ក្រសួងយុត្ដិធម៌ លើកឡើងថា បច្ចុប្បន្នស្ត្រីជាប់ពន្ធនាគារមានចំនួនជាង២.០០០នាក់

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ — លោក សុច សុផាន់ណារ៉ា អគ្គនាយករងនៃអគ្គនាយករដ្ឋាន និងអយ្យការនៃក្រសួង យុត្តិធម៌ បានលើកឡើងថា បច្ចុប្បន្ននេះមានស្ត្រីដែលកំពុងជាប់ពន្ធនាគារមានជាង២.០០០នាក់ ដែល ភាគច្រើនគឺពាក់ព័ន្ធនឹងគ្រឿងញៀន។ ថ្លែងប្រាប់អ្នកសារព័តមាននារសៀលថ្ងៃទី០៤ខែមេសា ឆ្នាំ២០១៩ នៅទីស្តីក្រសួងយុត្ដិធម៌ លោក សុខ សុផាន់ណារ៉ា​បានគូសបញ្ជាក់ថា សម្រាប់កិច្ច​ប្រជុំរបស់គណៈកម្មការថ្នាក់ជាតិត្រួតពិនិត្យ និងវាយតម្លៃដល់ទណ្ឌិតក្នុងការលើកលែងលែង និងបន្ធូរបន្ថយទោសថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ គឺមានទណ្ឌិតចំនួន៤៦០នាក់ ក្នងនោះ មានស្ត្រី៤៩នាក់ មកពីពន្ធនាគារខេត្ត រាជធានីចំនួន ១៨ និងមណ្ឌលអប់រំកែ​ប្រែ​ទាំងបួន​បាន​ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ លោកបានបន្ដថា ប្រមុខរាជ​រដ្ឋាភិ​បាលតែងតែយកចិត្តទុកដាក់ចំពោះជនជាប់ទោសជាស្ត្រី ជាពិសេសស្ត្រីដែលមានកូន​នៅជាមួយម្ដាយ ស្ត្រីដែលមានគភ៌ ស្ត្រីដែលចាស់ និងស្ត្រីដែលមានជំងឺធ្ងន់ធ្ងរ។

លោកបានលើកឡើងថា ក្រោយពីមានការផ្តល់អនុសាសន៍ពីសម្តេចតេជោនាយករដ្ឋ មន្រ្តីមក ក្រសួងយុត្តិធម៌បានបើកកិច្ចប្រជុំដោយបានកោះហៅស្ថាប័ន​តុលាការដែលមាន​ប្រធានតុលាការ ប្រធានព្រះរាជអាជ្ញា ដើម្បីសុំទិន្នន័យស្ត្រីដែលកំពុងជាប់ក្នុង​ពន្ធនាគារ។ លោកបានបន្ដថា ក្រសួងយុត្តិធម៌ក៏បានជំរុញឱ្យប្រធានតុលាការ ប្រធានព្រះរាជអាជ្ញា​ ចាត់ ការលើសំណុំរឿងស្ត្រីឱ្យបានឆាប់ផងដែរ។ សម្រាប់ថ្ងៃនេះផងដែរ កិច្ចប្រជុំគណៈកម្មការថ្នាក់​ជាតិវាយតម្លៃត្រួតពិនិត្យនៃការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដែលជាគោលការណ៍ មនុស្សធម៌ផងដែរ។ លោក សុច សុផាន់ណារ៉ា ក៏បានបន្ដទៀតថា ការជួបពិភាក្សាជាមួយ ប្រធានតុលាការ ប្រធានព្រះរាជអាជ្ញារួចមក គឺឃើញថា មានស្ត្រីដែលកំពុងជាប់ក្នុងពន្ធនា គារសរុប២.៤៤១នាក់ ក្នុងនោះស្ត្រីដែលមានគភ៌៤៤នាក់ និងស្ត្រីមានកូនតាមម្តាយ​ចំនួន១២៦​នាក់។ ទន្ទឹមនេះ សម្រាប់ការលើកលែងទោសចំពោះស្ត្រីដែលតាម​គោលការណ៍​របស់រាជរដ្ឋា ភិបាលក្នុងការលើកលែង និងបន្ធូរបន្ថយទោសចំពោះស្ត្រីមិនមែនធ្វើតែសម្រាប់ ថ្ងៃចូលឆ្នាំខ្មែរ​នោះ​ទេគឺធ្វើជានិរន្តរ។ លោកបានបន្ថែមថា ទាក់ទងនឹងនីតិវិធីតុលាការខាងក្រសួងយុត្តិធម៌​ជំរុញឱ្យពន្លឿនលើបណ្ដឹងរបស់ស្ត្រី និងរកឯកសារទាក់ទងនឹងសាលក្រមជាស្ថាពរ​ដើម្បី​ងាយ​ស្រួលបន្ធូរបន្ថយទោសនិងលើកលែងទោស។

លោកបានឱ្យដឹងទៀតថា ការលើកលែងទោសធ្វើជារៀងរាល់ឆ្នាំមានចំនួនបីដង មាន​ថ្ងៃចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា និងព្រះរាជពិធីបុណ្យអុំទូក។ ជាក់ស្តែងប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ ដែលកាលពីថ្ងៃទិវានាទីអន្ដរជាតិ៨ មីនាកន្លងមកនេះ សម្ដេចតេជោ ក៏បានជំរុញឱ្យមានការដោះស្រាយ​លើសំណុំរឿងស្ត្រីដែល​កំពុងជាប់ពន្ធនាគារផងដែរ។ ព្រោះថាអ្វីដែលចាប់អារម្មណ៍នឹងលំបាកចំពោះភ្នែកនោះ គឺស្ត្រីដែលមានកូននៅជាមួយ ម្ដាយ។ លោកបានអះអាងថា ស្ត្រីដែលកំពុងជាប់ពន្ធនាគារភាគច្រើន​ជាអ្នកប្រើប្រាស់គ្រឿង ញៀននិងប្តីលែងលះ។ ដូច្នេះបញ្ហាដែលពិបាកនោះគឺកូនដែលរស់នៅជាមួយម្តាយក្នុងពន្ធនា គារ។

លោកបានបញ្ជាក់បន្ថែមថា “ក្នុងន័យនេះមិនមែនជំរុញឱ្យស្ត្រីប្រព្រឹត្ដបទល្មើសគ្រាន់តែ​ក្នុងន័យមនុស្សធម៌ដើម្បីឱ្យពួកគាត់ស្ដារនីតិសម្បទាឡើងវិញក្នុងការរួមរស់ជាមួយនឹងគ្រួសារជាពិសេសកូនដែលរស់នៅក្នុងពន្ធនាគារមិនបានដឹងអ្វីសោះបែរជាមកជាប់ពន្ធនាគារជាមួយម្តាយដែរ”។ ក្រៅពីនេះ ចំពោះទិន្នន័យស្ត្រីដែលបានដាក់ស្នើសុំមកគណៈ​កម្មការថ្នាក់ជាតិនេះ​គឺមានអាទិភាពប៉ុន្តែក៏នឹងពិភាក្សាពិនិត្យមើលលើឯកសារមួយចំនួនទៀតទើបលើកលែង និង បន្ធូរបន្ថយទោសបាន។ លោកបានពន្យល់បន្ថែមថា បានន័យថាក្រសួងនឹងមើលសកម្មភាព​របស់ពួកគាត់ ប៉ុន្តែសម្រាប់ការលើកលែង និងបន្ធូរបន្ថយទោសនេះ យើងយកចិត្តទុកដាក់ ណាស់ ទៅលើឯកសារពាក់ព័ន្ធដូចជាសាលក្រមសាលដីកា ដែលចេញជាស្ថាពរដើម្បីរៀប ចំជាព្រះរាជក្រឹត្យ។ ក្រៅពីនេះ ចំពោះទណ្ឌិតក៏នឹងពិនិត្យទៅលើសកម្មភាព របស់ទណ្ឌិត នីមួយៗដែរ ប៉ុន្តែបើនិយាយជាទូទៅវិញទាក់ទងនឹងការស្នើសុំលើកលែង និងបន្ធូរបន្ថយ ក៏ផ្ដោតលើអំពើរបស់ទណ្ឌិតប្រព្រឹត្តផងដែរ។

លោក អ៊ុច ពង្ស អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បាន​លើក​ឡើងថា ខាងពន្ធនាគារ អប់រំកែប្រែមកពី រាជធានី​ខេត្តបានដាក់សំណើមកដើម្បីស្នើ​សុំឱ្យ​គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃចំនួន៤៦០នាក់ ក្នុងនោះស្ត្រី៤៩នាក់។ លោកបន្តថាតាមសំណើរបស់គណៈកម្មការរាជធានីខេត្តស្នើសុំលើកលែងទោសចំនួន ៧២នាក់ ស្រី៣នាក់ ហើយស្នើសុំលើកលែងទោសពីមួយជីវិតមកត្រឹម២០ឆ្នាំ មាន១០នាក់ ប្រុស៧នាក់ ស្រី៣ នាក់ និងស្នើសុំបន្ធូរបន្ថយទោសរយៈពេល១២ខែ មានចំនួន១៤៤នាក់ ស្ត្រី២១នាក់ សុំរយៈ៩ខែ មានចំនួន៩២នាក់ ស្ត្រី៨នាក់ និងស្នើសុំបន្ធូរបន្ថយរយៈពេល ៦ខែ​មានចំនួន១៨២នាក់ ក្នុងស្ត្រី២៥នាក់៕

ដោយ ប៊ុន រិទ្ធ