រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការអភិវឌ្ឍដីធ្លីប្រកបដោយ​របៀបរៀបរយ និង​បរិស្ថាន​ល្អប្រសើរ​

AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ -មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី​នគរូបនីយកម្ម និងសំណង់បានលើកឡើងថា​ រាជរដ្ឋាភិ​បាលកម្ពុជាបាន និងកំពុងជំរុញការអភិ​វឌ្ឍដីធ្លីប្រកបដោយរបៀបរៀបរយ និងបរិស្ថានល្អ​ប្រសើរ។

ក្នុងសិក្ខាសាលា​ស្ដីពី​ការអភិវឌ្ឍ​ដី និង​គោលការណ៍​ណែនាំ​ក្នុង​វិស័យ​ដីធ្លី នគរូប​នីយកម្ម និង​សំណង់ បានធ្វើឡើងនៅក្នុងខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្ដម ថេ​ង ច័ន្ទ​សង្វារ រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យក​ម្ម និង​សំណង់បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ​ធ្វើឡើងដើម្បីផ្តល់ចំណេះដឹង​បន្ថែមដល់មន្ត្រី​ពាក់ព័ន្ធឱ្យយល់​ពី​​​ការអភិវឌ្ឍ​ដីបង្ហាញ​លម្អិត​ពី​ប្រភេទ ​និង​គោល​ការណ៍​នៃ​ការអភិវឌ្ឍ លក្ខខណ្ឌ បច្ចេក​ទេស និង​ផែនការ​សម្រាប់​ការអភិវឌ្ឍ​ដីសម​ត្ថ​កិច្ច​ចេញ​លិខិត​អនុញ្ញាត​អភិវឌ្ឍន៍​ដី​​បទដ្ឋាន​គតិយុត្ត​ពាក់​ព័ន្ធ​នឹង​ការអភិវឌ្ឍ​ដី​។​ គោល​ការណ៍ណែនាំ​លើ​វិស័យ​រដ្ឋបាល​ដីធ្លី ពង្រឹង​ការគ្រប់គ្រង ​និង​ថែរក្សា​ដី​រដ្ឋ វិធានការ​ថែរក្សា ​​ ការរៀបចំ​ និង​​ដាក់​ឱ្យអនុវត្តន៍​ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ​ ដើម្បី​បម្រើ​ដល់​ការចុះបញ្ជី​ដាច់​ដោយ​ដុំ តម្រូវការ​នៃ​គំនូស​ប្លង់​ទីតាំង​ដី សម្រាប់​បំពេញបែបបទ​ផ្ទេរ​សិទ្ធិកាន់កាប់​អចលនទ្រព្យ​។​​ ទន្ទឹមនេះ គោលការណ៍​ណែនាំ​លើ​វិស័យ​នគរូបនីយកម្មដាក់ឱ្យអនុវត្តន៍បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួល​ដល់​ជនពិការ ដាក់​ឱ្យប្រើប្រាស់​ប្លង់​ស្ថាបត្យកម្ម ចិញ្ចើមផ្លូវ ផ្លូវ​ថ្មើរ​ជើង និង​គន្លង​ផ្លូវ​ទោច​ក្រ​យានសម្រាប់​សាធារណជន ​និង​ជនពិការ​ជាដើម។​​

​ឯកឧត្តមបានបន្តថា រហូតមកដល់ពេលនេះ​ក្រសួង​ក៏បានចុះបញ្ជី​ដីធ្លី និង​ចែក​ប័ណ្ណ​សិទ្ធិ​ដី​ធ្លី បាន​ចំនួនជាង​៥​​លាន​ប័ណ្ណ ស្មើ​នឹង​ជាង៧៣.៩៨​ភាគរយ លើ​ក្បាលដី​សរុប ៧​លាន​ក្បាលដី​គិត​ទាំង​២៥​ខេត្ត​ រាជធានី​។ ឯកឧត្ដមរដ្ឋលេខាធិការក៏បានកោត​ស​សើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាលខេត្ត រាជធានី ក្រុង​ស្រុក និង​អ្នកពាក់ព័ន្ធ ទាំងអស់ ដែល​បានរួម​ចំណែក​ធ្វើ​ឱ្យមាន​វឌ្ឍនភាព លើ​វិស័យ​ដីធ្លី នគរូបនីយកម្ម​និង​សំណង់​នេះ។ ​

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ លើកឡើងថា​ ​​​​រដ្ឋបាលខេត្ត​បាន​សហការ​និង​ក្រសួង​ស្ថាប័ន ជាពិសេស​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នីយក​ម្ម និង​សំណង់​រៀបចំ​ប្លង់គោល​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត​ដើម្បី​ធានា​លើការ​ប្រើ​​ប្រាស់ដីធ្លី និង​សក្ដានុ ពល​ដែលមាន​ស្រាប់​។ លោកបានបន្ថែមថា វិស័យ​សំណង់មានការ​អភិវឌ្ឍ​យ៉ាង​គំហុក​គួរគត់សម្គាល់ ដែលអាជ្ញា​ធរ​ខេត្ត​សហការ​មន្ទីរ​ពាក់ព័ន្ធ​ពង្រឹង​ឡើងវិញ​នូវ​សំណង់​គ្មាន​ច្បាប់ សំណង់​ខុស​ប្លង់ សំណង់​លើ​ចំណីផ្លូវ​សា​ធា​រណៈ ​​ធ្វើឱ្យ​បាត់បង់​សោភណភាព​សណ្ដាប់ធ្នាប់​ស​ង្គ​ម ទីក្រុង ​និង​ទីប្រជុំជន​​ជាដើមហើយដែលអាជ្ញាធរខេត្តបានរួមគ្នា​ប្រឹងប្រែង ធ្វើឱ្យប្រសើរ ឡើងវិញនោះ៕

ដោយ ឈុន សារ៉ាត