អាជ្ញាធរខេត្តបាត់ដំបងជំរុញឲ្យអាជីវករនៅតាមរមណីយដ្ឋាន ចូលរួមថែរក្សាអនាម័យ និងបរិស្ថាន

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ០៥ ០៤ ២០១៩
បាត់ដំពង៖ អាជ្ញាធរខេត្តបាត់ដំបង ជំរុញឲ្យអាជីវករនៅតាមរមណីយដ្ឋាននានា ចូលរួមថែរក្សាអនាម័យ និងបរិស្ថាន នាឱកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែខាងមុននេះ ដើម្បីលើកកម្ពស់សោភ័ណភាព ក៏ដូចជាការលើកមុខមាត់ប្រទេសជាតិនៅលើកឆាកអន្ដរជាតិផងដែរ។
លោក អ៊ុច ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានលើកឡើងថា អាជីវករដែលប្រកបរបរលក់ដូរម្ហូបអាហារនៅតាមរមណីយដ្ឋាននានា ក៏ដូចជានៅតាមផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវរៀបចំធុងដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមទាំងអស់គ្នាក្នុងការរក្សាឲ្យមានសោភ័ណភាព ស្របពេលដែលកម្ពុជាកំពុងពង្រឹងសេវាទេសចរណ៍ប្រកបដោយគុណភាពល្អ និងសេវាកម្មល្អ ដែលឆ្លុះបញ្ជាំងឲ្យឃើញពីភាពរីកចម្រើន។
លោកថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែខាងមុននេះ នឹងមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ មកទស្សនាខេត្តបាត់ច្រើនកុះករ។ ដូច្នេះប្រសិនបើមនុស្សម្នាក់ចោលសំរាមមួយ អាចនឹងបង្កទៅច្រើន ផ្ទុយទៅវិញប្រសិនបើភ្ញៀវទេសចរទាំងអស់ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវទៅតាមកន្លែងដែលបានរៀបចំទុកដាក់ គឺបញ្ជាក់ឲ្យឃើញពីការចេះស្រលាញ់បរិស្ថាន ក៏ដូចជាការលើកកម្ពស់តម្លៃខ្លួនឯងផ្ទាល់ផងដែរ។
សំឡេង៖ «សំរាមមិនបោះចោលតាមផ្លូវទេ ព្រោះហេតុដូច្នេះហើយអ្នក និងរាជការហើយក្រោយពីព្រឹត្តការណ៍បុណ្យរបស់យើងឃើញថា ដូចជាសណ្ដាប់ធ្នាប់ត្រូវបានបាត់បង់មិនអាចបន្ទោសអ្នកណាដែរក៏ដោយសារអ្នកធ្វើការមានចំនួនតិច ហើយអ្នកធ្វើដំណើរកំសាន្តមានរាប់ម៉ឺននាក់ ហើយអ្នកថែមានតែ៤-១០នាក់។ ចឹងទៅសូមសំរាមរបស់អស់លោកដែលបានធ្វើដំណើរកំសាន្តជួយខ្ចប់ឲ្យបានត្រឹមត្រូវហើយកន្លែងដែលយើងចោលចាំចោលឲ្យបានត្រឹមត្រូវទៅ»។
សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តបាត់ដំបង មានរមណីយដ្ឋានចំនួន៤២កន្លែង មានដូចជា រមណីយដ្ឋានបាភ្នំ រមណីយដ្ឋានភ្នំបាណន់ រមណីយដ្ឋានចំការស្វាយ រមណីយដ្ឋានសេកសក រមណីយដ្ឋានកោះមួយពាន់ ភ្នំសំពៅ អាងកំពីងពួយ ចំការទំពាងបាជូ ភ្នំក្រពើ និងរមណីយដ្ឋានមួយចំនួនផ្សេងទៀត៕