ឯកឧត្តម​ ឃួង​ ស្រេង​ ដឹកនាំមន្រ្តី ជំនាញចុះពិនិត្យការដ្ឋាននៃការចាក់ដីបំពេញច្រាំងទន្លេបាសាក់ ដើម្បីសាងសង់ផ្លូវថ្មើជើងនិងធ្វើអាងចម្រោះទឹកស្អុយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ឯកឧត្តម​ ឃួង ស្រេងកាលពីរាត្រីថ្ងៃទី០២ មេសានេះបានដឹកនាំមន្រ្តី ជំនាញនិងអាជ្ញាធរដែនដីចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែងនៃការចាក់ដីទៅក្នុងទន្លេបាសាក់ ដែលការចាក់ដីទៅក្នុងទន្លេនេះ ក្នុងបំណងតែមួយគត់គឺដើម្បីធ្វើការអភិវឌ្ឍច្រាំងទន្លេឱ្យមានសោភ័ណភាព ខណៈដែលទន្លេច្រាំងទន្លេខាងលើនឹងត្រូវសាងសង់ជាផ្លូវថ្មើរជើងអមសងខាងទន្លេខាងលើនិងធ្វើអាងចម្រោះទឹកស្អុយ ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ ក្រុមអ្នកយកព័ត៌មាន នៅទីតាំងកន្លែងចាក់ដីលុបនោះ ឯកឧត្តម​ ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មិនមានបំណងលុបដៃទន្លេបាសាក់ ដូចការរិះគន់របស់អ្នកលេងបណ្តាញសង្គម Facebook និងសារព័ត៌មានមួយចំនួននោះឡើយ។

ឯកឧត្តម​បញ្ជាក់​ថា ការចាក់ដីលុបនេះ គឺជាការសាងសង់ស្ថានីយ៍ចម្រោះទឹកកខ្វក់ ដែលហូរចូលទន្លេប៉ុណ្ណោះ ដោយសារតែដៃទន្លេបាសាក់នេះ ទទួលរងនូវការបង្ហូរទឹកកខ្វក់ ទឹកស្អុយពីអាគារខ្ពស់ៗ និងផ្ទះប្រជាពលរដ្ឋរស់នៅ សងខាងដៃទន្លេនេះ ដូច្នេះដើម្បីការពារបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចធ្វើអាងចម្រោះទឹកស្អុយ ដោយបំពាក់នូវម៉ាស៊ីនបូមទឹកកខ្វក់នេះ ទម្លាក់ទៅប្រឡាយបង្ហូរទឹកបឹងត្របែក។ ការចាក់ដីនេះ គឺជាការសាងសង់អាងចម្រោះទឹកស្អុយ ដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ មិនមែនជាការចាក់លុបដីរបស់ឈ្មួញនោះទេ សូមប្រជាពលរដ្ឋកុំយល់ច្រឡំ។

អភិបាលរាជធានីបន្តថា ចំពោះការចាក់ដីលុបនេះ នៅពេលដែលការដ្ឋានសាងសង់ ស្ថាបនាអាងចម្រោះទឹកសម្អុយរួចរាល់នោះ នឹងកាយដីដែលបានចាក់ចេញវិញ ហើយគម្រោងនេះក៏មានសង់ច្រាំងទន្លេទប់ដី និងសង់ផ្លូវថ្មីជើងចាប់ពីកោះពេជ្ររហូតដល់ស្ពានអាកាសក្បាលថ្នាល់ ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុងភ្នំពេញ ដែលមានអាគារសំណង់ខុនដូខ្ពស់ៗ នៅអមសងខាងដៃទន្លេ។

សូមបញ្ជាក់ថា​ សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ប៉ុន្មានថ្ងៃនេះមានព័ត៌មានមួយចំនួនបានផ្សព្វផ្សាយ អំពីការចាក់ដីចូលក្នុងដៃទន្លេបាសាក់ទន្លេតូច ស្ថិតនៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ ។ ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋទូទៅមានការភ័ន្តច្រឡំរដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ជូនថា ការចាក់បំពេញដីនេះគឺក្នុងបំណងកែលម្អច្រាំងដៃទន្លេបាសាក់ឲ្យច្រាំងខាងលិចស្របនឹងច្រាំងខាងកើត ដើម្បីធានាបាននូវសោភ័ណ្ឌភាពល្អឈានទៅកែប្រែផ្លូវថ្មើរជើងចាប់ពីតំបន់អភិវឌ្ឍន៍កោះពេជ្រគល់ស្ពានព្រះមុនីវង្សហៅស្ពានច្បារអំពៅដូចមានគំនូសប្លង់ភ្ជាប់មកជាមួយ។ អាស្រ័យដូចបានជម្រាបខាងលើសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាជ្រាបជាពត៌មាន៕