ឯកឧត្ដម ឃួង ស្រេង និងមន្ត្រីជំនាញ ចុះពិនិត្យស្ពានជ្រោយចង្វារ មុននឹងដាក់សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០៣ ខែមេសាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ — គម្រោងកែលម្អស្ពានជ្រោយចង្វារចាស់មិត្តភាពកម្ពុជា-ជប៉ុន មកដល់ពេលនេះស្ថាប នា​សម្រេចបាន១០០ភាគរយហើយ ហើយនឹងបើកសម្ពោធជាផ្លូវនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ខាងមុខ  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅរសៀលថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ ក្រោមឱវាទបានចុះពិនិត្យស្ពានជ្រោយចង្វារចាស់ដែលទើបជួសជុលរួច ដែលជាជំនួយឥត សំណងរបស់រដ្ឋាភិបាលជប៉ុន។ ក្នុងឱកាសនៃការចុះពិនិត្យនោះផងដែរ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំឱ្យមន្ត្រី និងអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការក្រុងបានបញ្ជាក់ថា ស្ពានជ្រោយចង្វារ ចាស់មិត្តភាពកម្ពុជា-ជប៉ុន គ្រោងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៣ ខែមេសាខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។ ក្រុមការងារជំនាញទាំង ជប៉ុននិងកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុង ការសម្រុកការជួសជុលគម្រោងកែលម្អស្ពានជ្រោយចង្វារចាស់ទំាងយប់ទាំងថ្ងៃ ដើម្បីឱ្យ ហើយមុនផែនការ ដែលបង្កលក្ខណៈងាយ ស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈស្ពានជ្រោយចង្វារថ្មីមានចរាចរណ៍មមាញឹកខ្លំាងប្រឈមការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ពិសេសការសម្រួលចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរដែលប្រជាពលរដ្ឋ ធ្វើចរាចរណ៍ចេញទៅស្រុកកំណើតមិនប្រឈមការកកស្ទះ។

លោកបន្តថា តាមបច្ចេកទេសនេះគម្រោងកែលម្អស្ពាននេះ បានសាងសង់ទម្រស្ពានថ្មី ជួសជុលផ្នែកកណ្តាលស្ពានឆ្លងកាត់ទន្លេ និងកែលម្អគល់ស្ពានទាំងសងខាង។ ស្ពាននេះមាន ប្រវែង៧០៩ម៉ែត្រ ឆ្លងកាត់ទន្លេសាបត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៦៣ ប៉ុន្តែដោយ សារសង្គ្រាម ស៊ីវិលក្នុងអំឡុងទស្សវត្សរ៍ទី៧០ស្ពាននេះត្រូវបាន ទទួលរងការខូចខាត ទាំងស្រុង ហើយរហូតដល់ឆ្នាំ១៩៩២ ទើបជួសជុលស្តារឡើងវិញ។

សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានជ្រោយចង្វារចាស់មិត្តភាពកម្ពុជា-ជប៉ុនឡើង វិញនេះ ប្រើរយៈពេល ២២ខែ ដោយត្រូវចំណាយថវិកាជាង៣០លានដុល្លារ ដែលជាជំនួយ ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕

ដោយ សួស សំរិត