រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំអោយមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្តបង្កើនវិធានការទប់ស្កាត់ ការលក់ផលិតផលក្លែងក្លាយ

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រីប៉ុង សុភាវី ៖

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំ ដល់មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត អគ្គាធិការដ្ឋាននៃក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួងស្ថាប័ន វិស័យឯកជន និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ការលក់វត្ថុអនុស្សាវរីយ៍ ឬផលិតផលក្លែងក្លាយ ពីព្រោះបញ្ហានេះ ធ្វើឱ្យបាត់បង់ភាពជឿជាក់ពីសំណាក់ភ្ញៀវទេសចរ ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងកិត្យានុភាពរបស់ជាតិ។
ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងត្រីមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការទប់ស្កាត់ការលក់វត្ថុអនុស្សាវរីយ៍ ឬផលិតផលក្លែងក្លាយ គឺជាបញ្ហាសំខាន់ណាស់ ព្រោះវាប៉ះពាល់ដល់ប្រទេសទាំងមូល ដូចនេះហើយ សូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចុះធ្វើអធិការកិច្ចលើមូលដ្ឋានអាជីវកម្មលក់ដូរវត្ថុអនុស្សាវរីយ៍ ពិសេសសហការជាមួយក្រសួងពាណិជកម្ម ក្នុងការត្រួតពិនិត្យអាជីកម្មលក់គ្រឿងអលង្កា ដើម្បីទប់ស្កាត់ និងលុបបំបាត់បញ្ហានេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា បើរកឃើញអាជីវកម្មណា លក់របស់របរក្លែងក្លាយ ជូនភ្ញៀវទេសចរ និងចាត់ការតាមនីតិវិធីច្បាប់ភ្លាមៗ៕