ឯកឧត្តម កែ គឹមយ៉ាន បានអះអាងថារយៈពេល២០ឆ្នាំនៃសន្តិភាពរបស់កម្ពុជា បានផ្តល់ឱកាសគ្រប់គ្រាន់ដល់យុវជនសម្រាប់ការសិក្សារៀនសូត្រគ្រប់ៗគ្នា

វិទ្យុជាតិកម្ពុជា៖ដោយ លោក ហុក សុខរិន៖

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអះអាងថា ក្នុងរយៈពេល២០ឆ្នាំនៃសន្តិភាពរបស់កម្ពុជាបានផ្តល់ឱកាសគ្រប់គ្រាន់ដល់យុវជនសម្រាប់ការសិក្សារៀនសូត្រ ដែលក្លាយជាធនធានដ៏សំខាន់សម្បូរបែបសម្រាប់អភិវឌ្ឍន៍កម្ពុជា។


ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមការងារយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែមេសា ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្ត និងជាប្រធានអាជ្ញាធរគ្រឿងញៀនបានឲ្យដឹងថា នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលបានបញ្ចប់សង្គ្រាមទំាងស្រុងក្នុងរយះពេល ជាង២០ឆ្នាំមកនេះ បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ។ឯកឧត្តមបានអះអាងថាសមិទ្ធិផលនៃនយោបាយឈ្នះឈ្នះនេះ បានផ្តល់ឱកាសគ្រប់គ្រាន់ដល់យុវជនសម្រាប់ការសិក្សារៀនសូត្រយកចំណេះដឹងទៅជួយអភិវឌ្ឍន៍គ្រួសារនិងសហគមន៍មូលដ្ឋានឲ្យមានរីកចម្រើនផងដែរ។


ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ មាតាបិតា អាណាព្យាបាល យុវនិស្សិតខេត្តបន្ទាយមានជ័យទាំងអស់ដែលបានជួយជ្រោមជ្រែងទំនុកបម្រុង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សដើម្បីបំពេញសេចក្តីត្រូវការទីផ្សារការងារនិងការរីកចម្រើនរបស់ប្រទេសជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានផ្តល់់ថវិកាសម្រាប់ជួយទ្រទ្រង់មូលនិធិយុវនិស្សិតខេត្តបន្ទាយមានជ័យប្រចាំរាជធានីភ្នំពេញថវិកាសរុបជាប្រាក់ដុល្លាចំនួន៦ម៉ឺន៨ពាន់៥០ដុល្លារនិងប្រាក់រៀលចំនួន៤២លាន៨សែនរៀលដើម្បីសម្រាប់ការដោះស្រាយការលំបាកនានា របស់សមាគម៕