រីឯ១៣ខេត្ត ក្នុងនោះ មានរាជធានីភ្នំពេញគឺមិនបានឈ្នះមេដាយ១គ្រឿងឡើយ។

គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០១៩ ត្រូវបានរៀបចំ​ឡើងដោយក្រសួង អប់រំ យុវជន និងកីឡា ដែលដាក់ឱ្យប្រកួតនូវ៤ប្រភេទកីឡា ស្មើនឹង​៩​វិញ្ញាសា ដោយមានប្រតិភូ កីឡាករ-កីឡាការិនី២៥រាជធានី-ខេត្ត សរុបចំនួន ១៦០៥នាក់៕

ដោយ ហេង​ ណាលីន