រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំ​ដើម្បីត្រួតពិនិត្យ  និងពង្រឹងការត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ការអនុវត្តច្បាប់​ ស្តីពីចរាចណ៍​ផ្លូវ​គោកឱ្យបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ — នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥រោច ខែ​ផល្គុន ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី០​៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បានអញ្ជើញ​ជា​អធិបតី​ ក្នុងពិធិបើកកិច្ច​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹង កិច្ចការត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ គ្រឿងញៀន​ គ្រឿងស្រវឹង និង​ការអនុវត្តច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោកឱ្យបានជាប់ជាប្រចាំ និង​ជា​ពិសេស​កិច្ច​ការ​ការពារ​សន្ដិសុខ សណ្ដាប់​ធ្នាប់ និង​របៀបរៀបរយ​សាធារណៈជូន​បងប្អូន​ប្រជាពលរដ្ឋនៅ​ក្នុង​ឱកាស​ពិធី​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខាងមុខ។​       

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យមន្រ្ដីក្រោមឱវាទទាំងអស់ ត្រូវអនុវត្ដន៍តាមលិខិតរដ្ឋបាលរាជធានីភ្នំពេញចុះ​នៅទី០១ ខែមេសាកន្លងនេះ ដោយមាន ចំណុចចំនួន៣ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ​សណ្តាប់ធ្នាប់​និងរបៀបរៀប​រយ​សាធារណៈ​នៅក្នុងរាជធានីភ្នំពេញ​ នា​ឱកាស​​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នាពេលខាងមុខនេះ មានដូចជា៖ទី១. មន្ដ្រី ខណ្ឌ សង្កាត់ ផ្សព្វផ្សាយទៅប្រជាពលរដ្ឋឱ្យគោរព ច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ ទី២. មន្ដ្រី ខណ្ឌ សង្កាត់ទាំងអស់ត្រូវ ចូលរួមអនុវត្ដន៍ទប់ស្កាត់គ្រោះអគ្គិភ័យដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ ចំពោះភ្លើងទៀន ធូប ភ្លើង ចង្ក្រានចរន្ត អគ្គិសនី ដើម្បីរក្សាបានទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។ ទី៣-ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ ​និងចៀសវាងដាច់ខាត​នូវការលេង បាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ឬវាយដោយរំពាត់ដល់អ្នកដំណើរនៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។

ឯកឧត្ដមបានបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្តន៍ និងផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះអ្នកប្រព្រឹត្តអំពើដែលបង្កឱ្យប៉ះពាល់ដល់ប្រពៃណី សេចក្តីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធា រណៈក្នុងរាជធានីភ្នំពេញ៕

ដោយ សួស សំរិត