វៀតណាមចាត់ទុកទំនាក់ទំនងជាមួយសហភាពអឺរ៉ុបជាកត្តាអាទិភាព

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩​ — ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសប៊ែលហ្ស៊ិក និងជាប្រធានបេសកកម្មរបស់វៀតណាមប្រចាំសហភាពអឺរ៉ុប (EU) លោក Vu Anh Quang បាននិយាយថា វៀតណាមបានចាត់ទុកទំនាក់ទំនងជាមួយសហភាពអ៊ឺរ៉ុប (EU) ជាកត្តាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។

អ្នកការទូតរូបនេះបានធ្វើសេចក្តីថ្លែងការណ៍នេះនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មានវៀតណាម មុនពេលចេញដំណើរទស្សនកិច្ចទៅកាន់សភាអឺរ៉ុប (EP) ដោយដឹកនាំដោយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ។

លោក Quang បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងជាមួយនឹងទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុបក៏ដូចជា ជាមួយសភាអឺរ៉ុបជាពិសេសនៅលើគ្រប់កម្រិត។

លោកបាននិយាយថា វៀតណាម និងសហភាពអឺរ៉ុប បានចុះហត្ថលេខា និងអនុម័តកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ (PCA) ដែលត្រូវបានផ្តល់សច្ចាប័នដោយ EP និងស្ថាប័ននីតិបញ្ញត្តិរបស់វៀតណាមកាលពីចុងឆ្នាំ ២០១៦។

ភាគីទាំងពីរក៏បានបញ្ចប់កិច្ចចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគ ដែលត្រូវបានអនុម័តដោយគណៈកម្មការអឺរ៉ុប (EC) និងបានបញ្ជូនទៅក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ការពិចារណា។

ឯកសារទាំងនេះក៏នឹងត្រូវបានបញ្ជូនទៅ EP និងស្ថាប័ននីតិបញ្ញត្តិរបស់វៀតណាម ដើម្បីអនុម័តនាពេលអនាគតផងដែរ។ ឯកអគ្គរដ្ឋទូតរូបនេះបាននិយាយថា ប្រទេសវៀតណាម គឺជាប្រទេសទីពីរនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសិង្ហបុរី ដែលបានឈានដល់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគជាមួយសហភាពអឺរ៉ុប។

លោក Quang បានគូសបញ្ជាក់អំពីការកើនឡើងនៃពាណិជ្ជកម្មរវាងវៀតណាម និង EU ដោយបាននិយាយថា សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតលំដាប់ទី២ របស់វៀតណាម បន្ទាប់ពីប្រទេសចិន និងជាប្រទេសនាំចូលធំជាងគេលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក។

ក្នុងឆ្នាំ ២០១៨ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងលើសពី ៥៥ប៊ីលានដុល្លារអាម៉េរិក។ ប្រទេសវៀតណាមស្ថិតនៅចំណាត់ថ្នាក់ទី២ នៅក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ទាក់ទងនឹងប្រាក់ចំណូលពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។

ក្រៅពីនេះ សហភាពអឺរ៉ុបបានរក្សាជំហររបស់ខ្លួនជាវិនិយោគិនធំលំដាប់ទី៥ របស់វៀតណាម ដោយមានដើមទុនសរុបលើសពី ៤៥លានដុល្លារអាម៉េរិកនាពេលបច្ចុប្បន្ននេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)