លោក​​ជំទាវអនុប្រធានទី២ នៃរដ្ឋសភា នឹងអញ្ជើញទៅចូលរួមសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (ICAPP) លើកទី៣២  នៅរដ្ឋធានីកូឡំបូ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ — លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) ប្រធានក្រុមវប្បធម៌អាស៊ី និងជា សហប្រធានវេទិកានយោបាយអាស៊ី-អឺរ៉ុប (AEPF)    ក្នុងនាមសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ទៅចូលរួមវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី៣ និងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ លើកទី៣២ របស់(ICAPP)  នៅរដ្ឋធានីកូឡំបូ នៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយម ស្រីលង្កា​ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា ការអញ្ជើញចូលរួមរបស់គណៈប្រតិភូគណបក្សប្រជាជនកម្ពុជានាពេលនេះ ធ្វើឡើងតប តាមការអញ្ជើញរបស់ឯកឧត្តម ម៉ៃទ្រីផាលា ស៊ីរីសេនា (Maithripala Sirisena) ប្រធានាធិបតីស្រីលង្កា និងឯកឧត្តម រ៉ានីល វីគ្រីម៉េស្ហីងហ៍(Ranil Wickremesinghe) នាយករដ្ឋមន្ត្រីស្រីលង្កា និងជាប្រធានគណបក្សរួបរួមជាតិ ដែលជាគណបក្សកាន់អំណាច នៅក្នុងរដ្ឋាភិបាលស្រីលង្កា និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះផងដែរ។ កិច្ចប្រជុំនៃវេទិកានេះ ផ្តោតលើប្រធានបទ ស្តីពី «តួនាទីរបស់គណបក្សនយោបាយ ក្នុងការដោះស្រាយ បញ្ហាប្រឈម នៃសន្តិសុខសង្គម និងការងារសម្រាប់កំណើនប្រជាជនវ័យចំណាស់ ក៏ដូចជាបញ្ហាសំខាន់នានានៅក្នុងតំបន់អាស៊ីនាពេលបច្ចុប្បន្ន»។

នៅក្នុងវេទិកានេះ លោកជំទាវ ឃួន សុដារី នឹងអញ្ជើញចូលរួមក្នុងពិធីបើក  និងថ្លែងសុន្ទរកថាអបអរសាទរ ក៏ដូចជាផ្តល់នូវបទអត្ថាធិប្បាយផ្សេងៗ ស្តីពីកំណើនប្រជាជន មានវ័យចំណាស់ និងផលប៉ះពាល់ទៅលើបញ្ហាសន្តិសុខសង្គម និងវិធានការណ៍ដោះស្រាយ បញ្ហាប្រឈមនេះក្នុងបរិបទ​តំបន់ ពិភពលោក ជាពិសេសគោលនយោបាយ និងកម្មវិធីនានា ដែលព្រះរាជាណាចក្រកម្ពុជាអនុវត្តន៍កន្លងមក ក្រោមការដឹកនាំរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះគណៈប្រតិភូនឹងចូលរួមផងដែរ ក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ អាយកាប់(ICAPP)លើកទី៣២ ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើន ទាក់ទងនឹងសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក ទាក់​ទងនឹងគោលដៅ អាយកាប់(ICAPP)រួម។ ក្នុងកិច្ចប្រជុំនេះដែរគណៈប្រតិភូ នឹងធ្វើរបាយការណ៍ ស្តីពីវឌ្ឍនភាពក្រោយប្រកាសជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលប្រព្រឹត្តទៅនៅខេត្ត សៀមរាបប្រកប​ដោយជោគជ័យ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដោយមានចូលរួម ពីថ្នាក់ដឹកនាំរដ្ឋ តំណាងមកពីប្រទេសជាសមាជិក អាយកាប់(ICAPP​) សមាជិកវេទិកាអាស៊ី-ប៉ាស៊ីហ្វិក(APPF) និងអ្នកជំនាញជាតិ អន្តរជាតិប្រមាណជាង ៧០០នាក់ មកពី៥០ប្រទេស។

សូមបញ្ជាក់ថា វេទិកានយោបាយអាស៊ី-អឺរ៉ុប គឺជាវេទិកាមួយក្នុងចំណោមវេទិកា ផ្សេងៗទៀតរបស់(ICAPP) ដែលបានបង្កើតឡើង និងរៀបចំការប្រជុំលើកដំបូងរបស់ខ្លួន ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០​១៧​ នៅទីក្រុងសេអូល ដែលបានអនុម័ត គោលការណ៍ណែនាំសម្រាប់ដំណើរការជាទូទៅ នៃ AEPF។ កិច្ចប្រជុំលើកទី២ ត្រូវបានធ្វើឡើងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ដែលកម្ពុជាជាសហប្រធានជាមួយចក្រភពអង់គ្លេស។ AEPFមានបំណងបង្កើត ទំនាក់ទំនងជាទៀងទាត់ និងជំរុញកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធរវាង (ICAPP) នឹងគណបក្សនយោបាយនៅទ្វីបអឺរ៉ុប ជាពិសេសក្រុមធំៗទាំង៤ នៃគណបក្សនយោបាយនៅ ក្នុងសភាអឺរ៉ុប។ ចំណែកក្រុមប្រឹក្សាវប្បធម៌អាស៊ី គឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជា ចិន នេប៉ាល់ និងរុស្ស៊ី៕ ដោយ ប៉ាល់ សុង