ធនាគារវិនិយោគសហភាពអឺរ៉ុប នឹងពិនិត្យពិចារណាក្នុងការជួយអភិវឌ្ឍន៍លើការ ដាំដុះដំណាំកសិកម្មនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់នៃធនាគារវិនិយោគសហភាពអឺរ៉ុប(EIB)ប្រចាំតំបន់អាស៊ីបានលើកឡើងថា EIB មានគម្រោងក្នុងការជួយលើកកម្ពស់ដល់វិស័យកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការអភិវឌ្ឍលើការដាំដុះដំណាំកសិកម្មនៅកម្ពុជា។ ការលើកឡើងនេះ គឺធ្វើឡើងក្នុងជំនួប រវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ កញ្ញា Olga Pascenco ជាមន្រ្ដីទទួលបន្ទុកប្រចាំតំបន់អាស៊ីនៃធនាគារវិនិយោគសហភាពអឺរ៉ុប (European Investment Bank, EIB) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។កញ្ញា Olga Pascenco បានបញ្ជាក់ថា គោលបំណងសំខាន់ៗរបស់គម្រោងនៃ​ធនាគារ​វិនិយោគសហភាពអឺរ៉ុបនេះ មានគឺ ទី១. ផ្ដោតលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់លើ​វិស័យ​កសិកម្មដោយសារការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់រអភិវឌ្ឍន៍​នៃការ​ដាំដុះព្រៃឈើឡើងវិញ ដើម្បីរក្សាបាននូវប្រព័ន្ធជីវចម្រុះ អេកូឡូស៊ី រក្សាបាននូវធនធាន​ធម្មជាតិ និងបង្កើតតំបន់អេកូទេសចរណ៍ ដែលជាការបង្កើតការងារ និងប្រភពចំណូល​សម្រាប់​ប្រជាសហគមន៍ក្នុងតំបន់។ ទី២. ការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការ​អភិវឌ្ឍ​លើការដាំដុះដំណាំកសិកម្ម។ កញ្ញា Olga Pascenco ក៏បានលើកឡើងពីប្រវត្តិរបស់​ធនាគារ​វិនិយោគនេះ ដែលមានសកម្មភាពការងារទាំងក្នុងប្រទេសសមាជិក និងក្រៅប្រទេស​សមា​ជិកក្នុងការជួយរៀបចំគោលនយោបាយ កម្មវិធីនៃការអភិវឌ្ឍនានា តាមរយៈការផ្តល់​ជំនួយ​​បច្ចេកទេស និង​ហិរញ្ញប្បទានសម្បទាន ដល់វិស័យដែលមានអាទិភាព។

ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាល​នៃ ប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការ​ចូលរួម ចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ការចូលរួមចំណែក ឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងធនធានថវិកានេះគឺជាកម្លាំងចលករយ៉ាងធំមួយក្នុងការ ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកំណើនចំណូលគ្រួសារតាមរយ:ការជំរុញផលិតភាព ផលិតកម្មកសិកម្មសម ស្របតាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន តម្រូវការទីផ្សារ និងការប្រកួតប្រជែងទីផ្សារទាំងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ដថា គោលដៅរបស់ក្រសួងកសិកម្មក្នុងរយៈពេល កន្លងមកគឺផ្តោតជាសំខាន់លើការផលិតស្រូវ និងការនាំចេញ ដោយឡែកក្នុងបរិបទថ្មីនៃ កំណើនសេដ្ឋកិច្ច ការកើនឡើងនៃចំនួនប្រជាជន ទេសចរណ៍ និងតម្រូវការទីផ្សារបានតម្រូវ ឱ្យ​ក្រសួងធ្វើបច្ចុប្បន្នភាពនៃគោលដៅរបស់ខ្លួនមកផ្តោតលើការធ្វើកសិកម្មចម្រុះ និងផលិត ផល ដែលមានសក្ដានុពលខ្ពស់ដូចជាដំឡូងមី ពោតចំណី ស្វាយ ស្វាយចន្ទី ជាពិសេស សាកវប្បកម្ម ធ្វើយ៉ាងណាជួយប្រជា កសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាព រស់នៅ ស្របតាមបរិបទថ្មីនេះ។ ឯកឧត្តមរដ្ឋមន្រ្ដីបានអះអាងថា  ដើម្បីអភិវឌ្ឍន៍ វិស័យនេះ​ប្រកបដោយចីរភាព និងនិរន្តរភាព ឯកឧត្តមបានស្នើឱ្យ EIB ពិនិត្យលទ្ធភាពក្នុង​ការផ្តល់ការ គាំទ្រលើការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះ ដើម្បី បង្កើនតម្លៃបន្ថែមដល់កសិផល ពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការ​រក្សា​ទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេក ទេស និងការ​ធានាដល់គុណភាព សុវត្ថិភាពទាំងអនាម័យនិងភូតគាមអនាម័យ និងជាពិសេសកាត់​បន្ថយ ការនាំចេញវត្ថុធាតុដើម។ ទន្ទឹមនេះ ជួយ ការសិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ​ដល់ខ្សែ​ច្រវាក់ផលិតកម្ម និងរចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកបែបទំនើបកម្មកសិកម្ម(ប្រព័ន្ធដំណក់ទឹក)។ ការ​អភិវឌ្ឍសហគមន៍ព្រៃឈើប្រកបដោយចីរភាព និងនិរន្តរភាព តាមរយ:ការអភិវឌ្ឍចំណេះដឹង ការងារច្បាប់ និងបច្ចេកទេសសមស្រប ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាននូវអ្វីដែលជាទម្លាប់ ឬផ្តេកផ្លួលទាំងស្រុងលើផល និងអនុផលព្រៃឈើ ការធ្វើពនេចរ ការកាន់ទន្រ្ទាន​ដីព្រៃ​ដើម្បី​ធ្វើកសិកម្មដោយផ្ញើវាសនាលើធម្មជាតិទាំងស្រុង។ ឯកឧត្តមបានបន្ថែមថា កត្តាទាំង​អស់នេះ ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការគ្នាអនុវត្តន៍ដោយយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ហើយសង្ឃឹមថា EIB នឹងយកចិត្តទុកដាក់ពិនិត្យលទ្ធភាព ផ្តល់កិច្ចសហការជាមួយ ក្រសួងនាពេលអនាគតដ៏ខ្លីដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ២០៣០។

កញ្ញា Olga Pascenco បានចាត់ទុកថា តាមរយៈការទទួលបាននូវព័ត៌មាន​សំខាន់ៗ​ដែលជាប្រយោជន៍សម្រាប់ក្រុមការងារបច្ចេកទេសរបស់ EIB យកទៅពិនិត្យពិចារណា ជួយ​ដល់វិស័យកសិ កម្មកម្ពុជានាពេលអនាគត ហើយ EIB ក៏នឹងបញ្ជូនក្រុមការងារបច្ចេក​ទេស​កសិកម្ម មកសិក្សាអំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួងកសិកម្ម ឱ្យ​បានច្បាស់ដើម្បី​កំណត់អាទិភាពចម្បងសម្រាប់ EIB យកទៅពិចារណាជួយគាំទ្រ៕

ដោយ អ៊ុន រិទ្ធី