សម្តេចតេជោ ហ៊ុន សែន អញ្ជើញដាក់ឱ្យដំណើរការឡើងវិញស្ពានជ្រោយចង្វារទី១ ក្រោយជួសជុលរួចរាល់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ៉ីដេហ៉ីសា ហូរីណូឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញកាត់ខ្សែបូររួមគ្នាដាក់ឱ្យដំ ណើរការឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអរួចរាល់។


ស្ពានជ្រោយចង្វារទី១ គឺជាស្ពានដើរតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់រាជធានីភ្នំពេញឆ្លងកាត់លើទន្លេសាប ដែលត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ តាមរយៈជំនួយឥតសំ ណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ស្ពាននេះមានប្រវែង ៩៧១ម៉ែត្រ ទទឹង ១៣.៨ម៉ែត្រ។


ស្ពានជ្រោយចង្វារទី១ ដែលបម្រើជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ការធ្វើដំណើរឆ្លងកាត់ទន្លេ សាប ត្រូវបានកាត់ផ្តាច់ក្នុងអំឡុងពេលប្រទេសកម្ពុជាជួបភ្លើងសង្គ្រាម។ អំឡុងនៃពេលដាច់នោះនាំឱ្យប្រជាពលរដ្ឋជួបការលំបាកជាខ្លាំងក្នុងការធ្វើដំណើរដោយត្រូវជិះទូក ជិះកាណូតឆ្លងកាត់ទន្លេដ៏ធំមួយនេះ។
រហូតដល់ឆ្នាំ១៩៩២ ក្នុងពេលប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលស្វះស្វែងរកសុខសន្តិភាព រកការរួបរួមគ្នារវាងខ្មែរ និងខ្មែរពីគ្រប់ភាគីជម្លោះនោះ ស្ពានជ្រោយចង្វារទី១ ក៏ត្រូវបានជួសជុល និងតភ្ជាប់ឡើងវិញដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា – ជប៉ុន ដោយព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។


លុះដល់ចុងឆ្នាំ២០១៧ ដោយសារតែស្ពាននេះមានអាយុកាលកាន់តែច្រើន ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឱ្យមានការជួស ជុលឡើងវិញជាបន្ទាន់។ តាមការគ្រោងទុកស្ពាននេះ នឹងត្រូវបញ្ចប់ការជួសជុលនៅអំឡុងចុងឆ្នាំ ២០១៩ តែដោយសារការប្រឹងប្រែងរបស់ការងារជួសជុលទាំងភាគីជប៉ុន និងកម្ពុជា ដោយធ្វើការទាំងថ្ងៃ ទាំងយប់នោះ ក៏ធ្វើឱ្យការជួសជុលរួច រាល់មុនកាលកំណត់ និងជ្រើសយកថ្ងៃទី០៣ ខែមេសា ដាក់ឱ្យដំណើរការឡើងវិញ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ការជួសជុលស្ពាននេះ បានចំណាយថវិកាប្រមាណជាង ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូស បញ្ជាក់ថា ការជួសជុលស្ពាននេះ គឺមានគុណភាពរឹងមាំល្អប្រសើរក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមវិស្វករជួសជុលរបស់ជប៉ុន និងកម្ពុជា។
បើតាមមន្ត្រីជំនាញរបស់ជប៉ុន បានអះអាងថា ក្រោយពីការជួសជុលរួចរាល់ស្ពានមិត្តភាពកម្ពុជា -ជប៉ុននេះ អាចប្រើបានរយៈពេល ៥០ឆ្នាំទៅមុខបន្ថែមទៀត។