បង្គន់អនាម័យសាធារណៈនៅសួនច្បារឆ្នេរឯករាជ្យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

AKP ព្រះសីហនុ​ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ — បង្គន់អនាម័យសាធារណៈចំនួន១៧បន្ទប់ នៅសួនច្បារឆ្នេរឯករាជ្យ ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនសោភណភាពទីក្រុង ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមជំនួយរបស់សមាគមបង្គន់ អនាម័យ ពិភពលោក ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនសោភណភាព ទីក្រុងទេសចរណ៍។ ពិធីសម្ពោធនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ខ្យូវុន​ គឹម​ (Kyowon Kim) នាយក​ការិយាល័យ​បរិស្ថាន​ទីក្រុងស៊ូវុន នៃសាធារណៈរដ្ឋកូរ៉េ និងអ្នក​ស្រី សួន យួននិគី ​គឹម (Sungyeon Nikki kim)​ នាយក​ផ្នែក​សហប្រតិបត្តិការ​អន្តរជាតិ​ នៃសមាគម WTA ព្រមទាំងមានការ​ចូលរួម​ពី​សំណាក់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង សិស្សានុសិស្ស​។

លោក​ ឈិន សេងងួន អភិបាល​រងខេត្តព្រះសីហនុ ថ្លែងអំណរគុណលោក ខ្យូវុន​ គឹម​ (Kyowon Kim) នាយកការិយាល័យបរិស្ថានទីក្រុង ស៊ូវុន នៃសាធារណៈរដ្ឋកូរ៉េ និងអ្នក​ស្រីសួនយួន ​និគី​ ​គឹម (Sungyeon Nikki kim)​ នាយក​ផ្នែក​សហប្រតិបត្តិការអន្តរជាតិ នៃសមាគម WTA ដែលបានផ្តល់ជំនួយឧបត្ថម្ភក្នុងការកសាងសង់បង្គន់អនាម័យសាធា រណៈក្នុងក្រុងព្រះសីហនុនាពេលនេះ ដើម្បីជួយកែលម្អសោភណភាពបរិស្ថាន អនាម័យរបស់ក្រុងទេសចរណ៍។ លោកសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជា នឹងចូលរួមថែរក្សា ការប្រើប្រាស់បង្គន់អានាម័យនេះប្រកបដោយបរិស្ថាន ។

លោក ខ្យូវុន គឹម (Kyowon Kim)  បានថ្លែងអំណរគុណខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ផ្តល់កិច្ចសហប្រតិបត្តិការល្អ ក្នុងការកសាងបង្គន់អនាម័យសាធារណៈ និងបានសហការយ៉ាងជិតស្និទ្ធផ្តល់ទីតាំង និងមូលនិធិបដិភាគសម្រាប់ធ្វើការសាង សង់បង្គន់អនាម័យសាធារណៈរហូតឈានដល់រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសដ៏មហោឡារិកក្នុងពេលនេះ។

លោកបន្តថា កម្ពុជា  និងសាធារណៈកូរ៉េ​ កន្លងមក និងក្រុមស៊ូវុនព្រមទាំងសមាគមបង្គន់អនាម័យពិភពលោក បានទទួលការសហការគ្នាយ៉ាងជិតស្និទ្ធ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ភាគីកម្ពុជា រួមជាមួយអាជ្ញាធរខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តសៀមរាប ហើយមានក្រុមចំនួន៦៦ ដែលបាន និងបន្តសាងសង់បង្គន់ សាធារណៈជាមួយគ្នានេះដែរ ក្រុមស៊ូវុនបានបង្កើតភូមិមិត្តភាព ស៊ូវុននៅខេត្តសៀមរាប នៅអំឡុងឆ្នាំ២០០៤ ហើយបានជួយសាងសង់អនុវិទ្យាល័យ និងវិទ្យាល័យស៊ូវុនផងដែរ។ លើសពីនេះយើងក៏បានបន្តជំរុញការផ្លាស់ប្ដូរវប្បធម៌ និងរដ្ឋបាលតាមរយៈការធ្វើ ទស្សនកិច្ចផ្លាស់ប្ដូរប្រតិភូគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា គម្រោងសាងសង់បង្គន់អនាម័យសាធារណៈត្រូវបានដាក់ពាក្យ ដោយរដ្ឋបាលខេត្ត តាមរយៈក្រសួងទេសចរណ៍ស្នើសុំជំនួយថវិកាគាំទ្រពីសមាគមបង្គន់ ពិភពលោក។ បង្គន់អនាម័យសាធារណៈនេះត្រូវបានចាប់ផ្ដើមសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ និងសាងសង់ឱ្យរួចរាល់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ចំណាយអស់ទឹកប្រាក់សរុប ៤ម៉ឺនដុល្លារអាម៉េរិក​ ក្នុងនោះថវិកាចំនួន ៣៥.០០០ដុល្លារអាម៉េរិក ទទួលពីសាលាក្រុងស៊ូវុន និងសមាគមបង្គន់ពិភពលោក និង៥.០០០ដុល្លារជាថវិកាបដិភាគរបស់សាលាខេត្តព្រះសីហនុ៕

ដោយ ងូ សុមុនី