គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាទៅចូលរួមវេទិកានយោបាយអាស៊ី-អឺរ៉ុបនៅប្រទេសស្រីលង្កា

វិទ្យុជាតិកម្ពុជា៖ ដោយលោកវ៉ាងភក្តី
ភ្នំពេញ៖ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាទៅចូលរួមវេទិកានយោបាយអាស៊ី-អឺរ៉ុប(AEPF) លើកទី៣ និងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍អាយកាប់(ICAPP) លើកទី៣២ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសានេះ។
ការចូលរួមរបស់គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាក្នុងវេទិកាអន្តរជាតិសំខាន់ៗទាំងពីរនេះ គឺដឹកនាំដោយលោកជំទាវ ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា ដែលមានតួនាទីជាអនុប្រធានទី២នៃរដ្ឋសភាផង និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី(អាយកាប់-ICAPP) ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី និងជាសហប្រធានវេទិកានយោបាយអាស៊ីអឺរ៉ុប(AEPF)។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែមេសានេះ បានបញ្ជាក់ថា វេទិកាអន្តរជាតិទាំងពីរនេះ ផ្តោតលើប្រធានបទស្តីពី «តួនាទីរបស់គណបក្សនយោបាយក្នុងការដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខសង្គម និងការងារសម្រាប់កំណើនប្រជាជនវ័យចំណាស់ ក៏ដូចជាបញ្ហាសំខាន់នានានៅក្នុងតំបន់អាស៊ីនាពេលបច្ចុប្បន្ន» ហើយការអញ្ជើញចូលរួមរបស់គណៈប្រតិភូគណបក្សប្រជាជនកម្ពុជានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីស្រីលង្កា និងនាយករដ្ឋមន្ត្រីស្រីលង្កា និងជាប្រធានគណបក្សរួបរួមជាតិ ដែលជាគណបក្សកាន់អំណាចនៅក្នុងរដ្ឋាភិបាលស្រីលង្កា និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះផងដែរ។
ប្រភពដដែល បានឲ្យដឹងថា ក្នុងវេទិកានេះ លោកជំទាវ ឃួន សុដារី នឹងចូលរួមថ្លែងសុន្ទរកថាអបអរសាទរ ក៏ដូចជាផ្ដល់នូវបទអត្ថាធិប្បាយផ្សេងៗស្តីពីកំណើនប្រជាជនមានវ័យចំណាស់ និងផលប៉ះពាល់ទៅលើបញ្ហាសន្តិសុខសង្គម និងវិធានការណ៍ដោះស្រាយបញ្ហាប្រឈមនេះក្នុងបរិបទតំបន់ពិភពលោក ជាពិសេសគោលនយោបាយ និងកម្មវិធីនានា ដែលកម្ពុជាអនុវត្តកន្លងមក ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គណៈប្រតិភូកម្ពុជា ក៏នឹងធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពក្រោយប្រកាសជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលបានប្រព្រឹត្តិទៅនៅខេត្តសៀមរាបប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំរដ្ឋតំណាងមកពីប្រទេសជាសមាជិកអាយកាប់ សមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) និងអ្នកជំនាញជាតិ និងអន្តរជាតិ ប្រមាណជាង៧០០នាក់ មកពី៥០ប្រទេស៕