អភិបាលខេត្តកំពង់ចាមសំណូមពរដល់ដល់ប្រជាពលរដ្ឋអោយប្រុងប្រយត្ន័ចំពោះអគ្គិភ័យ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

អភិបាលខេត្តកំពង់ចាមបាន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការតាមដានមើលចំពោះអគ្គិសនី ដែលបានប្រើប្រាស់ហើយ ត្រូវបិទអោយបានត្រឹមត្រូវបើពុំនោះទេ វាអាចទុស្សេ បង្កជាគ្រោះអគ្គិភ័យ ដែលអាចបណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិនិងអាយុជីវិតទៀតផង។


ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្នប់ ចំនួន ៤០ អណ្តូង ធ្វើឡើងស្ថិតនៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរកាលពីថ្ងៃទី២ ខែមេសាឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការសហការ ជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណា កុំឲ្យមានករណីគ្រោះ អគ្គិភ័យ កើតឡើង ជាពិសេស នារដូវក្ដៅនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា ចំពោះរាល់ដើមហេតុទាំងឡាយ ដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ ដូចជាភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងដុតសំរាម ភ្លើងកម្ទេចបារី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេងៗទៀត ដែលងាយឆេះ និងងាយផ្ទុះឆេះជាដើម។
ឯកឧត្តមគួច ចំរើន ក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ផ្នែក គ្រប់ថ្នាក់ គ្រប់ជំនាញ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យជាប់ជាប្រចាំអំពីបញ្ហាទឹកប្រើ ប្រាស់និងស្រោចស្រព ជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការប្រើ ប្រាស់គ្រប់គ្រាន់ នារដូវប្រាំងនេះផងដែរ៕