​សម្ដេចតេជោ ហ៊ុន សែន អះអាងថា ខេត្តកំពតជាខេត្តដែលមានសក្ដានុពល ទេសចរណ៍ និងកំពង់ផែសមុទ្រនាពេលខាងមុខ

AKP កំពត ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអះ​អា​ងថា ​ ខេត្តកំពត ជា​ខេត្ត​ដែល​សក្តានុពល​អភិវឌ្ឍ​ន៍​ទេសចរណ៍ និង​​កំពង់ផែ​​សមុទ្រ នាពេ​ល​ខា​ងមុខ ដោយសារ​ខេត្ត​នេះ បច្ចុប្បន្ន​កំពុង​ទាក់ទាញ​ឱ្យមាន​ការវិនិយោគកាន់តែច្រើន​ ក្នុង​ប៉ុ​ន្មា​ន​ឆ្នាំ​ចុង​ក្រោយនេះ តាមរយៈ​ការរីកចម្រើន​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​គួរឱ្យកត់សម្គាល់។ ក្នុងខណៈអញ្ជើញសម្ពោធដាក់​ឱ្យ​ប្រើ​ប្រា​ស់ជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅ ទីរួម​ខេ​​ត្ត​កំពត​ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃប្រមាណ ២៧​លានដុល្លារសហរដ្ឋអាមេរិក ជាមួយ ឯកឧត្ដម  Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូជប៉ុន ប្រ​ចាំ​​កម្ពុជា នាព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃ​០​២​ ខែមេសា ឆ្នាំ២០១៩ នៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្ត​កំ​ព​ត សម្ដេ​ចតេ​ជោ​មា​ន​ប្រសាសន៍ថា ​ ការ​កើត​មាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅក្នុង​ខេត្ត​កំពត ដែល​កើតចេញ​ពី​ជំ​នួ​យ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​នាពេល​នេះ ជា​ការរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការលើ​ក​​​កម្ព​ស់​​សុខុ​មាល​ភាព​របស់​ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម ជា​ពិសេស​ក៏​ជា​ការ​ទា​ក់​ទាញ​ឱ្យមាន​ការវិនិយោគ កាន់តែ​ច្រើន​បន្ថែម​ទៀត​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​មួយ​នេះ​ផង​ដែរ​។ ​

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​រម្លឹក​ពី​ខេត្ត​កំពត​ផងដែរ​ថា ពី​អតីតកាល​កំពត​ក៏​ជា​ខេត្ត​មួ​យ​ដែល​ធ្លាប់​ទទួលរង​ដោយ​ភ្លើងសង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ និងជា​សមរភូមិ​ក្តៅ ដែល​ពីមុន​មិន​មាន​អ្នក​ណា​​ហ៊ាន​មក​នោះ​ទេ ក៏​ប៉ុន្តែ​ក្រោយពី​កម្ពុជា​បាន​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​មក គឺ​បាន​នាំ​មក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ ដែល​ពេលនោះ​ហើយ​សម្តេច​តេជោ​បានដាក់ចេ​ញ​នូវ​យុទ្ធ​សាស្ត្រ​២​សំខាន់ៗ គឺ​ទី​១​.គឺ​ការ​ប្រែក្លាយ​តំបន់ ដែល​ជា​សមរភូមិ​ក្តៅ​ទាំងអស់​ឱ្យទៅជា​តំ​ប​ន់​​​ដែល​មាន​សន្តិភាព តំបន់​ទីផ្សារ និង​តំបន់​ដែល​មាន​អភិវឌ្ឍន៍ និង​យុទ្ធសាស្ត្រ​ និងទី​២​.គឺ​ការ​ប្រែក្លា​យ​​តំបន់​ព្រំដែន​នៃ​ប្រទេស​ជិតខាង​ឱ្យ​ទៅជា​ព្រំដែន​ដែល​សន្តិភាព មិត្តភាព ​កិច្ចសហ​ប្រតិ​បត្តិ​ការ និងការអភិវឌ្ឍ។

សម្ដេចបានលើកឡើផងដែរថា ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខេត្ត​កំពត​មាន​ការប្រែប្រួល​រីកចម្រើន​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​គួរ​ឱ្យ​កត់​​សម្គាល់ និង​កំណើន​នៃ​ការ​អភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​។ ខេត្ត​កំពត​នឹង​មាន​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ក្នុង​ការបម្រើលើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងការ​ដឹកទំនិញ​ផលិតផល​កម្ពុជា ទៅកាន់​ទៅ​ផ្សារ​​​បរទេស​ផងដែរ​។ ទាក់ទង​ទៅនឹង​ការសាងសង់​ទំនប់​បង្ហៀរ​នៃ​វា​រី​អគ្គិសនី​កំចាយ​ក្នុង​ខេត្ត​កំ​ពត​នេះ ដើម្បី​ការពារ​កុំឱ្យ​ទឹកប្រៃ​ចូល​​មក​ដល់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ ដែល​កន្លងមក​សម្តេច​តេជោ​បានស្នើឱ្យក្រសួង​ពាក់ព័​ន្ធ​ធ្វើការ​ពិភាក្សា​គ្នា រួម​មាន​ក្រសួង​ឧស្សាហកម្ម សិប្ប​ក​ម្ម​ ក្រសួង​បរិស្ថាន និង​ក្រសួង​ធនធានទឹក ហើយដែលក្នុងនោះគឺ​ទី​១. សម្តេច​តេជោ  បាន​ស​ម្រេ​ច​​ឱ្យក្រសួង​ធនធានទឹក​សាងសង់​ទំនប់​បង្ហៀរ​នេះ ​ដើម្បី​បញ្ចៀស​ការហូរចូល​នៃ​ទឹកប្រៃ​ដ​ល់​​​កា​​រ​ប្រើ​ប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​នេះ​ និង​ទី​២. ​ត្រូវ​បន្ត​ទាក់ទាញ​ជាមួយ​ដៃគូវិនិ​យោ​​គ ពិសេសវិស័យឯកជន ដើម្បីតបណ្ដាញ​​ផ្គត់ផ្គង់​​ទឹក​ស្អាតបន្ថែមទៀត​​ក្នុង​ខេត្ត​កំពត​ ខេ​ត្ត​កែ​ប និងខេត្តព្រះសីហនុ ដើម្បី​បម្រើសេចក្តីត្រូវការផ្នែកទឹកស្អាត​របស់​ប្រជាពលរដ្ឋ​យើង​៕

ដោយ ជឹម ណារី​