​​រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ — រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ ម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ចាប់ពីពេលនេះតទៅ រហូតដល់ រយៈពេល២ខែខាងមុខ កំដៅនឹងឡើងដល់៤០អង្សាសេ ដែលងាយនឹងរងគ្រោះ ដោយគ្រោះអគ្គិភ័យជាយថាហេតុ។  នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពីការបង្ការគ្រោះអគ្គិភ័យក្នុងរដូវប្រាំង ដែលចុះហត្ថលេ ខាដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។

សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាប ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា តាមការព្យាករណ៍ ឧតុនិយមបានឱ្យដឹងថា អាកាសធាតុនៅប្រទេសយើងនឹងឡើងកំដៅរហូតដល់លើស៤០ អង្សាសេ ចាប់ពីពេលនេះតទៅរហូតដល់រយៈពេលប្រមាណពីរខែទៅមុខទៀត ដែលធ្វើឱ្យ អាកាសធាតុក្តៅស្ងួតហួតហែងងាយនឹងបណ្ដាលឱ្យកើតគ្រោះអគ្គិភ័យជាយថាហេតុ។

រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋត្រូវម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះដើមចមដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យដូចជាភ្លើងចង្ក្រាន ភ្លើង ចង្កៀង ភ្លើងធូបទៀន ការដុតសំរាម ដុតព្រៃចម្ការវាលស្រែ ការបោះចោលកន្ទុយបារី ផ្ដេសផ្ដាសការតភ្ជាប់ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាមបច្ចេកទេស ការទុកដាក់ប្រេង ឥន្ធនៈឧស្ម័នចំហេះ វត្ថុងាយឆេះឬងាយផ្ទុះឆេះ។ល។ ដោយត្រូវពិនិត្យឱ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យដែលធ្វើឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យដែលធ្វើឱ្យបាត់បង់ទាំងទ្រព្យសម្បត្តិនិងអាចដល់អាយុជីវិត។

ដោយឡែកចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវ ត្រៀមរៀបចំ នឹងត្រូវរិះរកគ្រប់មធ្យោបាយឱ្យបានគ្រប់គ្រាន់ ក្នុងការបង្ការទប់ស្កាត់ការ កើតមានជាយថាហេតុ នូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួនស្របតាមសេចក្តីអំពាវនាវលេខ៦៤០ សជណចុះថ្ងៃទី១៩ ខែមីនាឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មានស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលាដើម្បីបញ្ចៀសគ្រោះថ្នាក់និងមហន្តរាយដែលកើតមានឡើងដោយសារគ្រោះអគ្គិភ័យ៕

ដោយ សួស សំរិត