កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអ៊ូឌីតពិភាក្សាគ្នាអំពីការពង្រីក ចំណង​សេដ្ឋកិច្ចក្រោមចក្ខុវិស័យឆ្នាំ២០៣០

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា  ឆ្នាំ២០១៩ — រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរបស់កូរ៉េខាងត្បូង បានជួបប្រជុំជាមួយសមភាគី​អារ៉ាប៊ីសា​អូឌីត​របស់លោកនៅថ្ងៃពុធនេះ​ ដើម្បីពិភាក្សាគ្នាអំពីវិធីសាស្ត្រក្នុងការពង្រីក​កិច្ចសហប្រតិ​បត្តិការ​សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងវិស័យថាមពល។

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មលោក Sung Yun-mo បានជួបប្រជុំជាមួយលោក Mohammad Al-Tuwaijri រដ្ឋមន្ត្រីសេដ្ឋកិច្ច និងផែនការអារ៉ាប៊ីសាអូឌីតនៅទីក្រុសេអ៊ូល។ កាលពីពេលមុននេះ ប្រទេស​ទាំងពីរបានបង្កើតក្រុមការងាររួមគ្នាមួយ នៅក្រោមចក្ខុវិស័យ​អារ៉ាប៊ីសាអូឌីតឆ្នាំ២០៣០​ ដែលមានបំណងក្នុងការកាត់បន្ថយការពឹងផ្អែករបស់ព្រះរាជា​ណាចក្រ​​មួយនេះ​លើវិស័យប្រេង និងអភិវឌ្ឍវិស័យឧស្សាហកម្មដទៃទៀត។

កូរ៉េខាងត្បូងត្រូវបានគេចាត់ទុកថា ជាដៃគូសំខាន់មួយសម្រាប់ចក្ខុវិស័យនេះ។ ប្រទេស​​ទាំងពីរ បានប្រារព្ធកិច្ចប្រជុំ ជុំទី១ ដើម្បីជំរុញឱ្យចក្ខុវិស័យនេះ កាលពីខែតុលាឆ្នាំ ២០១៧កន្លងទៅ។

លោក ស៊ុង បាននិយាយថា ទីក្រុងសេអ៊ូលអាចចែករំលែកបច្ចេកវិទ្យា​ និងបទពិសោធន៍​របស់ខ្លួនជាមួយអារ៉ាប៊ីសាអ៊ូឌីត ដើម្បីឱ្យវាអាចបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន​ក្នុងការធ្វើពិពិធកម្មផលប័ត្រឧស្សាហកម្មរបស់ខ្លួន។ លោក សុង បាននិយាយថា​ ពួកគេអាច​ទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមកនៅពេលដែលប្រទេសកូរ៉េខាងត្បូង អាចស្វែង​រកឱកាសអាជីវកម្មថ្មីនេះ។

រដ្ឋមន្រ្តីអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថា ចំណងទំនាក់ទំនងកូរ៉េខាងត្បូង-អារ៉ាប៊ីសា​អូឌីត​មានអាយុ​កាល​ជាង ៥០ឆ្នាំមកហើយ​ ហើយខណៈដែលយើងកំពុងឈរនៅទីនេះ​ក្នុង​កិច្ចប្រជុំលើកទី២នៃកិច្ចប្រជុំស្តីពីចក្ខុវិស័យអារ៉ាប់ប៊ីសាអូឌីត-អាម៉េរិកឆ្នាំ២០៣០ ​ដោយការ​ប្តេជ្ញាចិត្តរបស់យើងចំពោះទំនាក់ទំនងជាមួយកូរ៉េខាងត្បូងគឺជាក់ស្តែង។

លោកបានមានប្រសាសន៍បន្ថែមទៀតថា ទស្សនៈវិស័យរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​មិនត្រឹមតែជាវេទិកាសម្រាប់រដ្ឋាភិបាលរបស់យើងប៉ុណ្ណោះទេ ថែមទាំងសម្រាប់វិស័យឯកជន​ផងដែរ ដើម្បីដើរតួនាទីកាន់តែខ្លាំងឡើងក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច។

ទីក្រុងសេអ៊ូល និងរីយ៉ាដបានផ្លាស់ប្តូរគំនិតគ្នា​ទៅវិញទៅមក​ ស្តីពីការបង្កើតចំណង​ទាក់ទង​នៅក្នុងផ្នែកសំខាន់ៗចំនួន៥​មានដូចជា៖​ ផលិតកម្ម-ថាមពល, ហេដ្ឋារចនាសម្ព័ន្ធឌីជី​ថល, ស្ថាបនាសមត្ថភាពវិទ្យាសាស្ត្រថែទាំសុខភាព និងការបង្កើតការវិនិយោគ។

ភាគីទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា​ ដើម្បីបង្កើតទំនាក់ទំនងក្នុងការធ្វើ​តេស្ត​​ថាមពល​ប្រកបដោយប្រសិទ្ធភាពផងដែរ។ ប្រទេសកូរ៉េខាងត្បូង និងអារ៉ាប់ប៊ីសាអូឌីត​ នឹងមិនត្រឹមតែលើកកម្ពស់ការផ្លាស់ប្តូរ​អន្តរ​រដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងទំនាក់ទំនងរវាងពាណិជ្ជកម្មរបស់ខ្លួនផងដែរ ដោយលោក​រដ្ឋមន្ដ្រីបានយល់ព្រមបន្តកិច្ចចរចា ស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងផ្នែករោងចក្រនុយក្លេអ៊ែរ​ផងដែរ។

ពួកគេក៏បានប្តេជ្ញាបើកការិយាល័យ Vision Realization ក្នុងទីក្រុងសេអ៊ូល​ ដើម្បីអនុវត្តន៍​កិច្ចព្រមព្រៀងដែលសម្រេចបានក្រោមចក្ខុវិស័យឆ្នាំ២០៣០។ កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីតបានរៀបចំវេទិកាពាណិជ្ជកម្ម​ ស្របតាមកិច្ចប្រជុំ​គណៈ​កម្មាធិការ​    កូរ៉េ-អារ៉ាប៊ីសាអូឌីត ឆ្នាំ២០៣០ ដែលមានក្រុមហ៊ុនក្នុងស្រុកចំនួន ៩០​និង​ក្រុមហ៊ុនអារ៉ាប់ប៊ីសាអូឌីតចំនួន២០ បានចូលរួម និងរៀបចំកិច្ចប្រជុំពាណិជ្ជកម្មចំនួន២០០៕

( ប្រភព យន់ហាប់:  បកប្រែដោយលោក មាស សំអុល )