អតីតនាយទាហានរុស្ស៊ីម្នាក់ជាប់ ពន្ធនាគារ ១៩ ឆ្នាំពីបទចូលរួមក្នុងសកម្មភាព​ IS   នៅស៊ីរី

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ — តុលាការយោធាសង្កាត់កូកាសខាងជើង នៅក្នុងទីក្រុង Rostov –on – Don របស់ប្រទេសរុស្ស៊ីបានសម្រេចកាលពីថ្ងៃអង្គារថា លោក ដេនីស ឃីសាម៉ូវ អតីតនាយទាហានម្នាក់នៃក្រសួងការពារប្រទេសរុស្ស៊ី ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៩ ឆ្នាំ​ពីបទចូលរួមនៅក្នុងសកម្មភាពរបស់ក្រុមភេរវជនរដ្ឋអ៊ិស្លាម ( IS )   

ទីភ្នាក់ងារព័ត៌មាន Tass  រាយការណ៍ថា តុលាការនេះ ក៏បានសម្រេចផង ដែររឹតបន្តឹងសេរីភាពរបស់លោក ឃីសាម៉ូវ សម្រាប់ពេលមួយឆ្នាំទៀត ព្រមទាំងដកលោកចេញពីក្នុងជួរយោធារបស់លោកជាអនុសេនិយឯកបម្រុងមួយរូបនោះ​ ។

តាមសេចក្តីថ្លែងការណ៍របស់តុលាការឱ្យដឹងថា លោក ឃីសាម៉ូវ ដែលបានទទួលការបណ្តុះបណ្តាលនៅក្នុងជំរំ IS  មួយក្នុងប្រទេសស៊ីរីនោះបានចូលរួមនៅក្នុងការប៉ះទង្គិចគ្នាប្រដាប់អាវុធនឹងបានបំពេញកាតព្វកិច្ចដទៃទៀតដូចជាធ្វើការត្រួតពិនិត្យមើលភាគីទាំងអស់នៃជម្លោះស៊ីរី និងពួកអ្នកគាំទ្រដែលជ្រើសរើសថ្មី ។

Tass  រាយការណ៍ថា លោក ឃីសាម៉ូវ បានបោះបង់ចោលការងារចេញពីវិទ្យាស្ថានស្រាវជ្រាវបន្ទាប់បន្សំនៃក្រសួងការពារប្រទេសក្នុងឋានៈជាអនុសេនិយឯកបម្រុងក្នុងឆ្នាំ ២០០៩ នឹងត្រូវបានគេចាប់ខ្លួន ក្នុងប្រទេសតួកគី ក្នុងឆ្នាំ ២០១៧ បន្ទាប់ពីការចូលរួមជាច្រើនឆ្នាំ នៅក្នុងសកម្មភាពភេរវក្នុងប្រទេសស៊ីរី​ ។ ភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ីបានផ្តួចផ្តើមនូវដំណើរការតាមផ្លូវច្បាប់ នឹងធ្វើការស៊ើបអង្កេតនៅក្នុងករណីនេះ  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )