ភាគីថៃនឹងប្រគល់រថភ្លើងដឹកអ្នកដំណើរប្រភេទ DMU ឲ្យកម្ពុជា ក្រោយចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់តាមផ្លូវដែក

វិទ្យុជាតិកម្ពុជា៖ ដោយលោកវ៉ាងភក្តី

ភ្នំពេញ៖ រាជរដ្ឋាភិបាលថៃ បានសន្យាថា នឹងប្រគល់រថភ្លើងដឹកអ្នកដំណើរប្រភេទ DMU ឲ្យកម្ពុជា ក្រោយចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់តាមផ្លូវដែក ដើម្បីសម្រួលដល់ការដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជា។

ឯកឧត្តម វ៉ាស៊ឹម សុរិយា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៤ ខែមេសានេះ បានឲ្យដឹងថា ភាគីថៃនឹងប្រគល់រថភ្លើងដឹកអ្នកដំណើរ DMU (Diesel Multiple Unit) ឲ្យកម្ពុជា នៅពេលដែលកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់តាមផ្លូវដែក ត្រូវបានចុះហត្ថលេខារួចរាល់ ដែលភាគីថៃស្នើសុំធ្វើនៅថ្ងៃទី២២ ខែមេសាខាងមុខនេះ ។ ឯកឧត្តម បានបញ្ជាក់ថា រថភ្លើងដឹកអ្នកដំណើរនេះ ជារថភ្លើងដើរដោយថាមពលប្រេងម៉ាស៊ូត ដែលផលិតក្រុមហ៊ុន Hitachi របស់ជប៉ុន មានចំនួន៤ទូ ដែលក្នុងមួយទូៗដឹកអ្នកដំណើរបាន៨០នាក់។

ការបញ្ជាក់ឲ្យដឹងនេះ ធ្វើឡើងក្រោយជំនួយរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម អាខុម ទឺមពីថៃយ៉ាប៉ៃសិទ្ធ(Arkhom Termpittayapaisith) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ កាលពីល្ងាចថ្ងៃទី៣ ខែមេសា នៅទីស្តីការក្រសួងក្នុងរាជធានីភ្នំពេញ ដែលផ្តោតលើការពិភាក្សាការងារស្តីពីកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែកកម្ពុជា-ថៃ និងការចាក់បេតុងតភ្ជាប់ស្ពានស្ទឹងបត់ ក្នុងទឹកដីប្រទេសកម្ពុជា-ណងអៀន ក្នុងទឹកដីថៃ។

ឯកឧត្តម វ៉ាស៊ឹម សុរិយា បានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នាឲ្យមានវគ្គសិក្សាបន្ថែមទៀត អំពីរថភ្លើងដឹកអ្នកដំណើរ DMU ដល់មន្ត្រីកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យមន្ត្រីកម្ពុជាមានជំនាញ និង សមត្ថភាពច្បាស់ក្នុងការបើកបរ ថែទាំ និងប្រើប្រាស់រថភ្លើងដែលថៃនឹងប្រគល់ជូនភាគីកម្ពុជា។ កម្មវិធីបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមពីអាទិត្យក្រោយនេះតទៅ។
សូមបញ្ជាក់ថា ជំនួបរវាងថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនកម្ពុជា-ថៃ កាលពីម្សិលមិញនេះ ក៏បានពិនិត្យ និងពិភាក្សាលើពាក្យពេចខ្លះៗ នៃកិច្ចព្រមព្រៀងដែលភាគីថៃ បានស្នើសុំដើម្បីបញ្ជាក់ពីភាគីកម្ពុជា ដោយភាគីទាំងពីរបានឯកភាពទាំងស្រុង។ ជាមួយគ្នានេះដែរ ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នាក្នុងការគោរពអញ្ជើញនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ប្រារព្ធពិធីចាក់បេតុងតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន សម្រាប់គម្រោងសាងសង់ស្ថានីយ៍អន្តរជាតិនៅស្ទឹងបត់ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកផ្លូវដែកភាគពាយ័ព្យនៃប្រទេសកម្ពុជានេះ ដែលភ្ជាប់រវាងភ្នំពេញ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៨៦គីឡូម៉ែត្រនេះ ជាផ្លូវសេដ្ឋកិច្ចមួយដ៏មានសក្ដានុពលក្នុងការដឹកជញ្ជូនផលិតផលនានាទៅកាន់ទីផ្សារក្នុងតំបន់ ពិសេសការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ ដែលប្រជាពលរដ្ឋអាចដឹកទំនិញពីកម្ពុជាទៅថៃ និងដឹកទំនិញពីប្រទេសថៃមកកម្ពុជាវិញ ប្រកបដោយភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងចំណាយតិច។

មួយផ្នែកទៀត ផ្លូវនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថា្នក់ចរាចរណ៍ ការខូចផ្លូវដែលបណ្តាលមកពីការដឹកធ្ងន់លើសទម្ងន់ និងផ្ដល់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូនទៀតផង ព្រមទាំងជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន និងជាផ្លូវរបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពល ដើម្បីជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្មទេសចរណ៍៕