តំបន់ទេសចរណ៍ល្បីៗជាង២០កន្លែងនៅខេត្តកំពតចាំទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាស បុណ្យចូលឆ្នាំថ្មី

វិទ្យុជាតិកម្បុជា៖ អត្ថបទវ៉ែន សុវុទ្ឋី
កំពត៖ អាជ្ញាធរខេត្តតំពតបានអះអាងពីការកែលម្អតំបន់ទេសចរណ៍ល្បីៗជាង២០កន្លែង ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ​ជាតិនិងអន្តរជាតិក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រណីជាតិខ្មែរ ក្នុងគោលដៅធានាឲ្យភ្ញៀវបានលេងកម្សាន្ត​​ប្រកបដោយភាព​សប្បាយរីករាយ។

លោក ណូយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់វិទ្យុជាតិកម្ពុជាថា នៅក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុននេះអាជ្ញាធរខេត្តបានសហការជាមួយអង្គភាពពាក់ព័ន្ធបានរៀបចំកែលំហេដ្ឋារចនាសម្ព័ន្ធ នៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរទៅលេងខេត្តកំពតឲ្យកាន់តែច្រើន។
លោកបានបន្តថា មន្ទីរទេសចរណ៍ខេត្តបានចុះអប់រំដល់ក្រុមអាជីវករលក់ដូរនៅតំបន់រម្មណីយដ្ឋានអោយរក្សាអនាម័យនិងសេវាកម្មអោយបានល្អ ព្រមទាំងការធានាតម្លៃលក់អោយបានសមរម្យដើម្បី ធ្វើឲ្យភ្ញៀវពេញចិត្ត នៅពេលមកលេងកំសាន្តនៅទីនោះម្តងហើយចងទៅម្តងទៀត។
(សំឡេង)«បុណ្យចូលឆ្នាំប្រពៃណីខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ហើយក៏ដូច អញ្ជើញ ប្រជាពលរដ្ឋ មកទស្សនាកម្សាន្ត នៅទឹកដីខេត្តកំពត ឲ្យបានច្រើនកុះករ ហើយទន្ទឹមនឹងដែរក៏សូមឱ្យបងប្អូនចូលរួម ការថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ចាត់ទុកជាទឹកដីរបស់យើង ដើម្បីជោគជយ័សេចក្តីថ្លៃថ្នូរ ក៏ដូចជាសុខុមាលភាព របស់យើងទាំងអស់គ្នា សូមឱ្យបងប្អូនមានការយោគយល់គ្នាក្នុងការធ្វើដំណើរដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ហើយក៏ជូនពរបងប្អូនទាំងអស់គ្នាទទួលបានជោគជ័យ សុវត្ថិភាពទាំងអស់គ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី»
លោកបានបន្ថែមទៀតថា ការកែលម្អតំបន់រម្មណីយដ្ឋានដើម្បីទាក់ទាញភ្ញៀវទេសចរនេះមានសារសំខាន់ណាស់ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះមានមុខរបរបបន្ថែម ដូចជាការបំរើសេវាកម្មទេសចរមានផ្ទះស្នាក់ ការចំអិនម្ហូបអាហារ និងការលក់វត្ថុអនុស្សាវរីយ៍ ដែលធ្វើឲ្យពួកគាត់មានជីវិភាពកាន់តែប្រសើរឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា រមណីយដ្ឋានសំខាន់ៗនៅខេត្តកំពតមានដូចជាតំបន់ទេសចរឋានសួគ៌បូកគោ តំបន់ទេសភាពតាមដងព្រែក បេតិកភ័ណ្ឌក្រុងកំពត ការដ្ឋានផលិតអំបិល និងតំបន់សហគមន៍ ទេសចរណ៍ជាច្រើនផ្សេងទៀត៕