ទណ្ឌិតចំនួន៤៦០នាក់ ស្នើសុំលើកលែង និងបន្ធូរបន្ថយទោសសម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានបញ្ជាក់ឱ្យដឹងថា ទណ្ឌិតចំនួន៤៦០នាក់បានស្នើសុំ បន្ធូរបន្ថយ និងលើកលែងទោសសម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្ដិធម៌ នារសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ។ឯកឧត្តម គឹម សន្ដិភាព បានគូសបញ្ជាក់ថា ការស្នើសុំនេះ នឹងធ្វើឡើងក្នុងកិច្ចប្រជុំ នៅរសៀល ថ្ងៃទី០៤ ខែមេសា នាទីស្តីការក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួម​ពីឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការលើកលែង និងបន្ធូរបន្ថយទោស ក្នុងការដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើសំណើសុំអនុគ្រោះទោសរបស់គណៈកម្មការរាជធានី ខេត្ត ពន្ធនាគាររាជធានី-ខេត្ត ចំនួន ១៨ និងមណ្ឌលអប់រំ កែប្រែចំនួន ០៤។ ឯកឧត្តមបានបន្ដថា ក្នុងកិច្ចប្រជុំនេះ ក៏នឹងពិនិត្យមើលសំណើដែលបានស្នើឡើង សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រ ពៃណី​ជាតិនេះ លើបញ្ជីទណ្ឌិតដែលស្នើអនុគ្រោះទោសសរុប៤៦០រូប ក្នុងនោះស្រីចំនួន​៤៩រូប។

ឯកឧត្តមបានបន្ដទៀតថា ក្នុងក្រឹត្យច្បាប់បានកំណត់ចំពោះទណ្ឌិតដែលអាច​បន្ធូរ​បន្ថយទោសគឺត្រូវអនុវត្តន៍ទោសនៅក្នុងពន្ធនាគារបាន១ភាគ៣នៃទោសសរុបទាំងមូល និង​ទណ្ឌិតដែលអនុវត្តន៍ទោសបាន២ភាគ៣ នៃទោសទាំងមូល នឹងត្រូវបានទទួលការ លើកលែង​ទោស។ ចំពោះអ្នកទោសទាំងនោះដែលនឹងត្រូវលើកលែង និងបន្ធូរបន្ថយទោស ក៏ត្រូវគោរព​តាមលក្ខខ័ណ្ឌ និងការអប់រំនៅក្នុងពន្ធនាគារបន្ថែមទៀត។ ឯកឧត្តមបានបន្ថែមថា ទន្ទឹមនេះ ក៏មានការវាយតម្លៃពី ប្រធានពន្ធនាគារពីការអប់រំបន្ថែម​ដើម្បីបញ្ជូនមកគណៈកម្មការថ្នាក់​ជាតិ ត្រួតពិនិត្យ នៃសំណុំរឿងនីមួយៗ ថាតើមានភាពព្រៃផ្សៃទេ ហើយជនរងគ្រោះអនីតិជន ឬជាស្ត្រី ឬជាស្ត្រីមានផ្ទៃពោះ ឬជាមនុស្សមានបញ្ហាស្មារតី ជាដើម។ ឯកឧត្តមបានលើក​ជាឧទាហរណ៍ថា ករណីរំលោភ ឪពុករំលោភកូន ឬការរំលោភអនីតិជន ឬរំលោភជា​លក្ខខណ្ឌសាច់ឈាមគ្នា ជាដើម។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា “ខ្ញុំសូមបញ្ជាក់ថា ការលើក លែង និងបន្ធូរបន្ថយទោសនេះក៏មានការផ្តល់អាទិភាពចំពោះស្ត្រីផងដែរ”។

ឯកឧត្តមក៏បានថ្លែងបញ្ជាក់ទៀតថា សម្រាប់ឆ្នាំនេះក៏មានការអនុគ្រោះទោស ម្តង​ទៀត​ចំពោះស្ត្រីដែលត្រូវបានមេធាវីសម្តេចតេជោ ហ៊ុន សែន ការពារ ប៉ុន្តែបច្ចុប្បន្ននេះ មេធាវី របស់សម្តេចតេជោ ហ៊ុន សែន ដែលការពារស្ត្រីក្រីក្របានកំពុងតែធ្វើការងារ ជាមួយក្រសួង យុត្តិធម៌។ “នៅពេលដែលយើងធ្វើការដល់កម្រិតគ្រប់គ្រាន់ហើយយើងក៏ មានការសន្ដោស​ប្រណីដល់ស្ត្រីនោះផងដែរ”។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម គឹម សន្ដិភាព។

ឯកឧត្តមបានកត់សម្គាល់ឃើញថា សម្រាប់ការលើកលែងទោសចំពោះស្ត្រីនេះ គឺនឹង មានការលើកលែងផ្សេងពីការលើកលែងចំពោះស្ត្រី និងធ្វើផ្សេងពីការលើកលែង និងបន្ធូរបន្ថយនៅថ្ងៃចូលឆ្នាំខ្មែរនេះ។

សូមជម្រាបថា គណៈកម្មការថ្នាក់ជាតិត្រួតពិនិត្យ និងវាយតម្លៃលើកលែង និងបន្ធូរ បន្ថយទោសនឹងបើកកិច្ចប្រជុំនៅទីស្តីការក្រសួងយុត្ដិធម៌ នាវេលាម៉ោង២រសៀល ថ្ងៃទី០៤​ខែមេសា ឆ្នាំ២០១៩ស្អែកនេះ ៕

ដោយ ប៊ុនរិទ្ធ