កម្ពុជាចង់ស្វែងយល់ការងារគ្រប់គ្រងសន្ដិសុខសណ្តាប់ធ្នាប់នៅកូរ៉េ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ជួន បូណា ៖​

រាជរដ្ឋាភិបាលកម្ពុជា ចង់ស្វែងយល់ ការងារគ្រប់គ្រងសន្ដិសុខសណ្តាប់ធ្នាប់នៅកូរ៉េបន្ថែមទៀត ដើម្បីទទួលបានគន្លឹះសំខាន់ៗសម្រាប់ការបណ្ដុះបណ្ដាលនគរបាលកម្ពុជាឲ្យកាន់តែមានជំនាញថ្មីៗបន្ថែមទៀត។


ក្នុងឱកាសអនុញ្ញាតអោយ ឯក ឧត្តម អូ ណាក់យ៉ុង ( Oh Nay-young ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួសមនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោមទៅកាន់សាធារណរដ្ឋកូរ៉េនាពេលខាងមុខនេះ គឺមានគោលដៅធំៗចំនួន២ ដោយទី១ស្វែងយល់ ការងារគ្រប់គ្រង សន្ដិសុខសណ្ដាប់ធ្នាប់ក្នុងប្រទេសកូរ៉េ ជាពិសេសទៅលើការងារប្រយុទ្ធប្រឆាំងការធ្វើភាវរកម្ម ឧក្រិត្ដកម្មឆ្លងដែន ការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ និងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដែលបញ្ហាទាំងនេះ គឺវាស្របទៅនឹងបរិបទលើសកលលោក។
ចំណែកគោលដៅទី២វិញសម្ដេចក្រឡាហោម ចង់ស្វែងយល់អំពីការងារគ្រប់គ្រងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់សាធារណៈរដ្ឋកូរ៉េ សម្រាប់ធ្វើយ៉ាងណាដើម្បីផ្ដល់សេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ។
ជាការឆ្លើយតប ឯក ឧត្តម អូ ណាក់យ៉ុង ( Oh Nay-young ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានមានប្រសាសន៍ថា ស្ថានទូតកូរ៉េប្រចាំកម្ពុជា នឹងជួយធ្វើការសម្របសម្រួលនៃគម្រោងរបស់សម្ដេចក្រឡាហោម ស ខេង អញ្ចើញទៅធ្វើទស្សនកិច្ចនៅសាធារណៈរដ្ឋកូរ៉េ ឲ្យកាន់តែទទួលបានជោគជ័យតាមការគ្រោងទុកសម្រាប់ការអភិវឌ្ឍកម្ពុជា។
ឯក ឧត្តម អូ ណាក់យ៉ុង បានវាយតម្លៃខ្ពស់ចំពោះការងារគ្រប់គ្រងសណ្ដាប់ធ្នាប់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈរបស់នគរបាលកម្ពុជា គឺមានភាពល្អប្រសើរផងដែរ៕