ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា កម្ពុជាបានទទួលជោគជ័យធំៗចំនួន២ បន្ទាប់ពីដាក់ឲ្យអនុវត្តនូវនយោបាយឈ្នះឈ្នះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកស្រី ធីណា ឌីណេ

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែនបានអះអាងថា កម្ពុជាទទួលបានជោគជ័យធំៗចំនួន២ បន្ទាប់ពីដាក់ឲ្យអនុវត្ត​នយោបាយ​ឈ្នះឈ្នះរបស់សម្តេចតេជោ ដែលបានធ្វើឲ្យកម្ពុជាបានបញ្ចប់សង្គ្រាមផ្ទៃក្នុងបានទំាងស្រុងកាលពីឆ្នាំ១៩៩៨មក ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ឲ្យដឹងថា ជោគជ័យនៃយុទ្ធសាស្ត្រទំាង២នេះគឺទី១យុទ្ធសាស្រ្ត ប្រែក្លាយ​តំបន់អតីតសមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍ នឹងយុទ្ធសាស្រ្តទី២ គឺការប្រែក្លាយតំបន់ព្រំដែន ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព​និងកិច្ចសហប្រតិបត្តិការ។

សម្តេចតេជោបានឲ្យដឹងទៀតថា ខេត្តកំពត គឺជាខេត្តមួយ នៅក្នុងចំណោមខេត្ត ដែលរលត់ភ្លើងសង្គ្រាមស្ទើរតែនៅក្រោយគេ ហើយស្មើគ្នាទៅនឹងតំបន់ប៉ៃលិន មាឡៃ ភ្នំព្រឹក តាសែនសំឡូតដែលរលត់សង្គ្រាមនៅឆ្នាំ១៩៩៦ តាមរយៈការធ្វើសមាហរណកម្មចុងក្រោយ នៅតាកែនកោះស្លាបន្ទាប់ពីធ្វើសមាហរណកម្មនៅតំបន់ភ្នំវលិ៍និងភ្នំរ៉ូង ប៉ុន្តែសង្គ្រាមវានៅតែបន្តដោយសារតែខ្មែរក្រហមនៅតែលាក់ខ្លួននៅពេញព្រៃ។
សម្តេចតេជោបន្តថា បន្ទាប់ពីជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះដែលចាប់ផ្ដើមពីឆ្នាំ១៩៩៦ នឹងបានបញ្ចប់ចុងឆ្នាំ ១៩៩៨ ដោយមកដល់ពេលនេះ មានរយៈពេលជាង២០ឆ្នាំហើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបាបបញ្ជាក់បន្ថែមទៀតថា ក្រោយពីបញ្ចប់សង្រ្គាមនៅខេត្តកំពតសព្វថ្ងៃនេះ ប្រជាពលរដ្ឋបានប្រើប្រាស់ដីធ្លីទាំងឡាយដើម្បីធ្វើការដាំដុះទៅជាទីផ្សារលក់ដូរ និងប្រើប្រាស់ដីធ្លីទាំងឡាយ ដែលជាតំបន់អតីតសមរភូមិ ឲ្យក្លាយទៅជាសណ្ឋាគារ ឬក្លាយជារមណីយដ្ឋានទេសចរណ៍រួចស្រេចទៅហើយ និងបន្តជំរុញ នូវការធ្វើពាណិជ្ជកម្មរវាងជាមួយនិងប្រទេសជិតខាងនូវសន្តិភាពមិត្តភាពនិងសហប្រតិបត្តិការការអភិវឌ្ឍ ដើម្បីបើកច្រកថ្មីៗបន្ថែមទៀត និងជំរុញឲ្យមានទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសជិតខាង។ សម្តេចតេជោបន្ថែមថា ប្រទេសជាតិមួយដែលដាក់ស្ថានភាពផ្ទៃក្នុងនៅក្នុងសុខសន្តិភាពនិងទំនាក់ទំនងជិតខាងល្អជាមួយប្រទេសដែលមានព្រំដែនជាប់ជាមួយគ្នានៅក្នុងយុទ្ធសាស្រ្តទី២ ដោយប្រែក្លាយតំបន់អតីតសមរភូមិដែលមានការប្រយុទ្ធស៊ីសាច់ហុតឈាមរវាងគ្នានិងគ្នា ប្រែក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍតាមវិស័យកសិកម្មទាំងវិស័យឧស្សាហកម្មនិងទាំងវិស័យសេវាកម្ម។

សំឡេង៖ «ខ្ញុំបានដាក់ចេញនូវយុទ្ធសាស្រ្ត២យ៉ាដោយយុទ្ធសាស្ត្រទី ១ គឺការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍និងជាទីផ្សារនិងយុទ្ធសាស្ត្រទី ២ គឺការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍហើយឥឡូវនេះយើងបានពិនិត្យអំពីគោលដៅទាំងពីរនេះដែលយើងទទួលបានជោគជ័យនៅក្នុងការសម្រេចបានមិនតិចជាង៩០ភាគរយ ដែលយើងបានប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ប៉ុន្តែតើ១០ភាគរយទៀតវាយ៉ាងម៉េច។ ដោយ១០ភាគរយនេះគឺជាតំបន់ដែលយើងកំពុងតែដោះស្រាយបញ្ហាដែលមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅមិនទាន់បានស្ដាររួចរាល់នៅឡើយខណៈតំបន់ទាំងនោះមិនទាន់បានផ្ដល់ការអនុវត្តឲ្យប្រជាពលរដ្ឋផ្សងព្រេងជាមួយគ្រោះថ្នាក់ជាមួយគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនោះទេ»៕