លោកជំទាវ ម៉ែន សំអន៖ នៅកម្ពុជា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែប្រជាពលរដ្ឋ មានសិទ្ធិ និងសេរីភាពប្រតិបត្តិសាសនាផ្សេងទៀតដោយគ្មានការរើសអើងអ្វីឡើយ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ — លោកជំទាវកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន បានជម្រាបជូនគណៈប្រតិភូសាសនា វៀតណាមថា នៅកម្ពុជា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែប្រជាពលរដ្ឋមានសិទ្ធិ និងសេរីភាពប្រតិបត្តិសាសនាផ្សេងទៀត ដោយគ្មានការរើសអើងអ្វីឡើយ។

លោកជំទាវបានបញ្ជាក់បែបនេះ ខណៈលោកជំទាវទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មាធិការសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម វុ ចៀនថាំង ប្រធានគណៈកម្មាធិការសាសនា រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា កម្ពុជាមិនដែលមានសង្គ្រាមសាសនាឡើយ សាសនិកទាំងអស់អាចរស់នៅ ជាមួយគ្នាក្នុងសហគមន៍ និងសហការគ្នាប្រកបដោយសុខដុមរមនា។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រាប់អ្នកយកព័ត៌មាន នៅក្រោយជំនួបនេះ កាលពីព្រឹកថ្ងៃទី០២ ខែមេសា នៅទីស្តីការក្រសួង។

ឯកឧត្តម ណុប ចាន់ណារិន្ទ បានឱ្យដឹងទៀតថា គណៈប្រតិភូនេះ ដឹកនាំដោយ ឯកឧត្តម វុ ចៀនថាំង ប្រធានគណៈកម្មាធិការសាសនា រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គម និយមវៀតណាម។ គណៈប្រតិភូ ដែលបានមកកម្ពុជានាពេលនេះថា មានគោលបំណង សំខាន់ គឺដើម្បីសុំកិច្ចសហការពីរាជរដ្ឋាភិបាលកម្ពុជា លើវិស័យសាសនានៃប្រទេសទាំង២ ហើយម្យ៉ាងទៀតនៅពេលខាងមុខវៀតណាម នឹងមានរៀបចំពិធីបុណ្យវិសាខបូជាដ៏ធំមួយ ដោយមាន សាសនិកជនមកពីជាង១០០ប្រទេសនៅលើពិភពលោកចូលរួម ក្នុងនោះក៏សុំឱ្យ មានការចូលរួមពីកម្ពុជាផងដែរ។ ក្នុងពេលស្នាក់នៅប្រទេសកម្ពុជា គណៈប្រតិភូ បានចូលក្រាបបង្គុំថ្វាយសម្តេច សង្ឃរាជ ប៊ូ គ្រី និងឯកឧត្តម ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា ស្តីពីទំនាក់ទំនងលើវិស័យសាសនា ដើម្បីសហការអនុវត្ត ដែលមានលក្ខណៈជាពហុគំនិត ។

ឯកឧត្តម វុ ចៀនថាំង បានចាប់អារម្មណ៍ពីភាពរីកចម្រើននៅកម្ពុជា ពិសេសនៅក្នុង រាជធានីភ្នំពេញ ដែលឃើញមានសំណង់អគារខ្ពស់ៗរួម នឹងសំណង់អគារចាស់ៗមួយចំនួន កំពុងមានការអភិរក្សនិងមានប្រព័ន្ធគមនាគមន៍ ខ្វាត់ខ្វែងគួរឱ្យកត់សម្គាល់ ដែលកត្តាទាំងនេះបញ្ជាក់បានថា កម្ពុជាមានការអភិវឌ្ឍខ្លាំង បន្ទាប់ពីប្រទេសនេះទទួល បានសុខសន្តិភាពពេញលេញ។

លោកជំទាវ ម៉ែន សំអន ក្នុងនាមតំណាង សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចផ្ញើ ជូនគណៈប្រតិភូប្រកបដោយក្តីនឹករលឹក ក្នុងនោះលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានជម្រាបជូន ពីសកម្មភាពមមារញឹករបស់សម្តេច ដែលកំពុងចុះជួបជាមួយប្រជាជន កម្មករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងការជួបជុំសាសនិកជនគ្រប់សាសនា នៅតាមកម្មវិធីចុះ ពិនិត្យវឌ្ឍនភាពនិងសម្ពោធសមិទ្ធផលថ្មីៗ នៅទូទាំងប្រទេសស្របពេលដែល ប្រជាជនកម្ពុជាកំពុងត្រៀមអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដ៏ឆាប់ៗខាងមុខនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបន្ដអនុវត្ដន៍ យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ដោយអាទិភាពទី១ គឺវិស័យធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវ ទឹក និងភ្លើង។ ក្នុងនោះដែរ ទំនាក់ទំនងរវាង កម្ពុជា-វៀតណាម ក៏ត្រូវបានបង្កើននូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំទ្វេឡើង ពិសេសការខិតខំរួមគ្នា ក្នុងជំរុញកំណើន នៃទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរឱ្យកាន់ខែខ្ពស់ថែមទៀត។ ជាមួយគ្នានេះដែរ មេដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានសន្យារួមគ្នាថា នឹងខិតខំជំរុញ ធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក្លាយជាតំបន់ព្រំដែន ប្រកបដោយសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរទំនិញ ពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើរឆ្លងដែនទៅមករបស់ប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរ ដោយគ្មានការភ័យខ្លាច៕

ដោយ សួស សំរិត